លោក  គួច ចំរើន .ស្ថានភាពជាក់ស្តែងនៅខេត្តព្រះសីហនុ គឺខុសពីអ្វីដែលប្រព័ន្ធផ្សព្វផ្សាយមួយចំនួនបានផ្សព្វផ្សាយ

0

ខេត្តព្រះសីហនុ៖លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ នារសៀល ថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០២២ ខណៈលោក ជំនួបពិភាក្សាការងារជាមួយ លោក វិទិត មុតតាបន អ្នករាយការណ៍ពិសេសរបស់អង្គ ការសហប្រជាជាតិ ស្តីពីសិទ្ធិមនុស្សប្រចាំប្រទេសកម្ពុជា លោកបានមានប្រសាសន៏លើកឡើងថា ស្ថាន ភាព ជាក់ស្តែងនៅខេត្តព្រះសីហនុ គឺខុសពីអ្វីដែលប្រព័ន្ធផ្សព្វផ្សាយមួយចំនួនបានផ្សព្វផ្សាយ ។

លោក វិទិត មុតតាបន អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ស្តីពី សិទ្ធិមនុស្សប្រចាំ ប្រទេសកម្ពុជា បានថ្លែងអំណរគុណ ឯឧត្តមអភិបាលខេត្ត ដែលបានឱ្យប្រតិភូរបស់លោក សិក្សាឈ្វេង យល់ អំពីកង្វល់និងបញ្ហាប្រឈមនានាដើម្បីរកវិធីដោះស្រាយឱ្យបានទាន់ពេលវេលាក្នុងនោះមានដូចជាស្ថានភាពសិទ្ធិមនុស្ស, ការបង្ខិតបង្ខំឱ្យប្រព្រឹត្តបទល្មើស, ការជួញដូរមនុស្ស, ឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធើណេត, ការបោក ប្រាស់តាមប្រព័ន្ធអនឡាញ និងស្ថានភាពជនរងគ្រោះដែលត្រូវបានជួយសង្គ្រោះជាដើម។

ជាមួយគ្នានេះ លោក គួច ចំរើន បានជម្រាបជូន លោក វិទិត មុតតាបន ថា កម្ពុជាមានរដ្ឋធម្មនុញ្ញ និង ច្បាប់ជាច្រើនទាក់ទងនឹងសិទ្ធិមនុស្ស ការជួញដូរមនុស្ស ឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធើណេត និងការ បោកប្រាស់ តាមប្រព័ន្ធអនឡាញជាដើម ហើយធ្វើការប្រយុទ្ធប្រឆាំង ចំពោះបញ្ហានេះផងដែរ។ រាជរដ្ឋាភិ បាលកម្ពុជា មាន ការ ប្តេជ្ញាចិត្តខ្ពស់ប្រឆាំងអំពើទាំងឡាយណាដែលល្មើសនឹងច្បាប់កម្ពុជា និងបទដ្ឋានគតិយុត្ត នានារបស់អន្តរ ជាតិ។លោកបានអះអាងទៀតថាអាជ្ញាធរខេត្តព្រះសីហនុគ្រប់ជាន់ថ្នាក់មិនដែលគេចវេសពីតួនាទីរបស់ខ្លួននោះឡើយ ពោលគឺយើងសហការគ្នាអនុវត្តច្បាប់ និងបង្រ្កាបរាល់បទល្មើសដោយគ្មានការបន្ធូរដៃឡើយ។ ជាមួយ គ្នានេះរដ្ឋបាលខេត្ត សូមស្វាគមន៍ គ្រប់ភាគីពាក់ព័ន្ធ និងបណ្តាស្ថានទូតប្រទេសនានាជាមិត្ត ក្នុងការសហការ ស្វែងរកឬសគល់នៃបទល្មើស ដើម្បីឈានទៅដល់ការបង្ក្រាបឱ្យកាន់តែមានប្រសិទ្ធភាព។ លោក គួច ចំរើន បានជម្រាបជូនថា កន្លងមកប្រទេសកម្ពុជា និងប្រទេសថៃមានលំហូរពលករខុសច្បាប់ទៅវិញទៅមក ហើយ មានពលករខ្មែរទៅធ្វើការប្រទេសថៃ និងក៏មានពលករថៃមកធ្វើការនៅប្រទេសកម្ពុជា ពិសេសក្នុងខេត្តព្រះ សីហនុតាមរយៈការអូសទាញដោយខុសច្បាប់។លោកគួចចំរើនបានថ្លែងថា“២០ឆ្នាំមុនពលរដ្ឋខ្មែរជាច្រើននាក់រងការធ្វើទុក្ខបុកម្នេញ ឬជួញដូរ នៅថៃ ម៉ាឡេស៊ី តៃវ៉ាន់ ចិន យើងជាខ្មែរមានការឈឺចាប់។ ដូច្នេះសម្រាប់នៅ កម្ពុជា យើងមិនឱ្យការឈឺចាប់នេះកើតមានទៀតនោះឡើយ”។ កន្លងមកមានការលើកឡើងថា មានករណីចាប់ បង្ខាំងមនុស្សដោយខុសច្បាប់នៅតាមទីតាំងអាជីវកម្មមួយចំនួនក្នុងខេត្តព្រះសីហនុតែពេលសមត្ថកិច្ចចុះទៅដល់គឺអ្នកដែលតាំងខ្លួនជាជនរងគ្រោះទាំងនោះកំពុងធ្វើការជាធម្មតានិងអ្នកខ្លះទៀតកំពុងសម្រាកលេងទូរស័ព្ទជាដើម។ បន្ទាប់ពីសមត្ថកិច្ចសួរនាំ គឺពួកគេចង់ប្តូរកន្លែងធ្វើការ ទើបប្តឹងសមត្ថកិច្ចថាមានករណីចាប់បង្ខាំង។ ហើយ ករណីខ្លះទៀត គឺដើមបណ្តឹងជាអ្នកផ្សេង ដោយសាម៉ីខ្លួន មិនបានប្តឹងឡើយ ហើយក៏មិនមានករណីចាប់ បង្ខាំង ឡើយគឺពួកគេស្ម័គ្រចិត្តធ្វើការងារជាធម្មតា។ទន្ទឹមនោះក៏មានឧក្រិដ្ឋកម្មគ្រឿងញៀនដែលអាជ្ញាធរខេត្តធ្វើការបង្ក្រាបបានកាលពីពេលថ្មីៗនេះមានចំនួន៨៧១គីឡូក្រាមបង្កឡើងដោយជនបរទេសនៅក្នុងខេត្តព្រះសីហនុ។

ជាមួយគ្នានេះលោកអភិបាលខេត្តបានជជែកពិភាក្សានិងបានឆ្លើយសំណួរជាច្រើនដែលបានចោទសួរឡើងដោយអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ។ដោយសំណួរភាគច្រើនផ្តោតលើបញ្ហាសិទ្ធិមនុស្សការជួញដូរមនុស្សឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធើណេតនិងការបោកប្រាស់តាមប្រព័ន្ធអនឡាញជាដើម។និងបានលើកឡើងដោយធ្វើការបញ្ជាក់ច្បាស់ៗថាស្ថានភាពជាក់ស្តែងនៅខេត្តព្រះសីហនុគឺខុសពីអ្វីដែលប្រព័ន្ធផ្សព្វផ្សាយមួយចំនួនបានផ្សព្វផ្សាយ ដូច្នេះលោកសំណូមពរដល់ប្រតិភូសូមកត់ត្រាអ្វីដែលជាការពិត និងសូមជូនពរ ដល់ដំណើរទស្សនកិច្ចរបស់ប្រតិភូអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ស្តីពីសិទ្ធិមនុស្សប្រចាំប្រ ទេសកម្ពុជា នៅខេត្តព្រះសីហនុទទួលបានជោគជ័យ និងភាពរីករាយ។ក្រោយស្តាប់ការពន្យល់បកស្រាយអស់ជាច្រើនម៉ោងអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ បានរីករាយស្វាគមន៍ចំពោះការឆ្លើយតបនឹងសំណួររបស់លោក។ ក្នុងជំនួបនោះ លោក វិទិត មុតតាបន បាន លើកឡើងថាកិច្ចពិភាក្សានេះគឺបានធ្វើឡើងដោយភាពកក់ក្តៅនិងយោគយល់គ្នាទៅវិញទៅមកពាក់ព័ន្ធសិទ្ធិមនុស្ស ការជួញដូរមនុស្ស ឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធើណេត និងការបោកប្រាស់តាមប្រព័ន្ធអនឡាញជាដើម។ លោកបន្តថា ដំណើរទស្សនកិច្ចនៅក្នុងខេត្តព្រះសីហនុ គឺចង់សិក្សាស្វែងយល់បន្ថែមពីបញ្ហាទាំងនេះ ដើម្បីរៀប ចំដាក់ក្នុងរបាយការណ៍ការងាររបស់លោកក្នុងនៅចុងឆ្នាំ៕(ដោយនាគសមុទ្រ)