ភ្នំពេញ៖ ជនសង្ស័យម្នាក់ជាប់ចោទពីបទរំលោភសេពសន្ថវៈទៅលើកម្មការិនីរោងចក្រកាត់ដេរត្រូវបាននគរបាលខណ្ឌដង្កោដោះលែងឲ្យមានសេរីភាពឡើងវិញ បន្ទាប់ពីឃាត់បានប៉ុន្មានម៉ោងប៉ុណ្ណោះ ដោយសារអ្នកមានមុខមាត់ម្នាក់នៅសាលាខណ្ឌចំការមន ជួយអន្តរាគមន៍នៅក្នុងរឿងនេះ។
ជនសង្ស័យឈ្មោះ រិន សំរិត ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកម្មកររោងចក្រកាត់ដេរ ខេ សា រស់នៅភូមិប្រទះឡាង សង្កាត់ប្រទះឡាង ខណ្ឌដង្កោ ត្រូវបាននគរបាលប៉ុស្តិ៍រដ្ឋបាលប្រទះឡាងឃាត់ខ្លួនកាលពីវេលា ម៉ោង១៦ និង២០នាទី ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៤ នៅចំណុចក្បែរផ្លូវរទេះភ្លើង ភូមិអង្គ សង្កាត់ប្រទះ ឡាង ខណ្ឌដង្កោ រាជធានីភ្នំពេញ ពាក់ព័ន្ធទៅនិងករណីរំលោភសេពសន្ទវៈលើនារីជាកម្មការីរោងចក្រកាត់ដេរម្នាក់ ឈ្មោះ ញឹម សុខជា អាយុ២៦ឆ្នាំ បច្ចុប្បន្នស្នាក់នៅភូមិក្រាំងស្វាយ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ កាលពីវេលាម៉ោង ២៣ និង៣០នាទី យប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៤ ។
មន្ត្រីនគរបាលព្រហ្មខណ្ឌដង្កោប្រាប់ឲ្យដឹងថា កាលពីយប់កើតហេតុនៅក្នុងភូមិប្រទៈ ឡាងមានប្រារព្ធកម្មវិធីបុណ្យដាលៀន ជនសង្ស័យបានទៅបបួលនាងមកចួលរួមកំសាន្តនិង គេ ដោយអ្នកទាំងពីរធ្លាប់ស្រលាញ់គ្នា២ឆ្នាំកន្លងមកហើយ ។ លុះយប់ជ្រៅបន្តិចជនសង្ស័យក៏ឌុបនាងរងគ្រោះត្រឡប់ទៅផ្ទះវិញ ពេលជិះមកដល់ចំណុចកើតហេតុមុខទីស្នាក់គណបក្សសង្កាត់ប្រទះឡាង ពួកគេបានឈប់ម៉ូតូ ហើយជនសង្ស័យក៏ចាប់នារីរងគ្រោះរំលោភនៅលើបង់ក្រោមដើមស្លែងបានសម្រេចតែម្តង។
ប្រភពព័ត៌មានពីមន្ត្រីនគរបាលព្រហ្មខណ្ឌដង្កោប្រាប់បន្តឲ្យដឹងថា ក្រោយពីកើតហេតុ នារីរងគ្រោះបាននិយាយរឿងរ៉ាវនេះប្រាប់ដល់អ៊ុំស្រីរបស់គេឲ្យបានដឹង ទើបដាក់ពាក្យប្តឹងមក កាន់នគរបាលប៉ុស្តិ៍រដ្ឋបាលប្រទះឡាង ចុះឃាត់ខ្លួន ដើម្បីធ្វើការសាកសួរ។ ចំណែកជនសង្ស័យឈ្មោះ រិន សំរិត ក្រោយពីឃាត់ខ្លួនសួរនាំ រូបគេមិនព្រមឆ្លើយសារ ភាពនោះទេ លុះដោយសារមានវត្ថុតាងគ្រប់គ្រាន់ និងយោងតាមសំដីនារីរងគ្រោះផ្ទាល់ ទើបជនសង្ស័យបានឆ្លើយសារភាពការពិតទាំងអស់។
សមត្ថកិច្ចប្រាប់បន្ថែមទៀតថា ជនសង្ស័យខាងលើ ត្រូវបានដោះលែងឲ្យមានសេរី ភាពឡើងវិញនៅវេលាម៉ោង ២៣និង៣០នាទី យប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៤ ពោលគឺឃាត់ខ្លួនបានតែប៉ុន្មានម៉ោងប៉ុណ្ណោះ ដោយមានបទបញ្ជាពីថ្នាក់លើ ដែលគេដឹងថា អ្នកចុះជួយអន្តរាគមន៍ គឺជាអភិបាលរងខណ្ឌចំការមនម្នាក់ ឈ្មោះកែវ សំណាង ។
ពាក់ព័ន្ធទៅនិងការដោះលែងជនសង្ស័យឲ្យសេរីភាពឡើងវិញ គឺដោយមានវត្តមានលោក កែវ សំណាង អភិបាលរងខណ្ឌចំការមនបានចុះមកជួយអន្តរាគមន៍នោះ ទើបជនសង្ស័យខាងលើអាចត្រឡប់ទៅផ្ទះវិញ នេះបើយោងតាមការឲ្យដឹងពីសមត្ថកិច្ច។ ប៉ុន្តែរាល់ការចោទប្រកាន់ទៅលើលោកអភិបាលរងខណ្ឌចំការមននេះ សារព័ត៌មានយើងមិនអាចសុំការបំភ្លឺបានឡើយ ដោយគ្មានលេទទូរស័ព្ទទំនាក់ទំនង នារសៀលថ្ងៃទី២៥កុម្ភៈនេះ៕