ខេត្តព្រះសីហនុ៖លោកជំទាវ ប្រាក់ ច័ន្ទសុខា ហេរញ្ញិកគណៈកម្មាធិកាសាខា នាព្រឹកថ្ងាំទី ១៤ ខែ កក្កដា ឆ្នាំ ២០២២ បានដឹកនាំក្រុមការងារ កាកបាទក្រហមនាំយកអំណោយឧបត្ថម្ភ ដល់ប្រជាពលរដ្ឋរងគ្រោះដោយ សារខ្យល់កន្ត្រាក់ និងជនរងគ្រោះទឹកភ្លៀងជនលិចចំនួន ១៩គ្រួសារ ស្ថិតនៅស្រុកចំនួន២ គឺ ស្រុក ក្នុងនោះ ស្រុកកំពង់សីលា ចំនួន១៧គ្រូសារ និង ស្រុកព្រៃនប់ចំនួន ២គ្រូសារ ។ក្នុងមួយគ្រួសារទទួលបាននូវ៖ អង្ករ ២៥គីឡូក្រាម ត្រីខ ១យួរ មី ១កេស ទឹកត្រី ១យួរ ជែល ១ដប ម៉ាស់ក្រណាត់ ១កញ្ចប់ និងថវិកាចំនួន ៥ម៉ឺនរៀលផងដែរ។
លោកជំទាវ ប្រាក់ ច័ន្ទសុខា បានមានប្រសាសន៍ពាំនាំនូវការផ្ដាំផ្ញើនិងសួរសុខទុក្ខពីសំណាក់ឯកឧត្ដម គួច ចំរើន ប្រធានគណៈកម្មាធិការសាខា ជាពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ចំពោះបងប្អូនប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរជំនឿសាសនាឬនិន្នាការនយោបាយណាមួយឡើយ។លោកជំទាវបានសំដែងនូវការសោកស្ដាយចំពោះការប៉ះពាល់ផ្ទះសំបែង ទ្រព្យសម្បត្តិដែលនេះជាគ្រោះមហន្តរាយដោយធម្មជាតិ គ្មាននរណាម្នាក់ចង់ ជួប ប្រទះឡើយ ។ ថ្វីត្បិតតែអំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូននាពេលនេះ មានចំនួនមិនសម ល្មម នឹងការខាតបង់របស់គ្រួសារបងប្អូនឡើយ តែក៏អាចជួយសម្រាលទុក្ខលំបាករបស់គ្រួសារបងប្អូនបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាក បាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដូចដែលបានលើកឡើងថា “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល” និង “ទីណាមាន ទុក្ខ លំបាក ទីនោះមានកាកបាទក្រហមកម្ពុជា”។
ជាមួយគ្នានេះលោកជំទាវ បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋនៅទីនេះថា សូមបង្កើនការប្រុងប្រយ័ត្នចំពោះ គ្រោះថ្នាក់ផ្សេងៗ នៅពេលកំពុងជួបគ្រោះទឹកជំនន់ ជាពិសេសក្មេងៗមិនត្រូវបណ្តោយឱ្យលែងទឹកនោះទេ ព្រោះអាចមានផលប៉ះពាល់ដល់អាយុជិវិត និងគ្រោះថ្នាក់ផ្សេងៗ និងត្រូវប្រយ័ត្នចំពោះសត្វអាសិរពិសផ្សេងៗ ដែលវាទៅទីទួលខ្ពស់ក៏ដូចជាកន្លែងយើងស្នាក់នៅជាដើមប្រសិនបើមានបញ្ហាអ្វីកើតមានឡើងសូមបងប្អូនប្រញ៉ាប់ទាក់ទងទៅអាជ្ញាធរដែលនៅប្រចាំកាជិតទីតាំងបងប្អូនបំផុត។
ឈ្លៀតក្នុងឳកាសនោះលោកជំទាវ ក៏បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការ ប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងការថែរក្សាសុខភាព ហើយកត្តាដែលសំខាន់នោះ គឺការរស់នៅត្រូវប្រកាន់យកនៅ ចំណុចបីល្អគឺរស់នៅស្អាតផឹកស្អាតហូបស្អាតជាពិសេសសូមក្រើនរម្លឹកដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានកុំឲ្យធ្វេសប្រហែសពីជំងឺកូវីដ-១៩ នេះឱ្យសោះ បើទោះបីជាកម្ពុជាមានស្ថានភាពធូរស្រាលក៏ដោយ និងអនុវត្តការ រស់នៅតាមប្រក្រតីភាពថ្មី ក៏ដូចជាចេះការពារខ្លួន និងបង្ការពីការរីករាលដាលពីជំងឺកូវីដ-១៩ តាមការណែនាំ របស់ក្រសួងសុខាភិបាល និងវិធានការ ៣កុំ ៣ការពារ និង២ចូលរួមរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ -១៩ ហើយសូមចូលរួមនាំគ្នាទៅចាក់វ៉ាក់សាំងដូសជំរុញអោយបានគ្រប់ៗគ្នា៕(ដោយនាគសមុទ្រ)