ខេត្តព្រះសីហនុ៖គណៈកម្មការរៀបចំការបោះឆ្នោតខេត្តព្រះសីហនុ នាព្រឹក ថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ២០២២នេះ ធ្វើការ បូកសរុបការងារបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ។
លោក តេង វណ្ណឌី បានលើកឡើងថា ដំណើរការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ និងការពិនិត្យបញ្ជីឈ្មោះ និងរចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១ ត្រូវបានអនុវត្តន៍ដោយអនុ លោម តាមរដ្ឋធម្មនុញ្ញ ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ច្បាប់ ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុម ប្រឹក្សាក្រុង ស្រុក ខណ្ឌ បទបញ្ជា និងនីតិវិធី ផែនការមេ និងប្រតិទិនការងារសម្រាប់ការបោះឆ្នោត និងការពិនិត្យ បញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ។
លោកបន្ដថា ជាទូទៅការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ និងការពិ និត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ បានប្រព្រឹត្តទៅក្នុងបរិយាកាសសន្តិភាព ស្ងប់ស្ងាត់ល្អ គ្មានអំពើហិង្សា ការគំរាមកំហែង និងការបំភិតបំភ័យឡើយ។
ក្នុង ឱកាសនោះ លោក គង វិតាណៈ អភិបាលរង ខេត្តព្រះសីហនុក៏បានថ្លែងកោតសរសើរដោយស្មោះ ចំពោះគណៈកម្មការរៀបចំការបោះឆ្នោត និងមន្ត្រីបោះឆ្នោតទាំងអស់ទូទាំងខេត្ត ដែលបានប្រឹងអស់កម្លាំង កាយចិត្តក្នុងការបំពេញភារកិច្ចរបស់ខ្លួន ប្រកបដោយមនសិការទទួលខុសត្រូវខ្ពស់បំផុត ដើម្បីធានាឱ្យគណបក្ស នយោបាយ អង្គការសមាគម និងប្រជាពលរដ្ឋទូទាំងខេត្តទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតឆ្នាំនេះថា ជាការ បោះឆ្នោតប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ និងមានសុវត្ថិភាពខ្ពស់។
លោកក៏បន្តទៀតថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់គឺជាដំណើរការដ៏សំខាន់នៃនយោបា យកំណែទម្រងវិមជ្ឈការនៅថ្នាក់ឃុំ សង្កាត់។ តាមរយៈការបោះឆ្នោតបានបង្កើតឡើងនូវអាជ្ញាធរមូលដ្ឋាន ដែល ទទួលបានការគាំទ្រពីប្រជាពលរដ្ឋ ដើម្បីលើកកម្ពស់គណនេយ្យភាពនៅមូលដ្ឋាន សំដៅរួមចំណែកក្នុងការ កាត់បន្ថយភាពក្រីក្រ និងឆ្ពោះទៅរកការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម របស់ជាតិយើងប្រកបដោយនិរន្តភាព។
សូមបញ្ជាក់ថា ពលរដ្ឋខេត្តព្រះសីហនុ បានអញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ជាលទ្ធផលប្រជាពលរដ្ឋ បានចូលរួមបោះឆ្នោត សរុបចំនួន ១០៩,៨៦៤នាក់ ស្មើនឹង ៨០.៦២% និងប្រជាពលរដ្ឋដែលបានអញ្ជើញទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតមានចំនួន ១៣៦,២៧៥នាក់ ស្មើនឹង ៨៩.៩០% នៃប្រជាពលរដ្ឋគ្រប់អាយុ១៨ឆ្នាំឡើង សរុប ១៥១,៥៨៩នាក់ ដែលប្រការ នេះ បញ្ជាក់ឱ្យឃើញនូវការចាក់គ្រឹះនៃលទ្ធិប្រជាធិបតេយ្យក្នុងសង្គមកម្ពុជា៕(ដោយនាគសមុទ្រ)