ខេត្តព្រះសីហនុ៖លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសមាគមភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះ សីហនុ នា ថ្ងៃទី ១១ ខែ កក្កាដា ឆ្នាំ ២០២២បានឧបត្ថម្ភថវិកាចំនួន៤លានរៀល ជូនដល់ក្រុមគ្រួសារ ដែល ជាអ្នក នេសាទដាក់មងក្តាម រងគ្រោះជួបឧប្បត្តិហេតុរលកសមុទ្របោកទូក បណ្តាលអោយ លិចខូចរងការខូច ខាតទូក ទាំងស្រុង នៅត្រង់ចំណុច ម្តុំទំនប់កោះព្រាប ស្ថិតក្នុង ភូមិលេខ ០៣សង្កាត់ លេខ ០៣ ក្រុងព្រះសីហនុ កាលពីរ សៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២។
លោកឧកញ៉ា ទៀ វិចិត្រ បានបញ្ជាក់ថាជនរងគ្រោះ ឈ្មោះ បូ ចន្ថា អាយុ៥២ឆ្នាំ ប្រពន្ធឈ្មោះ ជូ ថេង អាយុ៤២ឆ្នាំ រស់នៅបន្ទប់ជួល ស្ថិតនៅទំនប់រលក ក្រុមទី៣១ ភូមិ៣ ក្នុងសង្កាត់លេខ៣ក្រុងព្រះសីហនុ។
ជុំវិញហេតុការណ៍លិចទូកខាងលើបើតាមជនរងគ្រោះបានបញ្ជាក់ថាមុនពេលកើតហេតុរូបគាត់(បូចន្ថា) បាន ចេញទូកតូច របស់គាត់ទៅ ដាក់មងក្តាមក្នុងលំហរសមុទ្រដូចសព្វមួយដង ខណៈ អាកាសធាតុកំពុងមានភ្លៀវ និងខ្យល់រលកបោកបកខ្លាំងជាហេតុធ្វើឲ្យទូករបស់គាត់បោកជាមួយរលកទៅបុកជាមួយថ្មទំនប់ក្បែរច្រាំងតំបន់កោះព្រាបបណ្តាលឲ្យខូចខាតទូកទាំងស្រុងតែសំណាងល្អរូបគាត់បានលោតចេញពីលើទូកហែលរកកន្លែងមានសុវត្ថិភាពរូចផុតពីគ្រោះថ្នាក់ ។ លោក ឧកញ្ញ៉ា បន្ទាប់ពីលោក ទទួលបានព័ត៌មានខាងលើ និងដោយមើលឃើញ ពីការ លំបាក ផ្នែកជីវភាពនិងអាណិតអាសូរដល់គ្រួសារបងប្រុសជន រងគ្រោះ ទើបលោកឧកញ៉ា ទៀ វិចិត្រ បានចាត់ ក្រុមការងារចុះជួបភ្លាមៗ និងនាំយកថវិកា ចំនួន ៤លានរៀល ទៅឧបត្ថម្ភជូន សម្រាប់បន្តអាជីវកម្ម នេសាទ ចិញ្ចឹមគ្រួសារបន្តទៀត។ បងប្រុស បូ ចន្ថា និងក្រុមគ្រូសារ បានគោរពថ្លែងអំណរគុណនិងជូនពរលោក ឧកញ៉ា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ជួបប្រទះតែសេចក្ដីសុខ សុភមង្គលនិង ជោគជ័យគ្រប់ភារ:កិច្ច។
ជាមួយគ្នានេះលោកឧកញ៉ា ទៀ វិចិត្រ ប្រធានសមាគមភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ បានធ្វើការអំពាវនាវដល់ប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ បង្កើនការប្រុងប្រយ័ត្នខ្ពស់ កុំធ្វើដំណើរតាមផ្លូវទឹកក្នុងប៉ុន្មានថ្ងៃនេះ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលកើតឡើងជាយថាហេតុ ព្រោះក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពអាកាសធាតុនៅកម្ពុជា បញ្ជាក់ថា នៅលើផ្ទៃសមុទ្រ នឹងអាចមានភ្លៀងខ្យល់បក់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ៕
(ដោយ នាគសមុទ្រ)