ខេត្តព្រះសីហនុ៖ សាខាគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ និងថ្នាក់ដឹកនាំរដ្ឋបាលក្រុងកោះរ៉ុង បានបើកកិច្ចប្រជុំជាមួយបណ្តាក្រុមហ៊ុនទូកល្បឿនលឿន ប្រយោជន៍ដើម្បីធ្វើឲ្យប្រាកដថា ប្រជាពលរដ្ឋរស់នៅតាមបណ្តាកោះនានា ជាពិសេសភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលធ្វើដំណើរកម្សាន្តនៅតាមបណ្តាកោះនីមួយៗ នាខេត្តព្រះសីហនុ ទទួលបានសុខសុវត្ថិភាព។
ក្នុងនោះខ្លឹមសារសំខាន់ៗ នៃការស្នើសុំ របស់រដ្ឋបាលក្រុងកោះរ៉ុងរួមមាន៖១- ស្នើសុំរបាយការណ៍ភ្ញៀវធ្វើដំណើររៀងរាល់ថ្ងៃ ដូចជាចំនួនភ្ញៀវសរុបពេលចេញពីគោលដៅដើមទី និងចំនួនភ្ញៀវ ដែលបានចុះតាមគោលដីនីមួយៗ ពីសមាគមឲ្យត្រូវគ្នាជាមួយរបាយការណ៍ របស់សមត្ថកិច្ច និងមន្ទីរពាក់ព័ន្ធ។ជាការឆ្លើយតប របស់សាខាគណបក្ស៖ បានបកស្រាយថា គ្រប់បណ្តាក្រុមហ៊ុនជាសមាជិក សាខា គណបក្ស បានអនុវត្តរួចមកហើយ ពីរបាយការណ៍ នៃចំនួនភ្ញៀវជារៀងរាល់ជើង ដែលបានចេញពីដើមទី ដោយរួមបញ្ចូលសរុបទាំងអ្នកភូមិ តាម (គ្រុបព័ត៌មានលើទូក) របស់នគរបាលចរាចរណ៍ជើងទឹក និងព្យាយាម រាប់ចំនួនភ្ញៀវ ដែលចុះតាមគោលដៅនីមួយៗ ជូនបន្ថែមទៀត។២- រដ្ឋបាលក្រុងកោះរ៉ុង បានស្នើសុំសាខាគណបក្ស ជួយសហការ និងមន្ត្រីពាក់ព័ន្ធរួមគ្នាការពារសុវត្ថិភាព សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានមកលេងកម្សាន្ត ក្នុងខេត្តព្រះសីហនុ។ត្រង់ចំណុចនេះ ជាការឆ្លើយតប របស់សាខាគណបក្ស បានជម្រាបជូនរដ្ឋបាលក្រុងកោះរ៉ុងថា ចំពោះគ្រប់បណ្តាក្រុមហ៊ុន ដែលជាសមាជិក របស់សាខាគណបក្ស តែងតែជួយគូរសុខ សុវត្ថិភាព របស់ភ្ញៀវ ដែលបានធ្វើដំណើរតាមទូក របស់សាខាគណបក្ស ជាប់ជានិច្ច ប៉ុន្តែសម្រាប់ភ្ញៀវ ដែលធ្វើដំណើរតាមទូក មិនមែនជាទូក របស់សាខាគណបក្ស គឺមិនអាចធានាបានទេ។
៣- បន្ថែមលើនេះ រដ្ឋបាលក្រុងព្រះសីហនុ ក៏បានស្នើសុំសាខាគណបក្ស ជួយបន្ថែមជើងទូកគោលដៅ ភូមិ រ៉ុងសន្លឹម ចំណុច(ផែ)២៣ ដោយសព្វថ្ងៃនេះ មានតែទូក របស់ក្រុមហ៊ុន ជី.ធី.វី.ស៊ី តែមួយប៉ុណ្ណោះ ដែល បានចូលចត និងស្នើសុំឲ្យសាខាគណបក្សជួយផ្សព្វផ្សាយពីឈ្មោះ ភូមិរ៉ុងសន្លឹម ចំណុច(ផែ)២៣ មិនមែន ភូមិ២៣ ទេ ដើម្បីជៀសវាងមានការយល់ច្រឡំតៗគ្នា។ បញ្ហារនេះសាខាគណបក្ស បានបញ្ជាក់ថា ការិយា ល័យសាខាគ ណបក្ស នឹងលើកជារបាយការណ៍ដាក់ជូន លោកប្រធាន និងក្រុមហ៊ុន ជាសមាជិក ឲ្យមានការឯក ភាពក្នុងការចូលចតព្រោះដោយសារបច្ចុប្បន្ននេះមិនមានភ្ញៀវច្រើនទេដែលត្រូវធ្វើដំណើរទៅចំណុច(ផែ)២៣នេះ ប៉ុន្តែបើមានភ្ញៀវ ដែលត្រូវទៅ និងត្រឡប់មកវិញ ផុតម៉ោងជើងទូកក្រុមហ៊ុន ជី.ធី.វី.ស៊ី នឹងព្យាយាមផ្សព្វផ្សាយ តាមគ្រុប សាខាគណបក្ស ដើម្បីសាកសួរទៅក្រុមហ៊ុនផ្សេងទៀត ដើម្បីឆ្លើយតប។យ៉ាងណាក៏ដោយចុះ នៅចំណុចចុងក្រោយ តំណាងសាខាគណបក្ស បានពាំនាំនូវការយកចិត្តទុកដាក់ពី លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសាខាគណៈកម្មាធិការគណបក្សភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ ចំពោះសុខសុវត្ថិភាព របស់ស្ត្រីមានផ្ទៃពោះ ដែលជិតសម្រាល និងស្នើសុំឲ្យរដ្ឋបាលក្រុងកោះរ៉ុង យកចិត្តទុកដាក់ណែនាំដល់ពួកគាត់ ឲ្យត្រូវប្រញ៉ាប់មកមន្ទីរពេទ្យ ដើម្បីត្រៀមសម្រាល និងមានសុវត្ថិភាព ដោយកុំចាំដល់ពេលឈឺពោះទើបប្រកាសរកមធ្យោបាយធ្វើដំណើរពីដីកោះ ឆ្ពោះមកកាន់មន្ទីរពេទ្យ ព្រោះអាចនឹងយឺតពេលវេលា ណាមួយរដូវនេះជារដូវវស្សាផង អាចនឹងមានភ្លៀង និងព្យុះផង៕
(ដោយនាគសមុទ្រ)