(ខេត្តកែប)មន្ត្រីជំនាញ និងពលរដ្ឋលើកឡើងថា ផ្លូវក្រាលក្រួសក្រហមមួយខ្សែរ ស្ថិតនៅភូមិអន្ទង់ស ឃុំពងទឹក ស្រុកដំណាក់ចង្អើរខេត្តកែប និងរួចចំណែកសំខាន់ ក្នុងការជំរុញដល់តំបន់អេកូទេសចរណ៍ភ្នំវល្លិ៍ និងជីវភាពពលរដ្ឋក្នុងតំបន់ ឲ្យមានភាពល្អប្រសើរឡើង។
នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ រដ្ឋបាលខេត្តកែប បានរៀបចំពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផ្លូវលេខ 1 KEP7 (1333A) ប្រវែង ៣.៧៥០ ម៉ែត្រ ស្ថិតនៅភូមិអន្ទង់ស ឃុំពងទឹក ស្រុកដំណាក់ចង្អើរខេត្តកែប ក្រោមអធិបតីភាព ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប។
លោក ម៉ម ទូច ប្រធានមន្ទីរ សាធារណៈការ និងដឹកជញ្ជូនខេត្តកែប បានប្រាប់ ឲ្យដឹងថា ផ្លូវមួយខ្សែនេះប្រើថវិការបស់រាជរដ្ឋាភិបាលកម្ពុជា រួមនឹងជំនួយឥត សំណង ពីរដ្ឋាភិបាល និងប្រជាជនជប៉ុន។
លោកបានបញ្ជាក់ថា ផ្លូវនេះជាផ្នែកមួយសំខាន់ដែលមានភាពប្រទាក់ក្រឡាគ្នា ពិសេសជាការតភ្ជាប់សៀគ្វីទេសចរណ៏ ឆ្លងកាត់ភូមិឋានប្រជាពលរដ្ឋ ទៅនឹងតំបន់អេកូទេសចរណ៍ភ្នំវល្លិ៍ដ៏មានសក្តានុពល។
ផ្លូវនេះ ក៏បានជួយពង្រីកដល់មុខព្រួញវិស័យដទៃទៀត ក្នុងការរួមចំណែកអភិវឌ្ឍន៍ខេត្តផង បង្កើតមុខរបរជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានឲ្យមានជីវភាពកាន់តែធូរធា សម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ទៅសាលារៀន វត្តអារ៉ាម មណ្ឌលសុខភាព កន្លែងផ្តល់សេវាសាធារណៈផ្សេងៗ ឲ្យល្អប្រសើជាងមុន។
ប្រជាពលរដ្ឋក្នុងមូលដ្ឋានបានបង្ហាញពីទឹកចិត្តសប្បាយរីករាយ ពេលបានផ្លូវធំទូលាយ និងងាយស្រួលធ្វើដំណើរ។ពលរដ្ឋបានថ្លែងអំណរគុណដល់អាជ្ញាធរ និងថ្នាក់ដឹកនាំដែលតែងតែគិតគូរពីការលំបាករបស់ពលរដ្ឋ ហើយផ្លូវមួយខ្សែនេះ ពិតជាជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់បានច្រើន។
សម្ភាស (១នាទី១៥វិ)។
ឯកឧត្តម សោម ពិសិដ្ឋ មានប្រសាសន៍ថា រដ្ឋបាលខេត្តកែប បានប្រឹងប្រែងអភិវឌ្ឍន៍តំបន់ភ្នំវល្លិ៍ ដែលជាសមរភូមិក្តៅចុងក្រោយឲ្យទៅជាតំបន់អេកូរទេសចរណ៍ធម្មជាតិ និងកសិ-ទេសចរណ៍ ស្របទៅតាមទិសដៅរបស់រាជរដ្ឋាភិបាល ក្នុងការដាក់តំបន់ភ្នំវល្លិ៍ ទៅជាប៉ូលអភិវឌ្ឍន៍វិស័យទេសចរណ៍មួយ ក្នុងចំណោមប៉ូលទាំង៤របស់ខេត្តកែប។
ឯកឧត្តមបានបញ្ជាក់ថា ឲ្យតែពលរដ្ឋបន្តរក្សាសន្តិភាព ជឿជាក់លើកការដឹកនាំរបស់រាជរដ្ឋាភិបាល ផ្លូវមួយខ្សែនេះ នឹងក្លាយពីផ្លូវគ្រួសក្រហម ទៅជាផ្លូវកៅស៊ូ DBST ក្នុងពេលដ៏ខ្លីខាងមុខ៕







































