លំអិតព័ត៏មានជុំវិញករណីស្លាប់ជនជាតិចិនចំនួន០៣នាក់លើទឹកដីខេត្តព្រះសីហនុ

0

ខេត្តព្រះសីហនុ៖ យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្ត កាលពីវេលាម៉ោង ០០និង ៥០នាទី រំលងអធ្រាត្រ ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ នៅចំណុចមុខសណ្ឋាគារ៥២០ ស្ថិតក្នុងភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះ សីហនុ ខេត្តព្រះសីហនុ មានករណី ផ្ទុះអាវុធមួយកើតឡើង បង្កដោយមនុស្សមួយក្រុមមានគ្នាចំនួន៦នាក់ ជន ជាតិខ្មែរ១នាក់ជាអ្នកបើកបររថយន្តនិងជនជាតិចិន៥នាក់ជាមិត្តភ័ក្ត្រគ្នា(ទើបស្គាល់គ្នា)។តាមការបំភ្លឺរបស់អ្នកឃើញហេតុការណ៍បានឱ្យដឹងថា៖នៅវេលាម៉ោងខាងលើជនរងគ្រោះនិងជនសង្ស័យបានជិះរថយន្តជាមួយគ្នាចេញពីផឹកស៊ីមកដល់ចំណុចខាងលើក៏បានបង្កជំលោះគ្នាដោយជនសង្ស័យចំនួន៣នាក់បានធ្វើសកម្មភាពយកអាវុធខ្លីនិងកាំបិតគំរាមជនរងគ្រោះចំនួន៣នាក់ផ្សេងទៀត។ឃើញដូច្នេះអ្នកបើកបរជនជាតិខ្មែរបានរត់ចេញក្រៅរថយន្តស្រែកឱ្យគេជួយ ស្រាប់តែជនសង្ស័យ៣នាក់ ដែលជិះខាងក្រោយចាប់គ្រៀកជនរងគ្រោះ១នាក់ទៀត និង បានប្រតាយប្រតប់គ្នាដោយជនរងគ្រោះត្រូវបានជនសង្ស័យចាក់១កាំបិតចំពោះហើយជនរងគ្រោះខំរុញទ្វាររថយន្តលោតចេញក្រៅ ក៏ត្រូវជនសង្ស័យបាញ់១គ្រាប់ចំក្បាលស្លាប់ក្បែររថយន្តតែម្តង។ចំណែកជនរងគ្រោះ១នាក់ ផ្សេងទៀតដែលជិះនៅខាងមុខត្រូវបានក្រុមជនសង្ស័យទាំង៣នាក់ចាប់ខ្លួនយកទៅជាមួយរថយន្តរបស់ជនរងគ្រោះ ដែលជាមធ្យោបាយរត់គេចខ្លួនផងដែរ។

ភ្លាមនោះកម្លាំងរថយន្តល្បាតកងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដែល កំពុងជិះល្បាតនៅក្បែរម្តុំនោះបានទទួលព័ត៌មានបានជិះដេញប្រកិតតាមរថយន្តដែលជនសង្ស័យបើករត់គេចខ្លួន ហើយក្រុមជនសង្ស័យបានធ្វើការបាញ់មកលើសមត្ថកិច្ចយើងទៅវិញទៅមកជាច្រើនគ្រាប់។ ហើយ កម្លាំង សមត្ថកិច្ចយើង បន្តដេញតាមដោយមានការបន្ថែមកម្លាំងជំនាញ ពីស្នងការដ្ឋាននគរបាលខេត្ត សហការជា មួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុនិងអធិការដ្ឋាននគរបាលស្រុកព្រៃនប់បានតាមរហូតដល់ចំណុច ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៨៧-១៨៨ ស្ថិតក្នុងភូមិអណ្តូងថ្ម ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយរថយន្តរបស់ជនសង្ស័យបើកបរក្នុងល្បឿនលឿន បានបើករេចង្កូតធ្លាក់ផ្លូវ និងបានបុកបង្គោលភ្លើងថ្ម។ ខណៈនោះកម្លាំងសមត្ថកិច្ចយើងបានចូលទៅព័ទ្ធរថយន្ត បង្កឱ្យមានការផ្ទុះអាវុធជាច្រើនគ្រាប់ ហើយរំដោះបាន ជនរងគ្រោះ១នាក់ភេទប្រុសជនជាតិចិន(ដោយគាត់បានលូនចេញពីក្នុងរថយន្តលើកដៃក្រាបក្បែររថយន្តដោយដៃមានជាប់ខ្នោះ។ ដោយជនរងគ្រោះ និងជនសង្ស័យ៣នាក់ផ្សេងទៀតរបួសធ្ងន់ធ្ងរ កម្លាំងសមត្ថកិច្ចរបស់យើង បានបញ្ជូនជនរងគ្រោះ១នាក់ និងជនសង្ស័យ១នាក់ ទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ចំណែក ជនសង្ស័យ២នាក់ទៀតបានស្លាប់នឹងកន្លែង។ក្នុងនោះជនសង្ស័យ១នាក់ដែលបញ្ជូនទៅសង្គ្រោះបានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។សួមបញ្ជាក់បន្ថែមថាជនរងគ្រោះ មានចំនួន ៣នាក់៖-ជនជាតិ ខ្មែរ ១ នាក់ ប្រុស(ជាអ្នកបើកបរ)ជនជាតិ ចិន ២ នាក់ ប្រុស (ស្លាប់នៅកន្លែងកើតហេតុ១នាក់ និងរបួសធ្ងន់១នាក់ កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ)។ហើយ ករណីខាង លើនេះ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកំពុងធ្វើការស្រាវជ្រាវបន្ត។

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាព ខេត្ត ព្រះសីហនុ នារសៀល ថ្ងៃទី ០៩ ខែ សីហា ឆ្នាំ ២០២២ ខណៈអញ្ជើញពិនិត្យវត្ថុតាង និងនាំយកថវិកាដើម្បី លើកទឹកចិត្តដល់កងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តដែលបានធ្វើប្រតិបត្តិការបង្ក្រាបក្រុមឧក្រិដ្ឋជនទទួលបានជោគជ័យ។ ឯកឧត្តមបានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ដល់កងកម្លាំង និងមន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានយកចិត្តទុកដាក់ខិតខំបំពេញ ការងារក្នុងការថែរក្សាសន្តិសុខ សុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ និងអ្នកវិនិយោគក្នុងខេត្តព្រះសីហនុ ពិសេសក្នុងការបង្ការ បង្ក្រាបនូវរាល់បទល្មើសបានទាន់ពេលវេលា។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍បន្តថា ក្នុងក្របខណ្ឌគណៈបញ្ជាការឯក ភាពរដ្ឋបាលខេត្ត បានធ្វើការណែនាំដល់កងកម្លាំងសមត្ថកិច្ចត្រូវប្រុងប្រយ័ត្នជាប់ជាប្រចាំ ព្រោះជនល្មើស តែងតែមានអាវុធដូច្នេះយើងត្រូវតែចេះការពារខ្លួនឱ្យបានល្អ។ដោយសារតែកន្លងមកមានសកម្មភាពមិនប្រក្រតីភាពមួយចំនួន បានកើតឡើងក្នុងក្រុងព្រះសីហនុ ដូចជា៖ទី១.បញ្ហាគ្រឿងញៀន.ទី២.ការបង្ខាំងមនុស្សខុសច្បាប់.ទី៣.បញ្ហាអាវុធជាតិផ្ទុះ ការប្រើប្រាស់អាវុធដោយខុសច្បាប់នៅតាមដងផ្លូវសាធារណៈ និងតាមកន្លែងមួយ ចំនួន។ បញ្ហាទាំងនេះដែលយើងត្រូវតែបន្តស្រាវជ្រាវ និងទប់ស្កាត់ឱ្យបានទាន់ពេលវេលា ដោយបន្តចុះធ្វើ សកម្មភាពល្បាត ដើម្បីស្វែងរកអ្នកដែលប្រើប្រាស់អាវុធខុសច្បាប់ ហើយត្រូវធ្វើដូចភ្លៀងរលឹម ដើម្បីគ្រប់ គ្រងអ្នកប៉ុនប៉ងប្រព្រឹត្តអំពើមិនគប្បី ដោយការប្រើប្រាស់អាវុធ និងធ្វើសកម្មភាពចាប់ជំរិត និងបង្ខាំងមនុស្ស ដោយខុសច្បាប់នៅក្នុងក្រុងរបស់យើង ដើម្បីសុខសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ និងអ្នក វិនិយោគ៕

(ដោយនាគសមុទ្រ)