ដំណើរកម្សាន្ត និងការបោះតង់៣ថ្ងៃនៅខេត្តមណ្ឌលគីរីរបស់បុគ្គលិកក្រុមហ៊ុន KFA Group ផ្តល់នូវភាពសប្បាយក្រៃលែង

0

មណ្ឌលគីរី ៖ ជាការអបអរសាទរនៃភាពរីកចម្រើនឥតឈប់ឈររបស់ក្រុមហ៊ុន KFA Group ក្នុងកិច្ចដំណើរការអស់រយៈពេលជាង៧ឆ្នាំកន្លងមកនេះ ថ្នាក់ដឹកនាំកំពូលរបស់ក្រុមហ៊ុន KFA Group ដែលមានលោកឧកញ៉ា នួន រិទ្ធី ជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន បានអនុញ្ញាតឱ្យមានការរៀបចំកម្មវិធីដំណើរកម្សាន្តទ្រង់ទ្រាយធំរយៈពេល៣ថ្ងៃ ដោយការសម្រាកបោះតង់នៅក្នុងតំបន់ទេសចរណ៍ធម្មជាតិ ក៏ដូចជាបន្តដំណើរកម្សាន្តនៅតាមតំបន់ល្បីៗជាច្រើនទីតាំងនៅក្នុងចខេត្តមណ្ឌលគីរី ។
កញ្ញា ប៉ុន ធីតា បុគ្គលិកជាន់ខ្ពស់ផ្នែករដ្ឋបាល និងហិរញ្ញវត្ថុ ដែលបានចូលរួមដឹកនាំនៅក្នុងដំណើរកម្សាន្តដ៏រីករាយក្នុងរយៈពេល៣ថ្ងៃកន្លងទៅនេះបានបង្ហាញពីក្ដីសប្បាយចិត្តក្រៃលែងដែលទទួលបានឱកាសពីសំណាក់ថ្នាក់ដឹកនាំក្រុមហ៊ុនកំពូលដែលអនុញ្ញាតឱ្យចូលរួមជាមួយបណ្តាបុគ្គលិកទាំងអស់របស់ក្រុមហ៊ុននៅក្នុងព្រឹត្តិការណ៍នៃដំណើរកម្សាន្តមួយនេះ។
កញ្ញាបានបញ្ជាក់ថា ៖ «តំណាងឱ្យបុគ្គលិកទាំងអស់ នាងខ្ញុំសូមថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំក្រុមហ៊ុនគ្រប់លំដាប់ថ្នាក់ ជាពិសេសលោកឧកញ៉ា នួន រិទ្ធី ដែលបានអនុញ្ញាតឱ្យមានការរៀបចំព្រឹត្តិការណ៍ដ៏សំខាន់ និងផ្តល់ភាពរីករាយដល់បណ្តាបុគ្គលិក និងអ្នកដែលបានចូលរួមនៅក្នុងកម្មវិធីដំណើរកម្សាន្តផ្សារភ្ជាប់តំបន់ជាមួយធម្មជាតិដ៏រីករាយមួយនេះ»។
អ្នកនាងបានបន្តថា ៖ «តាមរយៈកម្មវិធីទេសចរណ៍កម្សាន្តរយៈពេល៣ថ្ងៃនៅក្នុងទឹកដីដ៏សែនមនោរម្យនៃទឹកដីមណ្ឌលគីរីរបស់ក្រុមហ៊ុន KFA Group កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ ក្រៅពីបានសប្បាយរីករាយជាមួយដំណើរកម្សាន្តនៅភាគខាងឦសានប្រទេស ការស្វែងយល់ពីស្ថានភាពនៃការរស់នៅរបស់ប្រជាជនក្នុងតំបន់ ក៏ដូចជាកម្រិតសេដ្ឋកិច្ចប្រចាំខេត្តនោះ គ្រប់បណ្តាបុគ្គលិកមកពីសាខាតាមខេត្តទាំងអស់ ក៏ដូចជានៅរាជធានីភ្នំពេញ សុទ្ធតែបានទទួលនូវចំណេះដឹងបន្ថែមតាមរយៈកម្មវិធីប្រឹក្សា ការសាមគ្គីគ្នា និងការធ្វើបទបង្ហាញពីបទពិសោធន៍ល្អៗក្នុងការបំពេញការងារ ប្រកបដោយប្រសិទ្ធភាព ភាពជោគជ័យកាលពីពេលកន្លងមកពីសំណាក់ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន»។
ជាការបង្ហាញនូវទស្សនៈទានផ្ទាល់ខ្លួនចំពោះព្រឹត្តិការណ៍ដ៏រីករាយមួយនេះ កញ្ញា ប៉ុន ធីតា បានបញ្ជាក់ថា នេះជាការបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់ក្រុមហ៊ុនដែលទទួលបានភាពរីកចម្រើនជោគជ័យ ហើយបន្តចែករំលែកទាំងធនធាន ទាំងចំណេះដឹង និងឱកាសបន្ថែមដល់ក្រុមការងារ ក៏ដូចជាបុគ្គលិកគ្រប់លំដាប់ថ្នាក់ ហើយរំពឹង និងជឿជាក់ថា កម្មវិធីនៃព្រឹត្តិការណ៍នឹងមានជាបន្តបន្ទាប់ទៀត ជាមួយនឹងការតាំងចិត្តក្នុងការខិតខំបំពេញការងារ ភារកិច្ច កាតព្វកិច្ច ដែលជាការទទួលខុសត្រូវរបស់ខ្លួនចំពោះក្រុមហ៊ុន KFA Group ប្រកបដោយប្រសិទ្ធភាព និងរីកចំរើនជានិរន្ត៕