ប្រជាពលរដ្ឋជាង៨០គ្រួសារស្នើរសុំឱ្យមន្រ្តីជំនាញស្រុកស្ទឹងហាវចុះពិនិត្យជាក់ស្តែងដីទីតាំងដែលពួកគាត់កំពុងរស់នៅអាស្រ័យផលជាក់ស្តែងដើម្បីទទួលបានប័ណ្ណកម្មសិទ្ធិស្របច្បាប់

0

ខេត្តព្រះសីហនុ៖ប្រជាពលរដ្ឋប្រមាណ៥០គ្រួសារតំណាងអោយប្រជាពលរដ្ឋជាង៨០ គ្រួសារ ដែលកំពុងរស់នៅ អាស្រ័យផល ស្ថិតក្នុងភូមិ១ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នាព្រឹក ថ្ងៃទី ២២ខែ តុលា ឆ្នាំ ២០២២ នេះបានប្រមួលផ្តុំគ្នាផ្តិតមេដៃដាក់ពាក្យស្នើសុំ ទៅអាជ្ញាធរ និងមន្រ្តីជំនាញស្រុកស្ទឹងហាវក្នុងគោលបំណង ឲ្យចុះ មកពិនិត្យជាក់ ស្តែងនៃការរស់នៅរបស់ពួកគាត់ ដើម្បីពួកគាត់អាចទទួលបានប័ណ្ណកម្មសិទ្ឋស្របច្បាប់ ដូចប្រជា ពលរដ្ឋដ៏ទៃ។

បងប្អូនប្រជាពលរដ្ឋ បញ្ជាក់ថាដើម្បីជម្រះនូវមន្ទិលសង្ស័យដែលកន្លងមកគ្រប់ពេលដែល ពួកគាត់ សាកសួរ ជុំវិញការចេញប័ណ្ណសិទ្ឋនេះអាជ្ញាធរ ពាក់ ព័ន្ឋ បាន ឆ្លើយ របៀបស្រពិចស្រពិល ដោយអ្នកខ្លះថា ដីនេះស្ថិតក្នុងដែនសហគមន៏ ឯមន្ត្រីខ្លះឆ្លើយថាការរស់នៅលើដីចំណីព្រែក ឯមន្ត្រីខ្លះទៀតថា ពួកគាត់កំពុង រស់នៅលើដីកម្មសិទ្ឋអ្នកដ៏ទៃដោយពុំដែលបានចុះមកពិនិត្យម្តងណាសោះ។សម្រាប់ពួកគាត់ដែលបានមកតាំងទីលំនៅទីតាំងចាប់តាំងពីឆ្នាំ១៩៩៦ ពួកគាត់មិនខ្លាចទទួលស្គាល់ការពិតម្តងណាឡើយ ព្រោះពួកគាត់បានដឹង យ៉ាងច្បាស់ថាពួកគាត់ពិតជារស់នៅលើដីរបស់រដ្ឋពិតមែនព្រោះពួកគាត់គ្មានទីលំនៅ។បើរដ្ឋអំណាចឆ្លើយថាពួកគាត់មិនអាចរស់នៅលើនេះបានសូមអាជ្ញាធរដែនដីបកស្រាយអោយបានច្បាស់ ដើម្បីងាយស្រួល ពួក គាត់ស្នើ សុំក្តីសន្តោសពីសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនដែលសម្តេចតែងតែគិតគូរដល់ប្រជាពលរដ្ឋខ្វះខាតដូចពួកគាត់។

ជុំវិញបញ្ហានេះ លោក គឹម ហាក់ ប្រធានភូមិ១ ក៏ធ្លាប់បានបញ្ជាក់ផងដែរថា ទីតាំងនេះ ស្ថិតក្នុងដែនដី សហគមន៏ ពុំអាចជនណាយកធ្វើជាកម្មសិទ្ឋបាននោះទេ។

លោក ស៊ុន ពិសី អភិបាលរងស្រុកស្ទឹងហាវ ឆ្លើយតបទៅការសំណូមពរ ពីសំណាក់បង ប្អូនប្រជា ពលរដ្ឋ ថា ចំពោះទីតាំងដីដែលប្រជាពលរដ្ឋស្នើសុំនេះ វាជាដីដែលពុំទាន់ច្បាស់លាស់ វានៅមានភាព ស្រពិចស្រពិលជាមួយដីកម្មសិទ្ឋឯកជន របស់អ្នកដ៏ទៃ ដូចនេះរងចាំការពិនិត្យលើភាពជាក់ ស្តែងអោយបាន ច្បាស់លាស់សិន។ដោយឡែកយោងតាមប្រភព ពីមន្ត្រីសាលាស្រុកស្ទឹងហាវ សុំមិនបញ្ចេញឈ្មោះ បានបង្ហើប អោយដឹងថា ដីប្រជាពលរដ្ឋស្នើសុំចេញប័ណ្ណកម្មសិទ្ឋនេះ វាពុំមានការពាក់ព័ន្ឋជាដីកម្មសិទ្ឋឯកជន របស់អ្នកដ៏ ទៃឬក្រុមហ៊ុន(ព្រីនសេស)នោះទេ គឺអាចពាក់ព័ន្ឋតែជាមួយចំណីព្រែកតែប៉ុណ្ណោះ ព្រោះដីនោះមានព្រុំប្រទល់ ច្បាស់លាស់ នឹងមានផ្លូវ ជាភ័ស្តុតាងស្រាប់។

គួរបញ្ជាក់ផងដែរថា បើតាមការអះអាងរបស់ ប្រជាពលរដ្ឋ បានឱ្យដឹងថាទីតាំងនេះ ដើមឡើយដីនេះ ស្ថិតនៅ ក្នុងដែនដីឃុំជើងគោគ្រប់គ្រងដោយរដ្ឋបាលស្រុកព្រៃនប់។ក្នុងកំឡុងឆ្នាំ១៩៩៦ដល់ត្រឹមឆ្នាំ២០១២ ពួគគាត់មានការទទួលស្គាល់ពីអាជ្ញាធរឃុំជើងគោរស់នៅស្របច្បាប់។ក្រោយមកក្នុងអំឡុងចុងឆ្នាំ ២០១២ ដីដែលពួកគាត់កំពង់រស់នៅនេះត្រូវបានកាត់ចេញពីឃុំជើងគោស្រុកព្រៃនប់បញ្ជូលមកក្នុងភូមិ១ឃុំទំនប់រលកស្រុកស្ទឹងហាវវិញ។ហើយនៅក្រោយឆ្នាំ២០១៤រាល់ពេលមានការបោះឆ្នោតពួកគាត់បានមកចុះឈ្មោះបោះឆ្នោតនៅក្នុងឃុំទំនប់ ស្រុកស្ទឹងហាវ មិនដែលខក ខាននោះឡើយរហូតបច្ចុប្បន្ន៕

(ដោយនាគសមុទ្រ)