(កំពង់ធំ)÷ ឯកឧត្តម ញឹក បានខេង អភិបាលរងខេត្តកំពង់ធំ និងក្រុមការងារថ្នាក់ខេត្ត ព្រមទាំងអាជ្ញាធរមូលដ្ឋានភូមិសង្កាត់ បានចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ និងពិនិត្យមើលផ្លូវបេតុង ផ្លូវក្រាលគ្រួសក្រហមដែលរងការខូចខាតដោយទឹកជំនន់ ស្ថិតនៅស្នែងក្របី សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នារសៀលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២។
ឯកឧត្តមអភិបាលរងខេត្តកំពង់ធំ ក៏បានពាំនាំពីការសួរសុខទុក្ខរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ឯកឧត្តមតែងតែយកចិត្តទុកដាក់ គិតគូរដល់សុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ មិនដែលទុកបងប្អូនណាមួយអត់ស្បៀងនោះឡើយ។ ដោយសង្កេតឃើញថាពីទុក្ខលំបាកការរស់នៅ និងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ឯកឧត្តមអភិបាលរងខេត្ត ក៏បានលើកឡើងពីទឹកជំនន់ដែលជន់ធ្វើឲ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ដូចជាផ្លូវបេតុងប្រវែង ៥៩៥ម៉ែត្រទឹកកំពុងតែហូរពីលើ និងផ្លូវក្រាលគ្រួសក្រហមចំនួន១៥០០ម៉ែត្រដែលរងគ្រោះដោយទឹកជំនន់ ជន់ដោយទឹកភ្លៀង។
ជាមួយគ្នានេះផងដែរឯកឧត្តមអបាលរងខេត្ត ក៏បានបញ្ជាក់បន្ថែម ពីការហូរច្រោះចំពោះទឹកដែលហូបខ្លាំង និងបណ្ដាលឱ្យខូចផ្លូវបេតុង និងផ្លូវក្រាលគ្រួសក្រហមដោយកត្តាធម្មជាតិ។ សូមលើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋានលោកតែងតែខិតខំច្រកដីទប់ការពារទឹក ចុះសួរសុខទុក្ខផ្សព្វផ្សាយពីការគ្រោះថ្នាក់ផ្សេងៗ ដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងសែន ខេត្តកំពង់ធំ។
ឯកឧត្តមអភិបាលរងខេត្តក៏បាន សំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងសែន ត្រូវមានការប្រុងប្រយ័ត្នខ្ពស់បំផុតចំពោះក្មេងតូចៗ ពីការលង់ទឹក ការឆ្លងចរន្តអគ្គិសនី និងសត្វអសិរពិសអាចបណ្ដាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិត។ បងប្អូនប្រជាពលរដ្ឋធ្វើដំណើរដោយមានការប្រុងប្រយ័ត្នផង ដោយសារទឹកជំនន់លិចផ្លូវ ដាច់ផ្លូវជាច្រើនកន្លែងលំបាកក្នុងការធ្វើដំណើរ និងចូលរួមថែរក្សាហេដ្ឋារចនាសម្ព័ន្ធនៅក្នុងមូលដ្ឋាន។