កំពង់ធំៈ ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ និងថ្នាក់ដឹកនាំគណៈកម្មាធិការអតីតយុទ្ធជនស្រុកតាំងគោក បានអញ្ជើញចុះប្រគល់ថវិកាបេឡាមរណសង្គ្រោះ៤លានរៀល ជូនក្រុមគ្រួសារសព សៅ ជាង អាយុ៧៦ឆ្នាំ ដែលបានទទួលមរណភាពដោយរោគាពាធ និងឧបត្ថម្ភអំណោយស្បៀងអាហាររបស់ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវពេជ ចន្ទមុន្នី នៅរសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២នៅភូមិកាតាយ ឃុំសូយោង ស្រុកតាំងគោក ខេត្តកំពង់ធំ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសម្តែងនូវការសោកស្ដាយចំពោះការបាត់បង់ជីវិតរបស់បងប្អូនអតីតយុទ្ធជន ដែល ធ្លាប់មានគុណបំណាច់ចំពោះជាតិមាតុភូមិនិងប្រជាជន និងសូមបួងសួងដល់វិញ្ញាណក្ខន្ឋលោក សៅ ជាង សូមបានទៅកាន់សុគតិភព និងបានបញ្ចាក់ពីការខិតខំប្រឹងប្រែង របស់សម្ដេចតេជោ ហ៊ុន សែនប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាននិងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ដោះស្រាយរាល់ការលំបាករបស់បងប្អូនអតីតយុទ្ធជន បែងចែកដីធ្លី ការសាងសង់ផ្ទះសម្បែងជូនបងប្អូនអតីតយុទ្ធជនដែលមានជីវភាពលំបាកខ្វះខាតពិតប្រាកដ។
ឧត្តមសេនីយ៍ទោសោម ស៊ុន បានបញ្ជាក់ថាសម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានការផ្ដួចផ្ដើមឲ្យមានសមាគមអតីតយុទ្ធជនកម្ពុជា ដើម្បីបានថវិកាបេឡាមរណសង្រ្គោះ មកជួយសម្រួលការធ្វើបុណ្យសពឲ្យបានសមរម្យ របស់បងប្អូនអតីតយុទ្ធជន ក្នុងនោះគ្រួសារសពអតីតយុទ្ធជន បានថ្លែងអំណរគុណ សម្ដេចតេជោហ៊ុន សែន ដែលបានបង្កើតឲ្យមានសមាគមអតីតយុទ្ធជនកម្ពុជា នៅគ្រប់លំដាប់ថ្នាក់ ដើម្បីមើលថែទាំសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន និងសូមគោរពជូនពរសម្ដេចតេជោនិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងក្រុមការងារគណៈកម្មាធិការសមាគមអតីតយុទ្ធជនទាំងអស់ ទទួលបានតែសេចក្តីសុខ ជួបតែសំណាងល្អ សម្រេចជោគជ័យក្នុងអណ្ណត្តិនេះផងដែរ។
ដោយ ប៊ុន រដ្ឋា









































