មនុស្សសរុប១១នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងដកហូតអាវុធវែងខ្លីមួយចំនួនពាក់ព័ន្ធ ករណីជួញដូរកម្លាំងពលកម្មនៅព្រះសីហនុ

0

ខេត្តព្រះសីហនុ៖យុទ្ធនាការ ស្រាវជ្រាវលើករណីជួញដូរកម្លាំងពលកម្មមួយ នៅខេត្ត ព្រះសីហនុ នៅយប់រំលង អាធ្រាត្រឈានចូលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២នេះ នាយឧត្តមសនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ ឱ្យដឹងថា សមត្ថកិច្ចរកឃើញអាវុធវែងខ្លីមួយចំនួន និងឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធសរុប១១នាក់។

កិច្ចប្រតិបត្តិការបង្ក្រាបករណីជួញដូរកម្លាំងពលកម្មនេះ បានធ្វើឡើងតាំងពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០ ២២ បន្ទាប់ពីមានបណ្តឹងចូលប្រព័ន្ធ Hotline ក្រុមការងារសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃថាមាននារីម្នាក់ត្រូវបានក្រុមជនសង្ស័យចាប់បង្ខាំងទុកដើម្បីឱ្យនៅបម្រើការងារក្នុងក្រុមហ៊ុនមួយកន្លែង នៅក្នុងខេត្តព្រះសីហនុ។ ប្រតិបត្តិការថ្ងៃដំបូងនោះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ៥នាក់ ដែលជា ជនជាតិចិន និងបានរំដោះនារីរងគ្រោះម្នាក់ដែលជាជនជាតិម៉ាឡេស៊ី។

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបញ្ជាក់បន្ថែមថា បន្ទាប់ពីស្រាវជ្រាវ ក្នុងកិច្ចប្រតិបត្តិការបន្តនេះ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យសរុប ០៨នាក់ ក្នុងនោះកម្លាំងសមត្ថកិច្ចដកហូតបាន អាវុធខ្លី ម៉ាក ZORAKI ចំនួន០១ដើម។ បន្តមកទៀត រហូតដល់យប់រំលងអាធ្រាត្រវេលាម៉ោង ០១និង៣០នាទី រំលងអាធ្រាត្រ ឈានចូល ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២កម្លាំងបានធ្វើការស្រាវជ្រាវបង្ក្រាបបាន ជនសង្ស័យជួញដូរអាវុធ មួយដើមនោះ រហូតបន្តឈានទៅឃាត់ខ្លួនជនសង្ស័យ ០៣នាក់ទៀត ដែលមានខ្មែរ២នាក់ និងចិនម្នាក់ ព្រមទាំងដកហូតបានវត្ថុតាង អាវុធមួយចំនួនបន្ថែមទៀត ដែលមានឈ្មោះដូចខាងក្រោម៖១៖ ឈ្មោះ TANG GUO HUI  ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន លិខិតឆ្លងដែនលេខៈ EH6362750២៖ ឈ្មោះ សាន សុខឡេង ភេទប្រុស ជនជាតិខ្មែរ អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ។៣៖ ឈ្មោះ ថៃ ឃាង ភេទប្រុស ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ។ចំណែកវត្ថុតាងដែលត្រូវបានដកហូតបាន រួមមាន៖ អាវុធវែង២ដើម (ម៉ាត់ត្រយ៉ែត និងកាលីតឌូ), បង់ត្រឡោក ០១, បង់អាវុធវែង AK ចំនួន ០១, អាវុធខ្លី ០៣ដើម (សរុបរួម ០៤ដើម), ម៉ាក ZORAKI ពណ៌ខ្មៅ បង់១, ម៉ាក ZORAKI ពណ៌ខ្មៅ បង់១, ម៉ាក SIG SAURER ពណ៌ខ្មៅ បង់២, គ្រាប់កាំភ្លើង ២៤០គ្រាប់ (សរុបរួម ២៦៥គ្រាប់), រថយន្ត ចំនួន ០១គ្រឿង។

សូមបញ្ជាក់ថា ពេលនេះកម្ពុជាកំពុងបើកប្រតិបត្តិការទ្រង់ទ្រាយធំដើម្បីត្រួតពិនិត្យការស្នាក់នៅរបស់ជន បរទេសនៅកម្ពុជាលើកលែងតែមន្រ្តីការទូតដើម្បីពិនិត្យភាពស្របច្បាប់និងរកមុខសញ្ញាដែលពាក់ព័ន្ធនឹងជួញដូរមនុស្ស៕

(ដោយ នាគសមុទ្រ)