ខេត្តកំពង់ធំៈ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ អមដំណើរដោយលោក ទូច សុខា អភិបាលរងខេត្ត លោក ឡង គីសឹងអភិបាលស្រុកសន្ទុក លោក ប៉ែន វណ្ណារិទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តកំពង់ធំ លោក អ៊ឹម សុឌីណា ប្រធានមន្ទីរសូរិយោដីនគររូបនីយកម្មនិងសំណង់ខេត្ត រួមទាំងមន្ទីរពាក់ព័ន្ឋ បានអញ្ជើញចុះពិនិត្យស្ថានភាព ផ្ទៃដីនៅតំបន់បី ខាងប៉ែកបឹងទន្លេសាប ដើម្បីជួបនិងបងប្អូនប្រជាពលរដ្ឋ ដែលអាស្រ័យផលធ្វើស្រែប្រាំង នៅព្រឹកថ្ងៃទី២៧ ខែកក្តដា ឆ្នាំ ២០២២។
ប្រជាពលរដ្ឋជាង១០០គ្រួសារ មានសេចក្តីត្រេតអរយ៉ាងខ្លាំង ខណៈពេលដែលឯកឧត្តម អភិបាលខេត្តកំពង់ធំ រួមទាំងក្រុមការងារ បានអញ្ជើញចុះជួបផ្ទាល់ ដើម្បីពិនិត្យស្ថានភាពដីនៅតំបន់៣ ដែលពួកគាត់ធ្លាប់អាស្រ័យផលតាំងតែពីដូនតា តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឲ្យអាជ្ញាធរខេត្ត អាជ្ញាធរស្រុក រួមទាំងមន្ទីរស្ថាប័នជំនាញពាក់ព័ន្ឋ ចុះពិនិត្យស្ថានភាពដី និងអាយុកាលបង្ករបង្កើនផលរបស់បងប្អូនប្រជាពលរដ្ឋ ដើម្បីកាត់ឆ្វៀលជូនប្រជាពលរដ្ឋ ឲ្យកាប់កាប់និងអាស្រ័យផលស្របច្បាប់។
ដោយយោងតាមការរៀបរាប របស់តំណាងប្រជាពលរដ្ឋ មេឃុំភ្នៅ និងមេឃុំកកោះ បានឲ្យដឹងថា ចំពោះបងប្អូនប្រជាពលរដ្ឋដែលមានការពាក់ព័ន្ឋនិងដី ដែលអាស្រ័យផលនៅតំបន់៣ មានឃុំភ្នៅ និងឃុំកកោះ តែជាប្រជាពលរដ្ឋរស់នៅក្នុងឃុំតាំងក្រសាំងសរុបជាង២០០គ្រួសារ មានចំនួនជាងមួយ១០០០ហិចតា ហើយដីទាំងនេះសុទ្ធសឹងតែបាន កាន់កាប់អាស្រ័យផលជាង១០ឆ្នាំកន្លងមកហើយ រួមទាំងបានសំណូមពរឲ្យ សម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម អភិបាលខេត្តកំពង់ធំ រួមទាំងអភិបាលស្រុក មេត្តាជួយកាត់ឆ្វៀលដីជូនពួកគាត់ផង ដើម្បីបានអាស្រ័យផលបន្តទៀត។
ឯកឧត្តម ងួន រតនៈ បានមានប្រសាសន៍ថា លោកមានសេចក្តីត្រេតអរយ៉ាងខ្លាំង ខណៈពេលដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានគិតគូរយ៉ាងខ្លាំងចំពោះ ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ និងបានឲ្យអាជ្ញាធរខេត្ត ស្រុក ឃុំ ចុះពិនិត្យជាក់ស្តែងដល់ទីតាំងដីតំបន់៣ ដែលបងប្អូនខកខានមួយឆ្នាំមិនបានអាស្រ័យផល ដើម្បីស្រង់ទិន្ន័យពិតប្រាកដចំនួនផ្ទៃដីធ្លាប់អាស្រ័យផល និងចំនួនបងប្អូន ដើម្បីចៀសវាងមានជនខិលខូចប្រើល្បិចឈរឈ្មោះឲ្យឈ្មួញ ដើម្បីឲ្យឈ្មួលមានឳកាសគ្រប់គ្រងដីស្របច្បាប់ ។
អភិបាលខេត្តកំពង់ធំ បញ្ជាក់ថាបងប្អូនត្រូវតែស្មោះត្រង់ជាមួយគ្នា មិនត្រូវលួចកាប់រុករាន្ទដីព្រៃលិចទឹកទៀតឡើយ ម្យ៉ាងទៀតចំពោះដីមានលក្ខណៈបីប្រភេទ ទីមួយដីតំបន់១ គឺជាតំបន់អនុញ្ញាតិគ្រប់គ្រងស្របច្បាប់ ដីតំបន់២ គឺជាតំបន់អនុញ្ញាតិឲ្យអាស្រ័យផល ចំណែកដីតំបន់៣ គឺជាតំបន់ហាមឃាត់ ត្រូវបានរក្សាទុកដើម្បីរក្សាមឆ្ឆាជាតិសម្រាប់ការពងកូន ដោយឡែកដីនៅតំបន់២មួយចំនួនមិនអនុញ្ញាតិឲ្យអាស្រ័យផល ក៏ដោយសារតែតំបន់២ខ្លះមានព្រៃលិចទឹក គឺត្រូវតែឆ្វៀលទុកសម្រាប់ការថែរក្សាអភិរក្ស ។
ដោយ ប៊ុន រដ្ឋា








































