លោកសាយ គឹមឡម អភិបាលស្រុកស្ទោងបានលើកឡើងថា ពុទ្ធចក្រនិងវិស័យឯកជនជាដៃគូមនុស្សធម៌ដ៏មានសក្តានុពលក្នុងការសង្គ្រោះពលរដ្ឋក្នុងមូលដ្ឋានពេលមានទុក្ខលំបាក៖

0

នៅរសៀល ថ្ងៃទី04 ខែតុលា ឆ្នាំ2022 លោកសាយ គឹមឡម អភិបាលស្រុកស្ទោង និងសហការី បានទទួលអំណោយសប្បុរសធម៌ ពីព្រះគ្រូព្រះតេជគុណព្រះបុណ្ណញ្ញាណ ណិប អ៊ាន ព្រះរាជាគណៈថ្នាក់កិត្តិយសនៃព្រះរាជាណាចក្រកម្ពុជានិងជាព្រះធម្មធរគណៈ ខេត្តកំពង់ធំ ព្រះអនុគណស្ដីទីស្រុកស្ទោងនិងជាព្រះគ្រូចៅអធិការវត្តឃ្លាំងខ្មូត និងព្រះគណៈសង្ឃព្រមទាំងមន្ត្រីសង្ឃនិងព្រះគ្រូចៅអធិការវត្ត នៅក្នុងស្រុកស្ទោងបានឧបត្ថម្ភនូវ សម្ភារៈ គ្រឿងឧបភោគបរិភោគ និងបច្ច័យមួយចំនួនធំ ដល់រដ្ឋបាលស្រុក សម្រាប់ ចែកជូនបន្តជាកិច្ចការមនុស្សអម៌ជូនដល់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានដែលកំពុងមានជីវភាពខ្វះខាតក៏ដូចជាកុំពុង រងគ្រោះដោយជំនន់ទឹកភ្លៀងមួយរយពេលចុងក្រោយនេះ។
ថ្លែងនៅក្នុងឱកាសដ៏វិសេសវិសាលនេះ លោកសាយ គឹមឡម លើកឡើងថា ” ពុទ្ធចក្រនិងវិស័យឯកជនជាដៃគូមនុស្សធម៌ដ៏មានសក្តានុពលមិនអាចកាត់ថ្លៃបានក្នុងការសង្គ្រោះប្រជាពលរដ្ឋក្នុងមូលដ្ឋានក្នុងគ្រាលំបាក ” ហើយលោកបានថ្លែងអំណរគុណ យ៉ាងជ្រៀលជ្រៅ ដល់ព្រះគ្រូ ព្រះអនុគណស្រុកនិងព្រះសង្ឃព្រមទាំង ព្រះគ្រូចៅអធិការ គ្រប់វត្ត និងលោកអាចារ្យគណៈកម្មការវត្ត ព្រមទាំងសប្បុរសជននានា ដែលតែងតែបានឧបត្ថម្ភនូវ សម្ភារៈ គ្រឿងឧបភោគបរិភោគ និងបច្ច័យមួយចំនួនធំ ដល់រដ្ឋភិបាលស្រុក សម្រាប់ ចែកជូនបន្តដល់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានដែលកំពុងមានជីវភាពខ្វះខាតក៏ដូចជាកំពុងរងគ្រោះដោយទឹកជំនន់ក្នុងរយពេលចុងក្រោយឬរងគ្រោះដោយឧបទ្ទវហេតុផ្សេងៗ ។
លោកសាយ គឹមឡម បានបន្ថែមឲ្យដឹងថា អំណោយទាំងនេះ គឺជាការយកព្រះទ័យទុកដាក់ របស់ ព្រះគ្រូព្រះអនុគណស្រុកនិងគណៈសង្ឃស្រុក ជាមួយនឹងរដ្ឋបាលស្រុកក៏ដូចជាការផ្សារភ្ជាប់រវាងពុទ្ធចក្រនិងអាណាចក្រ ដែលជាដៃគូក្នុងការ ជួយសង្គ្រោះក៏ដូចជាកិច្ចការមនុស្សធម៌ដ៏មានសក្តានុពលយ៉ាងសំខាន់ចាំបាច់មិនអាចកាត់ផ្ដាច់បាន ។
ជាចុងបញ្ចប់ លោកសាយ គឹមឡម បានគោរពប្រគេនពរព្រះអង្គគ្រូព្រះអនុគណ និងព្រះមន្ត្រសង្ឃគ្រប់អង្គសូមមានព្រះសុខភាពល្អបរិបូណ៌គង់នៅជាសុខក្នុងភេទជាបព្វជិតបានដឹកនាំភិក្ខុសាមណេរប្រព្រឹត្តបដិបត្តិធម៌វិន័យគង់វង្សក្រោមម្លប់ពុទ្ធសាសនាតទៅ។