ខេត្តព្រះសីហនុ៖លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ នារសៀលថ្ងៃទី០១ ខែ មិថុនា ឆ្នាំ ២០២២នេះ បានប្រកាសដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្នអាគារតេជោព្យាបាលជំងឺកូវីដ-១៩ ខេត្តព្រះសីហនុ បន្ទាប់ពីបញ្ចប់កាសាងសង់ជាស្ថាពរ។
លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៏ថា ៖ ទោះបីជំងឺកូវីដ១៩ មិន មានឆ្លងថ្មីក៏ដោយ ក៏យើងទាំងអស់គ្នាមិនត្រូវធ្វេសប្រហែសនោះឡើយ។តាមរយៈអគារព្យាបាលជំងឺកូវីដ-១៩ នេះ នឹងជាផ្នែកមួយបន្ថែមទៀតសម្រាប់ជួយពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ។
ទោះបីបងប្អូនប្រជាពល រដ្ឋក្រីក្រ ឬអ្នកមានក៏អាចចូលមកទទួលសេវាសុខាភិបាលព្យាបាលបានដូចគ្នា។ដោយ លោក សង្ឃឹមថាក្រោយ ពីដាក់ ឱ្យដំណើរការអគារតេជោព្យាបាលជំងឺកូវីដ-១៩ ប្រជាពលរដ្ឋខេត្តព្រះសីហនុ នឹងមកទទួលសេវាសុខា ភិបាល នៅមន្ទីរពេទ្យបង្អែកនេះកាន់តែមានមភាពងាយស្រួល។ ជាមួយគ្នានេះ លោក គួច ចំរើន ក៏បានណែនាំក្រុមគ្រូ ពេទ្យត្រូវតែខិតខំជួយពិនិត្យព្យាបាលជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរឱ្យអស់លទ្ធភាព។
សូមបញ្ជាក់ថា ៖អាគារតេជោព្យាបាលជំងឺកូវីដ-១៩ ខេត្តព្រះសីហនុ មានទទឹង៣៣,៤ម៉ែត្រ បណ្តោយ ៩០,៦ម៉ែត្រកម្ពស់ ០១ជាន់ សសរ គ្រឹះធ្វើពីបេតុង អាចដាក់គ្រែសរុប២២៩គ្រែ ក្នុងនោះគ្រែអ្នកជំងឺស្រាល ១៤៣ គ្រែ អ្នកជំងឺធ្ងន់៥៧ គ្រែ និងបន្ទប់សង្រ្គោះបន្ទាន់មាន២៩គ្រែ។ អគារតេជោនេះមានបន្ទប់ធំទូលាយ បំពាក់នូវ ឧបករណ៍ជំនួយដង្ហើមសម្រាប់ ជួយសង្គ្រោះអាយុជីវិតអ្នកជំងឺនិងមានលក្ខណៈទំនើបទាន់សម័យ៕
(ដោយនាគ សមុទ្រ)