អភិបាលស្រុកស្ទោង ទទួលអំណោយពីសប្បុរសជននិងបន្តទៅសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់

0

(កំពង់ធំ)÷នៅរសៀលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងសហការី បានទទួលអំណោយពីសប្បុរសជន គឺលោក ឆេង ថុងស៊ាង និងកញ្ញា ឆេង សុខសាន្ត នូវអង្ករចំនួន ៥០០គីឡូក្រាម និងមីចំនួន៥០កេស សម្រាប់ជាការចូលរួមជាមួយរដ្ឋបាលស្រុក ក្នុងការចែកបន្តដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលកំពុងមានជីវភាពខ្វះខាតហើយរងគ្រោះដោយទឹកជំនន់ក្នុងស្រុកស្ទោង។

ជាមួយនេះផងដែរ លោកក៏បានបន្តទៅសួរសុខទុក្ខនិងចែកអំណោយដល់ប្រជាពលរដ្ឋចំនួន១៤គ្រួសារ ដែលកំពុងេស់នៅឃុំចំណារក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ ។ ក្នុងឱកាសដ៏វិសេសវិសាលនេះ លោកអភិបាលស្រុក ក៏បានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅដល់សប្បុរសជនជិតឆ្ងាយ ទាំងក្នុងស្រុកនិងក្រៅស្រុក ដែលតែងតែផ្តល់អំណោយមនុស្សធម៌ ក៏ដូចជាសហការជាមួយរដ្ឋបាលស្រុក ក្នុងការផ្ដល់នូវសម្ភារៈថវិកា សម្រាប់រដ្ឋបាលស្រុកមានលទ្ធភាពបន្តចែកជូនដល់ពលរដ្ឋ ដែលកំពុងរងគ្រោះនៅក្នុងមូលដ្ឋាន។ ជាពិសេសប្រជាពលរដ្ឋក្រីក្រ លើសពីនេះលោក សាយ គឹមឡម ក៏បានណែនាំដល់រដ្ឋបាលឃុំចំណារក្រោម ត្រូវចេះកៀរគរធនធានពីសប្បុរសជននានា ដើម្បីបានជាមូលនិធិសម្រាប់រដ្ឋបាលឃុំ ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយឧបទ្ទវហេតុឬទឹកជំនន់ជាដើម និងជាមូលនិធិក្នុងការថែទាំជួសជុល ផ្លូវលំ លូ ស្ពាន និងហេដ្ឋារចនាសម្ព័ន្ធនានា ដែលរងខូចខាតដោយទឹកជំនន់ជាដើម ។

ជាចុងបញ្ចប់លោកអភិបាលស្រុក បានឲ្យរដ្ឋបាលឃុំត្រូវផ្សព្វផ្សាយនិងជូនដំណឹងឲ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋរបស់ខ្លួនឲ្យទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា។

គួរបញ្ជាក់ផងដែរថា បងប្អូនប្រជាពលរដ្ឋទាំង១៤គ្រួសារក្នុងមួយគ្រួសារ ៗ ទទួលបាននូវអង្ករ០១បេ មី០១កេស ទឹកស៊ីអ៊ីវ០១យួរ និងទឹកត្រី០១យួរ ។