ខេត្តស្វាយរៀង៖ព្រឹកថ្ងៃចន្ទ ៨កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២នេះលោក ប៉េង ពោធិ៍សា អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តបានអញ្ជេីញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខដំណែងអភិបាលរងក្រុងស្វាយរៀងចំនួន២រូបរួមមាន៖១-លោក ឃុន រតនា ឋានរស័ក្កិគ្រូបង្រៀនកម្រិតឧត្តមដេីមខ្សែថ្នាក់លេខ២ នៃក្របខ័ណ្ឌគ្រូបង្រៀនកម្រិតឧត្តម ក្រសួងអប់រំ យុវជន និងកីឡា ជាអភិបាលរងនៃគណៈអភិបាលក្រុងស្វាយរៀង។ ២-លោក ហេង សៅខេមរា ឋានន្តរសក្កិអភិបាល ថ្នាក់លេខ១ នៃក្របខ័ណ្ឌមន្ត្រីរាជការនៃក្រុមនិតិបញ្ញត្តិ ជាអភិបាលរង នៃគណៈអភិបាលក្រុងស្វាយរៀង។ ពិធីនេះក៏មានការអញ្ជេីញចូលរួមពីក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុង លោកនាយកទីចាក់ការធនធានមនុស្ស កងកម្លាំងទាំង ៣ចំណុះសាលាខេត្ត លោក លោកស្រីប្រធាន តំណាងមន្ទីរអង្គភាពនានាក្នុងខេត្ត កងកម្លាំងទាំង ៣ចំណុះសាលាក្រុង លោក លោកស្រីប្រធានការិយាល័យ អង្គភាពចំណុះសាលាក្រុង លោក លោកស្រីចៅសង្កាត់ ស្មៀនសង្កាត់ និងប៉ុស្តិ៍រដ្ឋបាលសង្កាត់ទាំង ៧ក្នុងក្រុងស្វាយរៀង។ លោកអភិបាលរងខេត្តមានប្រសាសន៍ ផ្ដាំផ្ញើដល់គណៈអភិបាលរងក្រុងស្វាយរៀងដែលទើបតែងតាំង និងមន្ត្រី រាជការក្នុងរចនាសម្ព័ន្ធរដ្ឋបាលសាលាក្រុងទាំងអស់ ត្រូវយកចិត្តទុកដាក់ អនុវត្តនូវកិច្ចការសំខាន់ៗមួយចំនួនដូចខាងក្រោម៖១.ត្រូវចូលរួមសហការពង្រឹងការសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងពង្រឹងរបៀបរបបធ្វើការងារ ទំនាក់ទំនងការងារឱ្យបានល្អ នៅក្នុងក្រុមប្រឹក្សា គណៈអភិបាលក្រុង មន្ត្រីរាជការ និងកម្លាំងសមត្ថកិច្ចគ្រប់ប្រភេទ ដោយឈរលើមូលដ្ឋាននៃការលើកកម្ពស់ប្រសិទ្ធភាពការងារ និងធានានិរន្តភាពការងាររដ្ឋបាលក្រុង ឱ្យកាន់តែមានភាពល្អប្រសើរ។២.ត្រូវចូលរួមបង្កើនកិច្ចសហការក្នុងចំណោមអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងការ ថែរក្សា ពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ផ្សព្វផ្សាយច្បាប់ចរាចរណ៍ ការបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសនានា ដូចជាការជួញដូរ ការប្រើប្រាស់គ្រឿងញៀន ក្មេងទំនើង និងការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដែលកើតមានឡើងក្នុងដែនសមត្ថកិច្ចរបស់ខ្លួន តាមរយៈ ការបន្តជំរុញនិងបំផុលចលនាឱ្យមានការចូលរួមអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ឱ្យបានតឹងរឹង និងម៉ឺងម៉ាត់។៣.ត្រូវចូលរួមសហការជួយការងាររដ្ឋបាលក្រុង គណៈអភិបាលក្រុង ឱ្យបានល្អពិសេសមានការគិតគូរ ពីផលប្រយោជន៍ជាតិ និងប្រជាជនជាធំ និងចូលរួមលើកកម្ពស់ការផ្ដល់សេវាសាធារណៈទាំងសេវាតម្រូវការ និងសេវាសំណូមពរ ជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ និងមានប្រសិទ្ធភាព។៤.រដ្ឋបាលក្រុង ត្រូវយកចិត្តទុកក្នុងការបន្តអនុវត្តវិធានការដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ (៣ការពារ៣កុំ) និងការដោះស្រាយផលប៉ះពាល់ដែលបណ្តាលមកពីវិបត្តិនៃជំងឺនេះ និងត្រូវជម្រុញ ដឹកនាំការងារចាក់វ៉ាក់សាំងឱ្យកាន់តែសកម្មថែមទៀត ទាំងដូសមូលដ្ឋាន និងដូសជម្រុញ (ទី៣ ទី៤ និងទី៥) ។៥. រដ្ឋបាលក្រុង ត្រូវជួយគាំទ្រដល់រដ្ឋបាលសង្កាត់ ក្នុងការរៀបចំយន្តការច្រកចេញចូលតែមួយដើម្បីបង្កលក្ខណៈងាយស្រួល ជូនដល់ប្រជាពលរដ្ឋ ពេលមកស្នើសុំនិងទទួលសេវាស្របតាម សេចក្តីណែនាំលេខ ០១៨ ដែលនៅថ្នាក់ឃុំ សង្កាត់ ដែលមានតួអង្គស្នូល ចំនួន០៥ ជាអ្នកបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋមូលដ្ឋានរបស់ខ្លួនគ្រប់គ្រងអោយបានទាន់ពេលវេលាប្រកបដោយតម្លាភាពខ្ពស់៕គឹម សេង