តំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុរៀបចំពិធីអបអរសាទរខួបលើកទី១៥ទិវាអតីតយុទ្ធជនកម្ពុជា ឆ្នាំ២០២២

0

ខេត្តព្រះសីហនុ៖ តំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ នាព្រឹក ថ្ងៃទី ២៨​ខែ មិថុនា ឆ្នាំ ២០២២ នេះបានរៀប ចំពិធីអបអរសាទរខួបលើកទី១៥ ទិវាអតីតយុទ្ធជនកម្ពុជា ឆ្នាំ២០២២ក្រោម អធិបតីភាពលោក គួច ចំរើន ប្រធានកិត្តិយសអតីតយុទ្ធជនកម្ពុជា ខេត្តព្រះសីហនុ ។ ដោយពីធីនេះក៏មានការ អញ្ជើញចូលរួម ផងដែរ ពីសំណាក់អតីតយុទ្ធជនមកពីក្រុងព្រះសីហនុ និងស្រុកកំពង់សិលាសរុបចំនួន ១៧០នាក់ ។

លោកឧត្តមសេនីយ៍ត្រី នូវ សំអុល ប្រធានសមាគមន៍អតីតយុទ្ធជនខេត្តព្រះសីហនុ ជាមេបញ្ជាការតំបន់ ប្រតិបត្តិការសឹករងខេត្តព្រះសីហនុបានបញ្ជាក់ថាអតីតយុទ្ធជនខេត្តព្រះសីហនុសរុប ១,៣០៣នាក់ អ្នកនៅក្នុង បន្ទុកចំនួន ១,៨០៩នាក់ ហើយ គណៈ កម្មាធិការសមាគមអតីតយុទ្ធជនខេត្តព្រះសីហនុ បានសាងសង់ផ្ទះ ជូន អតីតយុទ្ធជនមានដី តែគ្មានផ្ទះ ស្នាក់នៅចំនួន ២១ខ្នង ដោយក្នុងនោះក្រុងព្រះសីហនុមាន ៤ខ្នងផ្ទះ រីឯស្រុកព្រៃ នប់មាន១៥ខ្នងផ្ទះនិងស្រុកកំពង់សិលាមាន២ខ្នងផ្ទះ។ក្នុងនោះបានជួបសំណេះសំណាលជាមួយអតីតយុទ្ធជន និងប្រគល់ប័ណ្ណ ប.ស.ស ចំនួន ៨៣២នាក់ និវត្តជនចំនួន ៦៦៣នាក់ ជនបាត់បង់ចំនួន ២០នាក់ ជនពិការចំនួន ២៤៩នាក់ និងប័ណ្ណមូលនិធិសមធម៌សុខាភិបាលជូនគ្រួសារពលីមរណៈភាពបានចំនួន ៣០៨នាក់ ដោយចុះ ផ្តល់ប្រាក់បេឡាមរណសង្គ្រោះដល់សមាជិកទទួលមរណៈភាពចំនួន ២០នាក់ ទឹកប្រាក់សរុប ៨០លានរៀល គិតត្រឹមឆ្នាំ២០២១ ដល់ឆមាសទី១ ឆ្នាំ២០២២។

ជាមួយគ្នានេះលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជន កម្ពុជា ខេត្តព្រះសីហនុ បានមានប្រសាសន៍សំណេះសំណាលជាមួយអតីតយុទ្ធជនកម្ពុជា ខេត្តព្រះសីហនុដោយ បានរម្លឹកដល់គំរូវីរភាពដ៏មោះមុតនិងគុណបំណាច់ដ៏ធំធេងរបស់វីរយុទ្ធជន យុទ្ធនារី នៃកងកម្លាំង ប្រដាប់ អាវុធ និងប្រជាពលរដ្ឋបានពលីកម្មយ៉ាងអង់អាចក្លាហាន បូជាសាច់ ស្រស់ឈាម ស្រស់ ដើម្បីបុព្វហេតុ ជាតិមាតុភូមិ បានរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការពារបូរណភាពទឹកដី ការកសាងសុខ សន្តិភាព និងស្ថិរភាពសង្គមសម្រាប់ ព្រះរាជាណាចក្រកម្ពុជា សំដៅធានាឱ្យមានការអភិវឌ្ឍ សេដ្ឋកិច្ចសង្គម ជាឧត្តមប្រយោជន៍សម្រាប់ជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។

លោក គួច ចំរើន អភិបាលខេត្ត បានបន្តថា រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយ ស្ដីពីការ ផ្ដល់ សម្បទានដីសង្គមកិច្ចដល់អតីតយុទ្ធជននិងគ្រួសារអតីតយុទ្ធជនភូមិអភិវឌ្ឍន៍យោធិនពិការតាកែនកោះស្លា ស្រុកឈូកខេត្តកំពតមណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧ស្រុកគូលែនខេត្តសៀមរាបនិងមណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧ តេជោភ្នំឆ័ត្រ ខេត្តបន្ទាយមានជ័យ ដើម្បីឆ្លើយតបទៅនឹងគុណបំណាច់ដ៏ធំធេង ចំពោះបុព្វហេតុ ជាតិមាតុភូមិរបស់អតីតយុទ្ធជនកម្ពុជាក្នុងឱកាសនោះលោកគួចចំរើនក៏បាននាំយកអំណោយរបស់សម្ដេចតេជោប្រគល់ជូនសមាជិក សមាគមអតីតយុទ្ធជនខេត្តព្រះសីហនុ ចំនួន ១៧០នាក់ ដោយក្នុងម្នាក់ៗទទួលបានអង្ករ ២៥គីឡូក្រាម ត្រីខ ១យួរ ទឹកត្រី ១យួរ មី ១កេស និងថវិកា ៥ម៉ឺនរៀលផងដែរ៕

(ដោយ នាគសមុទ្រ)