រដ្ឋបាលខេត្តព្រះសីហនុ និងក្រសួងទេសចរណ៏ បើកកិច្ចប្រជុំ ពិភាក្សា ត្រួតពិនិត្យការងាររៀបចំពិធីបុណ្យសមុទ្រឆ្នាំ២០២២

0

ខេត្តព្រះសីហនុ៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ និងលោកអភិបាលរងខេត្ត អភិបាលក្រុង កងកម្លាំងចម្រុះ ព្រមទាំងប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ បាន អញ្ជើញចូលរួមកិច្ចប្រជុំត្រួតពិនិត្យការងាររៀបចំពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ និងមហាសន្និបាត ក្លឹបឆ្នេរ សមុទ្រដែលស្អាតបំផុតលើសកលលោកឆ្នាំ២០២២។ដោយកិច្ចប្រជុំខាងលើនេះក្រោមអធិបតីដល់ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួងតាម រយៈ ប្រព័ន្ធ  Zoom Meeting ផងដែរ។

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ បានមានប្រសាសន៍ឱ្យដឹង ថាការរៀប ចំពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ និងមហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោកឆ្នាំ២០២២  ដែលប្រព្រឹត្តទៅខេត្តព្រះសីហនុ និងខេត្តកោះកុង ក្នុងខែធ្នូនាពេលខាងមុខដោយក្នុងនោះរដ្ឋបាលខេត្តបានចេញ សេចក្តីណែនាំមួយដើម្បីជូនដំណឹងដល់ប្រជាពលរដ្ឋឱ្យចូលរួមកែលម្អលំនៅឋាន និងទីតាំងអាជីវកម្មរបស់ពូក គាត់ អោយមានសោភ័ណភាព និងអនាម័យបរិស្ថាន ក្នុងការចូលរួមបុណ្យសមុទ្រនាពេលខាងមុខនេះ ចំណែក ឯក្នុងស្តង់ដោយត្រូវមានការលក់ផលិតផលពាក់ព័ន្ធអំពីឆ្នេរឱ្យបានកាន់តែច្រើនសមជាតារារះ នៃទិសនិរតី និងមានការរៀបចំពិព័រណ៌ផលិតផលក្នុងស្រុក ការដាក់បង្ហាញពីសមិទ្ធផល និងសក្តានុពល នៃខេត្តតំបន់ឆ្នេរ ហើយការផ្សព្វផ្សាយតាំងពិព័រណ៌សមិទ្ធផលនានា និងគម្រោងអភិវឌ្ឍទេសចរណ៍តំបន់ឆ្នេរ ក្រុមតន្ត្រីចល័ត ពេលថ្ងៃ មហោស្រពម្ហូបអាហារ និងតុបតែងលម្អពិធីបុណ្យ  ដើម្បីផ្សព្វផ្សាយដល់អាជីវករ ដើម្បីចូលរួមរៀប ចំការតាំងពិព័ណ៌ផលិតផលក្នុងស្រុកទាំង២៥ រាជធានី ខេត្ត។

នាឱកាសនោះផងដែរឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្ម ការ អន្តរក្រសួង បានមានប្រសាសន៍ក្នុងកិច្ចប្រជុំត្រួតពិនិត្យការងាររៀបចំពិធីបុណ្យសមុទ្រ និងមហាសន្និ បាទ ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោកឆ្នាំ២០២២ដោយយោងតាមរបាយការណ៍វឌ្ឍនភាពលទ្ធផលការងាររបស់អនុគណៈកម្មការនីមួយៗ និងរាយការណ៍ដោយអនុប្រធានលេខាធិការដ្ឋាន រួមទាំងរបាយការណ៍ វឌ្ឍន ភាពលទ្ធផលការងារ ស្ដីពីការត្រៀមរៀបចំមហាសន្និបាតក្លឹបឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសកលលោក ឆ្នាំ ២០២២ ដោយ ឯកឧត្តម ជុក ជំនោរ ប្រធាននាយកដ្ឋាន អភិវឌ្ឍន៍ផលិតផលទេសចរណ៍ និងជាអគ្គនាយករង ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក ដោយក្នុងនោះក៏មានមតិពិភាក្សារបស់ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុផងដែរ៕

(ដោយនាគសមុទ្រ)