លោកឯម ភាព អភិបាលរងខេត្តព្រះសីហនុ ដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និស្សិតប្រមូលសំរាមតាមឆ្នេរសមុទ្រ

0

ខេត្តព្រះសីហនុ ៖ក្នុងឱកាសប្រារព្ធទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២២ ក្រោមប្រធានបទ (ការគិតគូរ ទ្បើង វិញពីទេសចរណ៍) នាព្រឹក ថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០២២ នេះ លោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ បាន ដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និស្សិត ដើរប្រមួលសំរាមតាម ទីសាធារណៈតំបន់ឆ្នេរអូឈើទាល ។

លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានឱ្យដឹង ថារាជរដ្ឋាភិបាលបាន រៀបចំប្រារព្ធទិវាទេសចរណ៍ពិភពលោកនៅថ្ងៃទី២៧ ខែកញ្ញា ហើយព្រះរាជាណាចក្រកម្ពុជា ក៏ បានរៀបចំ ប្រារព្ធទិវាពិភពលោកឆ្នាំ២០២២នេះផងដែរ ក្រោមប្រធានបទ “ការស្តាឡើងវិញនៃវិស័យទេសចរណ៍” ហើយ សកម្មភាពថ្ងៃនេះ ជាយុទ្ធនាការសំអាតអនាម័យ បរិស្ថាន និងជាការចូលរួមប្រឡងប្រណាំងទីក្រុងស្អាត ឆ្នេរ ស្អាត បន្ទប់ទឹកស្អាត ដើម្បីឆ្ពោះទៅចូលរួមការរៀបចំបុណ្យសមុទ្រ និងមហាសន្និបាតក្លឹបឆ្នេរសមុទ្រស្អាត ជាងគេលើពិភពលោកនៅចុងឆ្នាំ២០២២ និងមានព្រឹត្តការណ៍អន្តរជាតិផ្សេងៗទៀត។ ទិវាទេសចរណ៍ ពិភព លោក ក្នុងគោលបំណងសំខាន់ គឺធ្វើយ៉ាងណារួមគ្នាលើកកម្ពស់វិស័យទេសចរណ៍ ផ្តោតសំខាន់ការ សហការ ជាមួយស្ថាប័នអន្តរជាតិស្ថាប័នជាតិវិស័យឯកជនរៀបចំអភិវឌ្ឍគោលដៅទេសចរណ៍ឱ្យមានផលិតផលទេសចរណ៍ សេវាកម្មទេសចរណ៍ប្រកបដោយសម្បុរបែប និងគុណភាព មានសណ្តាប់ធ្នាប់ សុវត្ថិភាព មានការចូលរួម អភិវឌ្ឍធនធានមនុស្សអភិវឌ្ឍបច្ចេកវិទ្យាហេដ្ឋារចនាសម្ព័ន្ធការផ្សព្វផ្សាយធ្វើយ៉ាងណាឱ្យគោលដៅទេសចរណ៍ខេត្តព្រះសីហនុ មានផលិតផល ការទាក់ទាញទេសចរណ៍ជាតិ អន្តរជាតិមកលេងកម្សាន្តមកខេត្តព្រះសីហនុ ឱ្យពួកគាត់មានភាពសប្បាយរីករាយ។ ការងារទាំងអស់នេះទទួលបានជោគជ័យ គឺត្រូវមាន ការចូលរួមពីវិស័យ ឯកជន ការរក្សាតម្លៃសេវាកម្ម ការវិនិយោគបន្ថែមជាច្រើនទៀតក្រៅពីឆ្នេរ កោះ។

លោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ ៖សារលិខិតសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីឆ្លើយតបកាលានុវត្តភាពក្នុងការស្ដារ និងលើកស្ទួយវិស័យទេសចរណ៍ប្រកប ដោយភាពធន់ និងវិវត្តកាន់តែប្រសើរជាងមុន ជាធាតុចូលដ៏សំខាន់ក្នុងការគិតគូរធ្វើការអភិវឌ្ឍន៍ និងកែទម្រង់ ស៊ីជម្រៅចំពោះអនាគតវិស័យទេសចរណ៍សម្រាប់យើងទាំងអស់គ្នា។ជំរុញការអភិវឌ្ឍន៍គោលដៅទេសចរណ៍ប្រកបដោយគុណភាព សុវត្ថិភាព ភាពទាក់ទាញ គំនិតច្នៃប្រឌិត និងកាលាអនុវត្តភាព ព្រមទាំងជំរុញផ្សព្វ ផ្សាយ តាមគ្រប់រូបភាព។ ជំរុញការកសាងផែនការរួមគ្នា ការប្រើប្រាស់រួមគ្នា និងអភិបាលកិច្ចស៊ីចង្វាក់រួមគ្នា ដោយ ឈរលើ អភិក្រម។

តាមគោលដៅទេសចរណ៍ត្រូវពិនិត្យរៀបចំយន្តការគ្រប់គ្រងគោលដៅទេសចរណ៍ហើយគ្រប់ ភាគីពាក់ព័ន្ធរដ្ឋ ឯកជន សហគមន៍ទេសចរណ៍ ពិសេសអនុញ្ញាតឱ្យអាជីវកម្មទេសចរណ៍គ្រប់កម្រិតទាំងខ្នាតតូច ខ្នាតមធ្យមមានការរួមគិតរួមធ្វើរួមទទួលខុសត្រូវក្នុងការអភិវឌ្ឍន៍ទេសចរណ៍និងបង្កើនភាពប្រកួតប្រជែងគោលដៅរបស់ខ្លួន។ ជំរុញការអភិវឌ្ឍឌីជីថលរូប នីយកម្មនៅក្នុងដំណើរការអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជា ដើម្បី ពង្រឹងភាពធន់ប្រកបដោយចីរភាព គុណភាព និងឧត្តមភាពប្រកួតប្រជែង។ ការកសាងសេដ្ឋកិច្ច សង្គមឌីជីថល សេដ្ឋកិច្ចច្នៃប្រឌិត សេដ្ឋកិច្ចបៃតងនៅកម្ពុជា។ បន្តពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី កិច្ចសហប្រតិបត្តិការទេសចរណ៍ក្នុងក្របខណ្ឌអាស៊ាន (ASEAN) អេកមិច (ACMECS) CLMV (កម្ពុជា .ឡាវ.មីយ៉ាន់ម៉ា.វៀតណាម)ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គក៏ដូចជាកិច្ចសហប្រតិបត្តិការជាមួយទេសចរណ៍ពិភពលោក និងសហគមន៍ទេសចរណ៍អន្តរជាតិផ្សេងទៀត ដើម្បីទ្រទ្រង់ដល់ការជំរុញ លំហូរទេសចរណ៍អន្តរជាតិមកកម្ពុជាកាន់តែច្រើន៕

(ដោយនាគសមុទ្រ)