ខេត្តព្រះសីហនុ៖ព្រឹត្តិការណ៍ប្រកួតកីឡាជាតិ លើកទី៣ ឆ្នាំ២០២២ចាប់ផ្តើមពីថ្ងៃទី២៤ ដល់ថ្ងៃទី ២៨ខែវិច្ឆិកា ឆ្នាំ២០២២ នៅឆ្នេរអូរឈើទាលស្ថិតក្នុងសង្កាត់លេខ ០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុគឺជាការប្រកួតកីឡា កីឡាម៉ូតូទឹក កម្រិតថ្នាក់ជាតិដែល មានប្រតិភូ កីឡាករ កីឡាការិនី ខ្លាំងៗ ក្នុងនោះ កីឡាករមកពីក្រសួង មហាផ្ទៃ មានចំនួន ២ រូប . រាជធានីភ្នំពេញ ចំនួន ៤ រូប . ខេត្តព្រះសីហនុ ចំនួន ៧ រូប . ខេត្តកោះកុង ចំនួន ៣ រូប. ខេត្តកែប ចំនួន ៣ រូប និង ខេត្តកំពត ចំនួន ៣ រូប ។
មានប្រសាសន៍នៅក្នុងឱកាសនោះលោក ណុះ ស្លេះ បានឱ្យដឹងថា ការរៀបចំព្រឹត្តិការណ៍ បានការ សហការដោយ ក្រសួងអប់រំយុវជននិងកីឡាគណៈកម្មការជាតិរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ព្រឹត្តិការណ៍ប្រកួតកីឡាដ៏ធំនេះ រៀបចំឡើងក្នុងគោលបំណងសំខាន់ៗចំនួន៣ ទី១ . វាស់ ស្ទង់សមត្ថភាពកីឡាករ និងគុណផលកីឡា សម្រាប់ត្រៀមដណ្តើមមេដាយ នៅស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។២. វាស់ស្ទង់សមត្ថភាពគណៈកម្មការបច្ចេកទេសរៀបចំព្រឹត្តិការណ៍ប្រកួតរបស់សហព័ន្ធ ត្រៀមធ្វើ ជាម្ចាស់ផ្ទះនៅកម្ពុជា ឆ្នាំ២០២៣។៣. ចូលរួមចំណែកទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកទស្សនា កម្ពុជា ជាពិសេសបង្ហាញពីការចាប់ផ្ដើមស្ដារសង្គមសេដ្ឋកិច្ចឡើងវិញ ក្នុង និងក្រោយស្ថានភាពវិបត្តិជម្ងឺកូវីដ-១៩។
លោក ឯក ភាព អភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៍ក្នុងពីធិថា កីឡាករជម្រើសជាតិកម្ពុជា និងថ្នាល អញ្ជើញមកពី ៧ រាជធានីខេត្ត និងក្រសួង ដែលចូលរួមការប្រកួតមាន៥វិញ្ញាសា គណៈកម្មកា របច្ចេកទេសថ្នាក់ជាតិ ៣៥នាក់ ក្នុងនោះមានគណៈកម្មការអន្តរជាតិ ៦នាក់។ កន្លែងស្នាក់នៅ និងហូបចុក របស់គណៈកម្មការ ប្រតិភូគ្រូបង្វឹក និងកីឡាករ កីឡាការិនី ជាបន្ទុករបស់ក្រសួងអប់រំ យុវជន និងកីឡា។
ក្នុងនាមរដ្ឋបាលខេត្តមានសេចក្តីសោមនស្សរីករាយ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានជ្រើសរើស យក ខេត្តព្រះសីហនុធ្វើជាទីតាំងម្ចាស់ផ្ទះ ក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាម៉ូតូទឹកកម្ពុជាកីឡាជាតិលើកទី៣ ឆ្នាំ២០២២ នាពេលនេះ។ ព្រឹត្តិការណ៍ប្រកួតកីឡាម៉ូតូទឹក កម្រិតជាតិ ក្នុងឱកាសនេះ នឹងជួយជំរុញលើក កម្ពស់ ឧត្តមភាព និងកិត្យានុភាពជាតិរបស់ប្រទេសកម្ពុជា ឱ្យកាន់តែមានកេរឺឈ្មោះល្បីរន្ទឺថែមទៀតនៅក្នុងតំបន់ និងលើឆាកអន្តរជាតិ។ការប្រកួតកីឡាលើកនេះ គឺដើម្បីឱ្យកីឡាករ កីឡាការិនី របស់យើង បានត្រៀមខ្លួន ឈានឆ្ពោះទៅចូលរួមការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ខាងមុខនេះ។ លោកអភិបាលរង ខេត្ត ក៏បានបន្ថែមថាការអភិវឌ្ឍវិស័យកីឡា គឺសំដៅកសាងធនធានមនុស្សឱ្យមានសុខភាពល្អ សមត្ថភាព និងសីល ធម៌ខ្ពស់សមស្របតាមបរិបទកម្ពុជា ក្នុងការត្រៀមលក្ខណៈជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ និងរួមចំណែកអភិវឌ្ឈនប្រទេសជាតិប្រកបដោយនិរន្តរភាព។ជាមួយគ្នានេះ ដើម្បីឱ្យការប្រកួត ដំណើរ ការ បានរលូន និងទទួលបានជោគជ័យ លោក ឯមភាព ក៏បានផ្ដាំផ្ញើរដល់គណៈកម្មការរៀបចំការប្រកួតជាតិ និងអន្តរជាតិ ប្រតិភូកីឡា គ្រូបង្វឹក និងកីឡាករ កីឡាការិនីទាំងអស់ ត្រូវគោរពឱ្យបាន នូវបទបញ្ញនៃការប្រកួត ភាពយុត្តិធម៌ និងគោរពឱ្យបាននូវក្រមសីលធម៌វិជ្ជាជីវៈ៕
(ដោយនាគសមុទ្រ)