ហ្វេសបុកឈ្មោះ Um San ខមិនលើហ្វេសបុកផេករបស់សម្តេចក្រឡាហោម ស ខេង ដោយចោទថា រដ្ឋបាលសង្កាត់លេខ ០១មានភាពយឺតយ៉ាវក្នុងការផ្តល់សេវាសំបុត្រអាពាហ៍ពិពាហ៍

0

ខេត្តព្រះសីហនុ ៖ក្រោយពីមាន បញ្ហារនេះ កើតឡើង លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្ត ព្រះសីហនុ នាព្រឹកថ្ងៃទី ២៨ខែ កញ្ញា ឆ្នាំ ២០២២នេះបានបើក​កិច្ចប្រជុំភ្លាមៗដើម្បីរកដោះស្រាយ ក្នុង គោលបំណងរកឲ្យឃើញឬសគល់នៃមួលហេតុ។

ជាកិច្ចចាប់ផ្តើមលោក អភិបាលខេត្ត បានអានខ្លឹមសារសង្ខេបដែលហ្វេសបុកឈ្មោះ Um San បានខមិនលើហ្វេសបុកផេករបស់ សម្តេច ក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃដូខាងក្រោម ៖សូមគោរពសម្ដេចក្រឡាហោមជាទីគោរពដ៏ខ្ពង់ខ្ពស់ខ្ញុំបាទជាប្រជាពលរដ្ឋរស់នៅសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ខ្ញុំបាទធ្លាប់បានឮសេចក្ដីណែនាំរបស់ក្រសួងមហាផ្ទៃ ស្ដីអំពីការមិនយកថ្លៃធ្វើសំបុត្រកំណើត សំបុត្រមរណភាព និងធ្វើសំបុត្រអាពាហ៍ពិពាហ៍ជាដើម។ ប៉ុន្តែជាក់ស្តែងនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុពេលនេះខ្ញុំបាទបានធ្វើសំបុត្រអាពាហ៍ពិពាហ៍ជាងមួយខែហើយនៅតែធ្វើមិនហើយតែបើអ្នកដែលឱ្យលុយចាប់ពី ១០០ដុល្លា ឡើងទៅក្នុងរយៈពេល៣ថ្ងៃគឺបានហើយ។ តើនេះគឺមកពីខ្ញុំបាទមិនមានលុយ ឱ្យពួក គាត់ឬ? សូមសម្តេចមេត្តាជ្រាប។ ខ្ញុំបាទសូមអភ័យទោសចំពោះសម្តេច សូមអរគុណសម្តេច។

លោក អ៊ុ ញ៉ាត ម្ចាស់គណនីហ្វេសបុក Um San បានទទួលស្គាល់ការខមិនរបស់លោកចូលក្នុង ហ្វេសបុកផេក របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គឺដោយ សារលោកមានការអន់ចិត្តចំពោះការស្នើសុំធ្វើសំបុត្រអាពាហ៍ពិពាហ៍មានភាពយឺតយ៉ាវ ដោយលោក មិនបានដឹងថា បង្កឱ្យមានរឿងរាវបែបនេះទេ។ ដោយលោកខមិននេះ ក្នុងន័យស្ថាបនា និងសូមអភ័យ ទោសថ្នាក់ដឹកនាំ សង្កាត់ ក្រុង ខេត្ត ដោយសារខមិននេះ ធ្វើឱ្យប៉ះពាល់ដល់សង្កាត់ គឺគ្រាន់តែមានគោល បំណងស្ថាបនាតែមួយគត់ មិនមានគោលបំណងផ្សេងនោះទេ។

លោក ឈិត សុផាត ចៅសង្កាត់លេខ១ ក្រុងព្រះសីហនុ ឱ្យដឹងថា ករណីផ្តល់សេវាតាមយន្តការច្រក ចេញចូលតែមួយនៅសាលាសង្កាត់លេខ១ គឺមន្ត្រីអនុវត្តតាមនីតិវិធី។ ចំពោះការយឺតយ៉ាវខ្លះដោយសារតែ ចំនួនឯកសារស្នើសុំគ្រប់ទម្រង់របស់ពលរដ្ឋមានច្រើនដោយសារសង្កាត់លេខ១កំពុងប្រកាសជាតំបន់វិនិច្ឆ័យ ហើយចំនួនមន្ត្រីបំពេញការងារមានកំណត់។ ដោយឡែកចំពោះការលើកឡើងថា អ្នកឱ្យប្រាក់ធ្វើបានលឿន គឺពុំមានករណីនេះទេ។ ហើយកន្លងមក រដ្ឋបាលសង្កាត់លេខ១ ក៏បានអញ្ជើញលោក  អ៊ុ ញ៉ាត ភេទប្រុស អាយុ៤៦ឆ្នាំទីលំនៅភូមិ៣សង្កាត់លេខ១ក្រុងព្រះសីហនុដើម្បីបញ្ជាក់ពីអ្វីដែលលោកបានលើកឡើងក្នុងផេកសម្តេចក្រឡាហោម ស ខេង។ ក្នុងនោះលោកអ៊ុញ៉ាតបានបញ្ជាក់ថាលោកមានការអន់ចិត្តចំពោះការផ្តល់សេវាយឺត និងថាមិនមានមន្ត្រីសង្កាត់រូបណាតម្រូវឱ្យបង់ប្រាក់១០០ដុល្លាដើម្បីធ្វើបានលឿននោះទេ។ហើយបច្ចុប្បន្នសំបុត្រ អាពាហ៌ដែលបានស្នើសុំនោះគឺលោកទទួលបានហើយក្នុងនោះលោកក៏បានធ្វើកិច្ចសន្យាទទួលស្គាល់នូវកំហុសពីការផ្តល់ព័ត៌មានមិនត្រឹមត្រូវនេះដែរ។

 

ក្រោយបានស្តាប់ការពន្យល់ និងការបកស្រាយរួចមកលោក គួច ចំរើន អភិបាលខេត្ត បានធ្វើការក្រើនរំលឹក ជារួមដល់មន្ត្រីមូលដ្ឋានឃុំសង្កាត់ឱ្យខិតខំពន្លឿនក្នុងការផ្តល់សេវាជូនពលរដ្ឋតាមយន្តការច្រកចេញចូលតែមួយ និងត្រូវពិនិត្យមើលថាឯកសារណាដែលពលរដ្ឋត្រូវការចាំបាច់មិនអាចពន្យាពេលយូរបានត្រូវតែខិតខំដោះស្រាយ តាមនីតិវិធីឱ្យបានលឿន។ ហើយគ្រប់សេវាដែលខកខានមិនបានផ្តល់ជូនពលរដ្ឋភ្លាមៗ មន្ត្រីត្រូវប្រាប់ ពន្យល់ពលរដ្ឋឱ្យបានជ្រាបពីមូលហេតុនិងត្រូវកំណត់រយៈពេលច្បាស់លាស់ដើម្បីឱ្យពលរដ្ឋទៅទទួលយកមិនខកពេល។លោកអភិបាលខេត្តបានលើកឡើងថាឯកឧត្តមមិនមានការហាមឃាត់លើសេរីភាពក្នុងការបញ្ចេញមតិនោះទេ ប៉ុន្តែស្នើសុំលើកឡើងពីអ្វីដែលជាការ ពិត។ជាមួយគ្នានេះ លោក គួច ចំរើន អភិបាលខេត្ត ក៏បានចាត់ក្រុមការងាររដ្ឋបាលខេត្ត និងរដ្ឋបាលក្រុង ព្រះសីហនុដើម្បីចុះជួយការងារផ្តល់សេវាអត្រានុកូលដ្ឋានដែលកំពុងមានសំណើសុំច្រើននៅសង្កាត់លេខ១ឱ្យបានឆាប់រួចរាល់។លោកអភិបាលខេត្តបានបន្ថែមថាចំពោះឃុំសង្កាត់ណាដែលមានការប្រកាសជាតំបន់វិនិច្ឆ័យគឺត្រូវបន្ថែមសម្ភារ និងមន្ត្រីដើម្បីជួយបំពេញការងារបានលឿនឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។

លោក គួច ចំរើន ខេត្តបញ្ជាក់ថា រដ្ឋបាលខេត្តព្រះសីហនុ បានដាក់ឱ្យដំណើរការយន្តការសេវាច្រក ចេញចូលតែមួយនៅតាមឃុំសង្កាត់ទាំង២៩ ទូទាំងខេត្តព្រះសីហនុ កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ កន្លងមក ដើម្បីដោះស្រាយការបំរើសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន ប្រកបដោយគុណភាព តម្លាភាព និងភាពជឿជាក់ កាត់បន្ថយពេលវេលា លុបបំបាត់អំពើពុករលួយ និងការងារអសកម្មនៅតាមមូលដ្ឋាន៕

(ដោយ នាគសមុទ្រ)