ខេត្តស្ទឹងត្រែង៖ អាវភ្លៀងច្រើនម៉ឺនអាវដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និង សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ,សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និង លោកជំទាវ ពេជ ចន្ទមុន្នី ត្រូវបាននាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញនាំយកមកចែកជូន ដល់កងកម្លាំងប្រដាប់អាវុធ នៅទូទាំងយោធភូមិភាគទី១ ។
ពិធីសំណេះសំណាល សួរសុខទុក្ខ និងចែកអាវភ្លៀងនោះ បានធ្វើឡើងនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ នៅក្នុងបរិវេណ នៃបញ្ជាការដ្ឋានយោធភូមិភាគទី១ ខេត្តស្ទឹងត្រែង។ ពិធីនោះទៀត ក៏មានការអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ទោ លី សូរ៉ារិទ្ធ មេបញ្ជាការយោធភូមិភាគទី១ រួមទាំង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រា ផងដែរ។
អាវភ្លៀងច្រើនម៉ឺនអាវ ដែលត្រូវចែកជូន កងកម្លាំងប្រដាប់អាវុធ នៃយោធភូមិភាគទី១ នាពេលនោះ រួមមាន ៖ ទីបញ្ជាការយោធភូមិភាគទី១ ,សាលាពលទាហានទី១ ,កងពលតូចអន្តរាគមន៍លេខ១២៨ ,តំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង ,តំបន់ប្រតិបត្តិការសឹករងរតនគិរី ,តំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរី ,ទីបញ្ជាការនគរបាលប្រចាំទិសយោធភូមិភាគទី១ ,វរៈនគរបាលព្រំដែនគោកលេខ៣០៣ ,វរៈនគរបាលព្រំដែនគោកលេខ៦២១ ,វរៈនគរបាលព្រំដែនគោកលេខ៦២៣ ,វរៈនគរបាលព្រំដែនគោកលេខ២០៣ ,វរៈនគរបាលព្រំដែនគោកលេខ៧០១ ,បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ,បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរី និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ។
មេបញ្ជាការយោធភូមិភាគទី១ ឧត្តមសេនីយ៍ទោ លី សូរ៉ារិទ្ធ បានថ្លែង អំណរគុណជាពន្លឹកចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ,សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលបានយកចិត្តទុកដាក់គិតគូរ ចំពោះសុខទុក្ខ ដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ទូទាំងប្រទេស និងបានធ្វើសេចក្តីរាយការណ៍សង្ខេប អំពីសកម្មភាពអនុត្តន៍ភារកិច្ចការពារបូរណភាពទឹកដី តាមខ្សែបន្ទាត់ព្រំដែន ជាមួយប្រទេសជិតខាង ស្ថិតក្នុងភូមិសាស្ត្រ ដែលអង្គភាពទទួលខុសត្រូវ រក្សាបាននូវស្ថេរភាព សន្តិភាព និងកិច្ចសហប្រត្តិការល្អប្រសើរ ចូលរួមជាមួយកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរដែនដី រក្សាការពារសន្តិសុខ សណ្តាប់សង្គម ជូនប្រជាពលរដ្ឋមូលដ្ឋាន រស់នៅប្រកបដោយភាពសុខសាន្ត ។
ជំនួសមុខឲ្យកងកម្លាំងប្រដាប់អាវុធ ទូទាំងយោធភូមិភាគទី១ ឧត្តមសេនីយ៍ទោ លី សូរ៉ារិទ្ធ បានប្តេជ្ញាចិត្តថា ស្មោះត្រង់ដាច់ខាត ជឿជាក់ លើការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្តេជ្ញាការពារបូរណភាពទឹកដី កាពារសុខសន្តិភាព ការពារជាតិ សាសនា ព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាល ស្របច្បាប់ ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ។
អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានពាំនាំប្រសាសន៍ ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចំពោះកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ទូទាំងយោធភូមិភាគទី១ ដែលជានិច្ចកាល សម្តេចទាំងបី តែងតែយកចិត្តទុកដាក់ គិតគូរ ចំពោះសុខទុក្ខ របស់កងកម្លាំងប្រដាប់អាវុធ ទូទាំងប្រទេស។
នាយឧត្តមសេនីយ៍ វង្ស ពិសេន បានសម្តែង នូវការកោតសរសើរ ចំពោះគំរូវីរភាពដ៏អង់អាចក្លាហានរបស់ កងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានពុះពារឆ្លងកាត់គ្រប់ឧបសគ្គ និងគ្រោះថ្នាក់ បូជាកម្លាំងកាយ កម្លាំងចិត្ត ហ៊ានពលីជីវិត ដើម្បីបុព្វហេតុការពារជាតិ មាតុភូមិ កម្ពុជានៃយើង៕ដោយ៖ឡុង សំបូរ