(ប៉ៃលិន)៖ អភិបាលរងខេត្តប៉ៃលិន ចំនួន៦រូប ត្រូវបានប្រកាសចូលកាន់មុខតំណែង ជាផ្លូវការហើយនារសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២នេះ ស្ថិតក្រោមអធិបតីភាពឯកឧត្តម អ៊ុត សំអន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងដ៍ខ្ពង់ខ្ពស់សម្ដេចក្រហាម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន។ពិធីនេះក៍មានការអញ្ជើញចូលរួមពីគណៈប្រតិភូមកពីក្រសួងមហាផ្ទៃ តំណាងរាស្ត្រមណ្ទលប៉ៃលិន ប្រធានក្រុមប្រឹក្សាខេត្ត បណ្តាមន្ទីរ អង្គភាពជុំវិញខេត្ត ជាច្រើននាក់។
មានប្រសាសន៍ក្នុងពិធីនេះដែរលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានលើកឡើងពីការអភិវឌ្ឍ និងការរីកចម្រើន ដែលរដ្ឋបាលខេត្ត បានខិតខំប្រឹងប្រែង ក្នុងការកសាង និងអភិវឌ្ឍសម្រេចបានលទ្ធផលនាពេលកន្លងមក និងការចូលរួមបន្តការផ្សព្វផ្សាយអំពីជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋ និងសហគមននានា ក្នុងខេត្តប៉ៃលិនផងដែរ។
ថ្លែងក្នុងឪកាសនោះដែរឯកឧត្តម អ៊ុត សំអន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងយកចិត្តទុកដាក់ខ្ពស់ គោរពអនុវត្តតាមគោលការណ៍ដឹកនាំចង្អុលបង្ហាញ និងរាល់ការផ្តល់នូវអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី ប្រកបដោយប្រសិទ្ធភាព និងគណនេយ្យភាព ក្នុងការបំពេញភារកិច្ចនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។ ឯកឧត្តមក៏បានណែនាំផ្តាំផ្ញើរ ដល់គណៈអភិបាលខេត្ត និងមន្ត្រីរាជការទាំងអស់ក្នុងខេត្ត-ត្រូវរួមគ្នាពង្រឹងការងារផ្តល់សេវាជូនប្រជាពលរដ្ឋ ឱ្យបានល្អប្រសើរប្រកប ដោយគុណភាព ប្រសិទ្ធភាព និងស្នាមញញឹម អនុវត្តឱ្យបាននូវគោលនយោបាយយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាលកម្ពុជា, ត្រូវរួមគ្នារក្សាស្ថេរភាពប្រទេសជាតិ ក្នុងគោលដៅជំរុញកំណើនសេដ្ឋកិច្ច ដោយអនុវត្តវិធានការច្បាប់ចំពោះជនទាំងឡាយណាដែលបង្កអស្ថេរភាពសង្គម ប៉ះពាល់ដល់សន្តិសុខជាតិ។
ជាមួយគ្នានេះឯកឧត្តមរដ្ឋលេខាធិការ ក៏បានក្រើនរំឮកបន្ថែមដល់អាជ្ញាធរខេត្ត ពង្រឹងការគ្រប់គ្រងបញ្ហាគ្រឿងញៀន ទាំងវិធានការអប់រំ វិធានការរដ្ឋបាល និងវិធានការត្រួតពិនិត្យ ត្រូវអនុវត្តឱ្យបានជាប់ជាប្រចាំ ពង្រឹងការងារគ្រប់គ្រងនៅតាមខ្សែបន្ទាត់ព្រំដែន និងជំរុញការអនុវត្តគោលនយោបាយកំណែទម្រង់ ដែលរដ្ឋាភិបាលដាក់ចេញ ជាពិសេសបង្កើនការចូលរួមទប់ស្កាត់ នូវការរីករាលដាលជំងឺកូវីដ១៩។
សូមបញ្ជាក់ថា៖ អភិបាលរងខេត្តប៉ៃលិន ដែលត្រូវប្រកាសចូលកាន់តំណែងនោះ រួមមាន៖
ទី១៖ លោក ម៉ើង លីដា ឋានន្តរស័ក្កិវរមន្រ្តី ថ្នាក់លេខ៣ ឲ្យកាន់មុខតំណែងជាអភិបាលរងខេត្តប៉ៃលិន។ទី២ លោក អ៊ុន ប៊ុនលី ឋានន្តរស័ក្កិឧត្តមមន្រ្តី ថ្នាក់លេខ៦ ពីនាយករដ្ឋបាលខេត្ត ឲ្យកាន់តំណែងជាអភិបាលរងខេត្តប៉ៃលិន។ទី៣ លោក រស់ នឿន ឋានន្តរស័ក្កិឧត្តមមន្រ្តី ថ្នាក់លេខ៤ ពីនាយករងរដ្ឋបាលខេត្ត ឲ្យកាន់តំណែងជាអភិបាលរងខេត្តប៉ៃលិន ។ទី៤ សោ សុវណ្ណ ឋានន្តរស័ក្កិឧត្តមមន្រ្តី ថ្នាក់លេខ៦ ពីនាយករងរដ្ឋបាលខេត្ត ឲ្យកាន់តំណែងជាអភិបាលរងខេត្តប៉ៃលិន។ទី៥ លោក ងួន លីណា ឋានន្តរស័ក្កិឧត្តមមន្រ្តី ថ្នាក់លេខ៤ ឲ្យកាន់តំណែងជាអភិបាលរងខេត្តប៉ៃលិន និងទី៦ លោក សុខ ពិសី ឋានន្តរស័ក្កិវរអភិបាល ថ្នាក់លេខ៣ ឲ្យកាន់តំណែងជាអភិបាលរងខេត្តប៉ៃលិន ផងដែរ៕
អត្ថបទ ភ្នំខៀវ ប៉ៃលិន