ខេត្តព្រះសីហនុ៖ក្រុមការងារចម្រុះរដ្ឋបាលខេត្តព្រះសីហនុ នាព្រឹក ថ្ងៃទី១៦ ខែ សីហា ឆ្នាំ ២០២២ បាន ចុះទៅ ធ្វើការអប់រំណែនាំឱ្យបងប្អូនប្រជាពលរដ្ឋរុះរើខ្ទមខុសច្បាប់ដែលបានសង់លើទីតាំងដីកម្មសិទ្ធិឯកជន របស់ ក្រុមហ៊ុន តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ(SIHANOUK VILLE SEZ)។
ក្នុងនោះសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមនុស្សចំនួន០៤នាក់ប្រដាប់ទៅដោយ កាបិត ចំពាមកៅស៊ូ ដុំថ្ម និងដបប្រេងសាំងដែលមានបំណងព្យាយាមប្រើប្រាស់អំពើហឹង្សារមកលើសត្ថកិច្ចក្រុមការងារចម្រុះខេត្ត។ក្រោយពេលឃាត់ខ្លួនជនសង្ស័យទាំង០៤នាក់ត្រូវបានបញ្ជូនទៅកាន់ មូលដ្ឋានកងរាជអាវុធហត្ថស្រុកស្ទឹងហាវ សាកសួរដើម្បីបន្តនិតីវិធីតាមផ្លូវច្បាប់។ដោយឡែកសំរាប់ប្រជាពលរដ្ឋមួយចំនួនបានស្ម័គ្រចិត្តប្រគល់ដីជូនម្ចាស់កម្មសិទ្ធិវិញនិងធ្វើកិច្ចសន្យាចាកចេញពីទីតាំងដោយឥតលក្ខខណ្ឌ។
ជនសង្ស័យទាំង៤នាក់នោះ មានឈ្មាះ ទេព សារ៉ា ហៅក្រៅថា ទេព ម៉ៅ, ឈិន បូនី,សេង មករា និង ឃួន តារ៉ា។ តាមចម្លើយសារភាពរបស់ជនទាំង៤ បានឱ្យដឹងថាការសាងសង់ខ្ទមខុសច្បាប់ក្នុងទីតាំងខាងលើ គឺជាការរៀបចំដោយមានមេក្លោងនៅពីក្រោយបោកបញ្ឆោតប្រជាពលរដ្ឋឱ្យចូលមកទិញដីឬចែកដីក្នុងទីតាំងរបស់ក្រុមហ៊ុនឯកជន និងបានយកប្រជាពលរដ្ឋខែល។បច្ចុប្បន្ននេះសមត្ថកិច្ចខេត្តព្រះសីហនុបានកំណត់មុនសញ្ញាមេក្លោងបានមួយចំនួនហើយ។
ជាមួយគ្នានេះជនសង្ស័យទាំង៤នាក់បានទទួលស្គាល់កំហុសរបស់ខ្លួននិងបានអំពាវនាវឱ្យប្រជាពលរដ្ឋផ្សេងទៀតដែលបានចាញ់បោកការញុះញង់របស់មេខ្យល់សូមឱ្យរុះរើខ្ទមរបស់ខ្លួនដោយស្ម័គ្រចិត្តនិងចាក់ចេញពីទីតាំងដីកម្មសិទ្ធិឯកជនតាមការណែនាំរបស់អាជ្ញាធរខេត្ត ដើម្បីបញ្ចៀសការប្រឈមមុខចំពោះផ្លូវច្បាប់។
គួរបញ្ជាក់ថា សំណង់មិនរៀបរយទាំងនេះ គឺភាគច្រើនចាប់ផ្តើមសាងសង់នៅដើមឆ្នាំ២០២២ និងមាន ការកើនឡើងក្នុងកំឡុងពេលយុទ្ធនាការឃោសនាក្រុមប្រឹក្សាក្រុមប្រឹក្សាឃុំសង្កាត់នាពេលកន្លងមក។ ហើយរដ្ឋ បាលខេត្តបានអប់រំឱ្យប្រជាពលរដ្ឋទាំងនោះ រុះរើខ្ទមរបស់ពួកគេចេញម្ដងរួចមកហើយ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២៕
(ដោយនាគសមុទ្រ