ខេត្តសៀមរាប : ដើម្បីសិរីសួស្តីក្នុងឆ្នាំថ្មីរបស់រដ្ឋបាលខេត្តសៀមរាប
នាចុងសប្តាហ៍ព្រឹកថ្ងៃសៅរិ៍ ទី៣០ ខែ មេសា ឆ្នាំ២០២២ ត្រូវនឹងថ្ងៃ ១៤រោច ខែ ចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ នៅរដ្ឋបាលសាលាខេត្តសៀមរាប បាននិមន្តព្រះសង្ឃ សូត្រមន្តប្រោះព្រហ្ម ចម្រើនព្រះបរិត្តលើករាសី និងវេរភ័ត្តប្រគេនព្រះសង្ឃ ដើម្បីសិរីសួស្តីក្នុងឆ្នាំថ្មី
ក្នុងគោលបំណងសុំនៅពរជ័យ សិរីសួស្តីគ្រប់ប្រការពីទេវតាឆ្នាំថ្មីនេះ នឹង សុំជួយដល់ឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អស់លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ ស្ថាប័ន អង្គភាព មន្ត្រីរាជការរដ្ឋបាលសាលាខេត្តសៀមរាប អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ និង ប្រជាពលរដ្ឋខេត្តសៀមរាប ឲ្យបានជួបតែសេចក្តីសុខចម្រើន ទទួលបានជោគជ័យ បន្ថែមទៀតនៅគ្រប់ភារកិច្ចរបស់ខ្លួនឆ្នាំ២០២២នេះ ។
ក្នុងពិធីសូត្រមន្ត ប្រោះព្រហ្មចម្រើនព្រះបរិត្តនិងវេរភ័ត្តប្រគេនព្រះសង្ឃដើម្បីសិរីសួស្តីក្នុងឆ្នាំថ្មីនេះ ដោយបានប្រគេនចង្ហាន់និងទេយ្យទានដល់ព្រះសង្ឃចំនួន៩អង្គ ទៅតាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា ដើម្បីឧទ្ទិសកុសលផលបុណ្យ ដល់បុព្វបុរសអ្នកស្នេហាជាតិគ្រប់ជំនាន់ ដែលបានលះបង់អាយុជីវិតដើម្បីជាតិមាតុភូមិ ។ ពិធីនេះដែរ បានប្រព្រឺត្តទៅក្រោមវត្តមានរបស់ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត និង លោកជំទាវ ឯកឧត្តម លោកជំទាវជាសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ស្នងការ មេបញ្ជាការកងកម្លាំងប្រដាប់អាវុធ និង ថ្នាក់ដឹកនាំ មន្ត្រីរាជការជុំវិញខេត្ត និងដូនជីតាជីមួយចំនួន បានធ្វើពិធីបួងសួង និង សូមពរជ័យសិរីមង្គលពីទេវត្តាឆ្នាំថ្មី ក្នុងការប្រកបការងារជូនជាតិមាតុភូមិ ឲ្យមានការអភិវឌ្ឍន៍ រីកចម្រើនលើគ្រប់វិស័យនាឆ្នាំថ្មីនេះ ។
ក្នុងពិធីសូត្រមន្ត ប្រោះព្រហ្មចម្រើនព្រះបរិត្តលើករាសី ទទួលអំណរសាទរទេវតាឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ដែលបានប្រព្រឹត្តទៅតាមគន្លង ប្រពៃណីព្រះពុទ្ធសាសនា នៃកម្មវិធីបៀបវារៈររបស់លោក អាចារ្យ ដោយបានធ្វើពិធីបូជាទៀនធូប ថ្វាយផ្កាភ្ញី ដល់ព្រះពុទ្ឋរូប សុំពរជ័យ សិរីមង្គលសព្វសាធុការពរជ័យគ្រប់ប្រការ ជូនចំពោះថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់ ព្រមទាំងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តសូមឲ្យជួបតែសេចក្តីសុខសប្បាយ និង សូមឲ្យព្រះបារមីដែលបានគង់ប្រថាប់នៅលើទឹកដីប្រវត្តិសាស្ត្រសៀមរាប ក៏ដូចនូវទូទាំងកម្ពុជារដ្ឋ ដែលមានបារមីព្រះអង្គចេកព្រះអង្គចម លោកយាយទេព តាដំបងដែក
និងបារមីលោកតារាជ្យ លោកតាពេជ្រ និងបារមីអរុក្សអារក្សអ្នកតាដែលខ្លាំងពូកែថែរក្សានៅតាមប្រាង្គប្រាសាទ អង្គរតូច អង្គរធំ និងតាមប្រាសាទនានា នៅលើទឹកដីអង្គរ ព្រមទាំងបារមីព្រះអង្គតូច ព្រះអង្គរធំខ្នងភ្នំគូលែន តាមជួយថែរក្សាការពារដល់ថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលគ្រប់ជាន់ថ្នាក់ សំខាន់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និង សម្តេចគិត្តិព្រឹទ្ធបណ្ឌិត ដែលជាមហាវរៈបរុសកុលបុត្រខ្មែរដ៏ឆ្នើម ដែលជាស្ថាបនិកប្រតិបត្តិករសន្តិភាព
ក្នុងការដឹកនាំប្រទេសឲ្យមានការអភិវឌ្ឍន៍រីកចម្រើននៅគ្រប់មូលដ្ឋានទទួលបានជោគជ័យនៅឆ្នាំថ្មី ព្រមទាំងបានធ្វើការឧទ្ទិសបួងសួងដល់ទេវតាឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ដែលមានទេវតាព្រះនាម កិរិណីទេវី សូមជួយប្រោះព្រហ្មប្រសិទ្ធិពរជ័យ សិរីមង្គល បវរសួស្តីរ វិបុលសុខគ្រប់ប្រការ ដល់ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការ អ្នកមុខអ្នកការ ស្ថាប័ន អង្គភាពជុំវិញខេត្ត និង ជៀសចាកឲ្យផុតពីរោគាទាំងពូង កុំឲ្យមានកើតនៅកម្ពុជា ក៏ដូចលើពិភពលោកទាំងមូល និង ជួបតែសុខសន្តិភាព ដើមី្បក្នុងកិច្ចអភិវឌ្ឍន៍ប្រទេសជាតិ មានភាពរីកចម្រើន ដូចបណ្តាប្រទេសជឿនលឿននៅលើសកលលោកផងដែរ ៕ លោក ម៉ី សុខារិទ្ធ សហការីខេត្តសៀមរាប







































