ទេសរដ្ឋមន្រ្តី លី ធុជ​ អះអាងថា​ ការងារបោសសម្អាតមីននៅខេត្តត្បូងឃ្មុំ សម្រេចបាន ៧០% នៃផែនការ ស្មើនឹង៩០ចំការមីន កម្ទេចបានជាង១ពាន់គ្រាប់

0

ត្បូងឃ្មុំ​: ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា បានអះអាងថា​ ការងារបោសសម្អាតមីនក្រោមគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីននៅខេត្តត្បូងឃ្មុំ “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម” សម្រេចបានប្រមាណ ៧០% នៃផែនការបោសសម្អាតលើផ្ទៃដីសរុប ៤.៦៨៧.៣១៧ ម៉ែត្រក្រឡា ស្មើនឹង ៩០ចម្ការមីន ដោយបានរកឃើញ និងកម្ទេចគ្រាប់មីនប្រឆាំងមនុស្សចំនួន ៧៦គ្រាប់មីន​ ប្រឆាំងរថក្រោះ ១៥គ្រាប់ និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ១០៨០គ្រាប់​​ ការថ្លែងបែបនេះ​ក្នុង​ឱកាស​ចុះពិនិត្យសកម្មភាពបោសសម្អាតមីន ក្រោមគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម” ស្ថិតក្នុងឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នាថ្ងៃទី​៥​ ខែ​តុលា​ ឆ្នាំ​២០២២​ ។

ថ្លែងក្នុងពិធីនោះ​ដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា បានបញ្ជាក់ថា ការងារបោសសម្អាតមីន និងកម្ទេចគ្រាប់នាថ្ងៃនេះ បានកើតចេញពីកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងការដោះស្រាយបញ្ហាគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅសេសសល់ក្រោយសង្រ្គាម ដែលធនធានទាំងនេះ បានមកពីការបំផុសឲ្យមានចលនាជាតិលប់បំបាត់គ្រាប់មីនឲ្យអស់ក្នុងឆ្នាំ២០២៥ របស់សម្តេចតេជោ​ ។

បេីតាមរបាយការណ៍​របស់​ ឯកឧត្តមឧត្តមសេនីយ៍ទោ សែម រតនា បានគូសបញ្ជាក់ថា គម្រោងបោសសម្អាតមីននៅក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ នេះមានរយៈ ៦ខែ ចាប់ពីថ្ងៃទី១៥​ ខែកក្កដា ឆ្នាំ២០២២ គិតមកដល់នេះមានរយៈពេលជាង ៣ខែ ប្រតិបត្តករ (NPMEC) បោសសម្អាតសម្រេចបាន ៧០ភាគរយ និងបញ្ចប់ការដ្ឋានបោសម្អាតមីន ១០០ភាគរយ មុនផែនការ នៅចុងខែវិច្ឆិកា ឆ្នាំ ២០២២ ក្នុងនោះដែរ កងកម្លាំងក៏បានបន្តស្រាវជ្រាវ តំបន់ដែលមានគ្រាប់មីន មិនទាន់ផ្ទុះក្នុងតំបន់ស្រុកមេមត់ មានចំនួន ១៣០ ហិចតា ដោយបានលើកគម្រោងស្នើសុំទៅសម្តេចតេជោ ដើម្បីបន្តការបោសសម្អាតមីនទាំងនេះ អោយអស់ផងដែរ ។

ជាមួយ​គ្នា​នោះ​ ឯកឧត្តម គន់ រ័ត្នមុនី អភិបាលរងខេត្ត មានប្រសាសន៍ស្វាគមន៍ និងបានលើកឡើងថា ស្រុកមេមត់ គឺជាតំបន់ប្រវត្តិសាស្រ្តសង្រ្គាមតស៊ូ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង ឥស្សរជនខ្មែរស្នេហាជាតិជាច្រើនរូបទៀត ដើម្បីរំដោះប្រទេសចេញពីរបបវាលពិឃាត ប៉ុល ពត ដោយសង្រ្គាមបានបន្សល់នូវគ្រាប់មីន និងគ្រាប់យុទ្ធភ័ណមិនទាន់ផ្ទុះជាច្រើន ដែលបណ្តាលអោយប្រជាជនស្លាប់ និងពិកាដល់បច្ចុប្បន្ននេះ ៕