រដ្ឋបាលខេត្តព្រះសីហនុសម្រេច ដកដីរបស់លោក ឡាវ ម៉េង ឈាងទុកជាសម្បត្តិរដ្ឋ
ខេត្តព្រះសីហនុ៖ លោក ឡាវ ម៉េង ឈាង ដែលគេស្គាល់ថាជាថៅកែគ្រឿងចក្របំរើសេវាកម្ម(ដឹកដី.ឈុសឆាយ) ត្រូវបាន រដ្ឋបាលខេត្តព្រះសីហនុ សម្រេចចេញ(សជណ)លេខ ០៧៣/២២ ចុះថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ ដក់ដី របស់ លោកទំហ៊ំ ចំនួន០៤ ហិកតាស្ថិតនៅភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ទុកជាសម្បត្តិ រដ្ឋវិញ ក្រោយពិនិត្យឃើញថា ដីចំណុចដែល លោក ឡាវ ម៉េង ឈាន កំពង់ គ្រប់គ្រង ធ្វើអាជីវកម្ម ដាំដុះនិង ចិញ្ចឹមត្រី បច្ចុប្បន្ន គឺជាដីព្រៃលិច ទឹក .ដីព្រៃកោងកាង(ដីរបស់ រដ្ឋ) ។
លោក លៀម សុដា អភិបាលរង នៃ គណៈអភិបាលខេត្ត ព្រះសីហនុ នាព្រឹក ថ្ងៃទី ០៨ ខែ កក្កាដាឆ្នាំ ២០២២ បាន ដឹកនាំក្រុមការងារចម្រុះខេត្ត ចុះទៅដល់ទីតាំងជាក់ស្ដែង ស្ថិតនៅភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុក ព្រៃនប់ ខេត្ត ព្រះ សីហនុ។
ក្រោយការជួបជុំអ្នកពាក់ព័ន្ធរួចមក ក្រុមការងារបានអានខ្លឹមសារលិខិតលេខ០៧៣/២២សជណ ចុះថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តព្រះសីហនុ ជូនទៅ លោក ឡាវ ម៉េង ឈាង ដើម្បីបានស្តាប់ និងណែនាំ អំពីយន្តការ ការងារ ដែលត្រូវអនុវត្តលើទីតាំងដីខាងលើ រួមមាន ការឈូសឆាយ ពង្រាបដី និងរុះរើ សំណង់ និងការ្យផ្សេងៗ លើទីតាំងដី ដើម្បីរៀបចំដាំព្រៃកោងកាងឡើងវិញ ក្រោយពីស្តាប់ការណែនាំ របស់ក្រុម ការងាររួចមក លោក ឡាវ ម៉េងឈាង បានឯកភាពតាមការសម្រេចរបស់រដ្ឋបាលខេត្តព្រះសីហនុ ដោយយល់ ព្រមប្រគល់ទីតាំងដី ដែលលោកធ្លាប់គ្រប់គ្រងកន្លងមកជូនទៅរដ្ឋបាលខេត្ត ដើម្បីគ្រប់គ្រង និងកាន់កាប់វិញ ដោយពុំមានការតវ៉ាអ្វីឡើយ ក្នុងនោះ លោក ឡាវ ម៉េងឈាង ស្នើសុំក្រុមការងារ ធ្វើការឈូសឆាយដី នៅ ផ្អែកខាងលិចដែលមិនមានស្រះត្រី ជាមុន និងសុំរយៈពេល ២៩ថ្ងៃ គិតចាប់ពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ នេះ ដើម្បីទុកពេលឱ្យលោកប្រមូលទិន្នផលត្រីសិន។ លោក ឡាវ ម៉េង ឈាង ទទួលស្គាល់ថាទីតាំងដីដែល លោក បានឈូសឆាយនិងគ្រប់គ្រងកន្លងមកនេះពិតជាដីស្ថិតនៅក្នុងដែនអភិរក្សព្រៃលិចទឹករបស់រដ្ឋប្រាកដមែន។ ហើយចំពោះការសម្រេចប្រគល់ដីជូន អាជ្ញាធរខេត្តព្រះសីហនុ ដើម្បីគ្រប់គ្រងនិងដាំដើមកោងកាងឡើងវិញនេះ គឺធ្វើឡើងដោយស្ម័គ្រចិត្ត ពុំមានការបង្ខិតបង្ខំ ពីសមត្ថកិច្ចមួយណាឡើយ។
សូមជម្រាបជូនថា កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ រដ្ឋបាលខេត្ត បានអញ្ជើញ លោក ឡាវ ម៉េង ឈាងមកផ្តល់ការបំភ្លឺពាក់ព័ន្ធនឹងករណីកាប់គាស់ព្រៃលិចទឹករុករានយកដីព្រៃកោងកាងធ្វើជាកម្មសិទ្ឋិ។ក្រោយការ បំភ្លឺរបស់ សាមីខ្លួន និងការពន្យល់ណែនាំអំពីផ្លូវច្បាប់រួចមក លោក ឡាវ ម៉េង ឈាងបានទទួលស្គាល់ថាខ្លួន ពិតជាបានឈូស ឆាយ ទន្ទ្រានយកដីព្រៃលិចទឹក និង ព្រៃកោងកាងជាដីរដ្ឋ ប្រាកដមែន ហើយលោកយល់ ព្រម ដោយស្ម័គ្រចិត្ត ប្រគល់ ដីជូនអាជ្ញាធរខេត្តព្រះសីហនុ ដោយពុំមានការតវ៉ា និងពុំទាមទារសំណងអ្វីទាំងអស់ តែ ក្នុង នោះលោកស្នើសុំ រយៈពេល ០៦ខែ ដើម្បីប្រមូលផលត្រី ដែលបានចិញ្ចឹមនៅក្នុងទីតាំងដី។ តែក្រោយ មក ដោយមិនអនុវត្តតាមការព្រមព្រៀង ទើបរដ្ឋបាលខេត្តចេញលិខិតលេខ០៧៣/២២សជណ ចុះថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ ដោយជម្រាបមក លោក ឡាវ ម៉េង ឈាង ត្រូវបញ្ឈប់សកម្មភាពទាំងឡាយ ដោយធ្វើការរុះរើសំណង់ ផ្សេងៗលើទីតាំងដី ដែលបានឈូសឆាយ និង ត្រូវចាកចេញពីទីតាំងដី រួចប្រគល់ជូនអាជ្ញាធរកាន់កាប់ និងដាំដើមកោងកាងឡើងវិញក្នុងរយៈពេល៣០ថ្ងៃបន្ថែមទៀត។ដោយពិនិត្យឃើញថាគិតចាប់ពីថ្ងៃជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ មកទល់ បច្ចុប្បន្ន លោក ឡាវ ម៉េង ឈាងពុំមានសកម្មភាពអនុវត្តតាមការព្រមព្រៀង ដោយស្ម័គ្រចិត្តដូច ការ អះអាងរបស់ខ្លួន ទើបនៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ ក្រុមការងារចម្រុះខេត្ត បានសម្រេចចុះអនុវត្តសេចក្តី ជូនដំណឹងលេខ០៧៣/២២សជណ ចុះថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២នេះ។
សូមជម្រាបជូនបន្ថែមថា ចំពោះការចុះអនុវត្តខ្លឹមសារលិខិតលេខ០៧៣/២២សជណ ចុះថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តព្រះសីហនុ ស្ដីពីករណីការកាប់ឆ្ការ ឈូសឆាយដី ព្រៃលិចទឹក និងព្រៃកោងកាង មានទីតាំង ស្ថិតនៅភូមិព្រែក ប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ របស់ក្រុមការងារចម្រុះខេត្ត បាន ដំណើរការទៅរលូនដោយមានការសហការពីអ្នកពាក់ព័ន្ធ៕
(ដោយ នាគសមុទ្រ)