ខេត្តព្រះសីហនុ ៖អគារតេជោព្យាបាលជំងឺកូវីដ ១៩ មន្ទីរពិសោធន៍ និងម៉ាស៊ីនផលិតអ៊ុកស៊ីសែន ខេត្តព្រះ សីហនុ ត្រូវបានសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ នាព្រឹក ថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ ២០២២ក្រោយអធិបតី ភាពលោកជំទាវកិត្តិសង្គហបណ្ឌិតម៉ែនសំអនឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋ សភា-ព្រឹទ្ធ សភា និង អធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា។
លោក គួច ចំរើន អភិបាលនៃគណអភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា សមិទ្ធិផល ដែល បានដាក់ឲ្យប្រើប្រាស់នៅថ្ងៃនេះ រួមមាន អាគារជោព្យាបាលជំងឺកូវីដ-១៩ មួយខ្នងកម្ពស់ ០១ជាន់ មានទំហំ ៩០ម៉ែត្រ x ៣០ម៉ែត្រ ធ្វើពីគ្រឹះ សសរបេតុងដំបូលប្រក់ស័ង្កសី ដែលបានចំណាយថវិកាសាងសង់អស់ប្រមាណ ១.៧៤២. ៨៣០ដុល្លារ និង អគារមន្ទីរពិសោធន៍ ១ខ្នង ទំហំ ១៥.៨ម៉ែត្រ x ២៩ម៉ែត្រ ចំណាយថវិកាសាងសង់អស់ ចំនួន ២៧០.០០០ ដុល្លារអាមេរិក ដែលជាអំណោយដ៏ថ្លៃថ្លាបំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងការតម្លើងម៉ាស៊ីនផលិតអុកស៊ីសែន ដែលជាជំនួយមនុស្សធម៌របស់រដ្ឋាភិ បាលនៃសាធារណ រដ្ឋប្រជាមានិតចិន សម្រាប់ផ្គត់ ផ្គង់ដល់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ។
លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានកោតសសើរដល់រដ្ឋបាលខេត្ត ក៏ដូចជា អាជ្ញាធរពាក់ព័ន្ទទាំង អស់ ដោយសមិទ្ធផលដែលបានដាក់សម្ពោធថ្ងៃនេះ គឺឆ្លុះបញ្ចាំងនូវភាពរីកចម្រើន ឥតឈប់ឈរ នៃវិស័យ សុខាភិបាល ជាពិសេស ការចូលរួមចលនាពីមហាជនគ្រប់ទិសទី ដែលបានសាងសង់ មន្ទីរពេទ្យបង្អែកនេះ ដើម្បីបំពេញបន្ថែមដល់ការផ្តល់សេវាសុខភាពដែលកំពុងមានស្រាប់ទាំងផ្នែករដ្ឋ និងឯកជន និង រួមចំណែក ដោះស្រាយការលំបាករបស់ប្រជាជននៅមូលដ្ឋានផង និងជួយជំរុញវិស័យសុខាភិបាលផង។ អាគារថ្មីមួយនេះ រួមជាមួយនឹងការបំពាក់នូវឧបករណ៍ទំនើបៗ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុង ការផ្តល់សេវាថែទាំ និងព្យា បាលជម្ងឺកូវីដ និងជំងឺទូទៅ ជូនប្រជាពលរដ្ឋយើង ជាពិសេស ស្ត្រីនិងកុមារនឹងជម្រុញវិស័យសុខាភិបាលនៅក្នុង ខេត្តព្រះសីហនុឱ្យកាន់តែប្រសើរឡើង។
ជាមួយគ្នានេះ លោក ជំទាវ ក៏បានកោតសរសើរ ដល់បុគ្គលិកសុខភិបាល និងស្នើរ ឲ្យ ក្រុមគ្រូពេទ្យទាំង អស់ប្រកាន់ភ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈនិងត្រូវបន្តការខិតខំអនុវត្តភារកិច្ចរបស់ខ្លួនដោយស្មារតីទទួលខុសត្រូវខ្ពស់ជាពិសេសការលុបបំបាត់សេវាសុខាភិបាលខុសច្បាប់និងឱសថក្លែងក្លាយដើម្បីផ្ដល់សេវាសុខភាពឱ្យកាន់តែមានគុណភាពសំដៅលើកកម្ពស់ប្រសិទ្ធភាពនៃការការពារសុខភាពនិងព្យាបាលឱ្យកាន់តែប្រសើឡើងជាពិសេស ត្រូវមានទឹកចិត្ដ អាណិតស្រលាញ់អ្នកជំងឺ ដែលជាអ្នកមកទទួលនិងប្រើប្រាស់ សេវានៅមន្ទីរពេទ្យជាមួយកាយវិការទន់ភ្លន់ សម្តីផ្អែមល្ហែម ចេះគួរសម សុភាពរាបសារ ដាក់អ្នកជំងឺ។ហើយត្រូវរួមគ្នា ជួយ ថែរក្សាសមិទ្ធិ ផលទាំងនេះ ដើម្បីជាប្រយោជន៍សម្រាប់សុខភាពសាធារណៈនៅខេត្តព្រះសីហនុរបស់យើងបានយូរអង្វែង ៕
(ដោយនាគសមុទ្រ)