ខេត្តព្រះសីហនុ៖លោក ប៊ុន លីឡាយអ្នកគ្រប់គ្រងកសិដ្ឋានចិញ្ចឹមក្តាមបានឲ្យដឹងថាការចិញ្ចឹមក្តាមមានលក្ខណៈ ទំនើបដូចនេះគឺក្តាមមានទិន្នផលខ្ពស់មានគុណភាពនិងអនាម័យកន្លែងចិញ្ចឹមគឺប្លែកពីគេដោយក្តាមនីមួយៗត្រូវដាក់ក្នុងប្រអប់ដាច់ដោយឡែកពីគ្នាដែលប្រៀបបានដូចទៅនឹងក្តាមរស់នៅក្នុងខុនដូខុសពីក្តាមដែលចិញ្ចឹមនៅតាមស្រះផ្សេងៗ។ក្នុងនោះកន្លែងសម្រាប់ដាក់ក្តាមមានជាង ៦ ពាន់ក្តាមក្នុងមួយប្រឡោះដាក់ក្តាមបានមួយ ហើយ ចំពោះទឹកគឺមិនបង្ហូរបញ្ចេញមកក្រៅធ្វើឲ្យប៉ះពាល់បរិស្ថាននោះឡើយ។
ចំពោះក្តាមដែលយកមកចិញ្ចឹមគឺជាក្តាមធំនៅក្នុងស្រុកប្រមូលទិញពីប្រជាពលរដ្ឋនេសាទបានយកមកដាក់នៅក្នុងកន្លែងចិញ្ចឹមបំប៉នចំណីឲ្យបានធំធាត់និងគ្រប់គ្រាន់ក្នុងមួយថ្ងៃពីរដងមុននឹងលក់ចេញទៅលើទីផ្សារ។ ទីផ្សារក្តាមបច្ចុប្បន្នគឺដំណើរការល្អក្រោយពីរាជរដ្ឋាភិបាលបើកដំណើរការទទួលភ្ញៀវទេសចរណ៍ឡើងវិញជាពិសេសនៅក្រោយពីផ្លូវល្បឿនលឿនបានដំណើរការភ្ញៀវទេសចរណ៍មកលេងច្រើនហើយទីផ្សារក្តាមក៏មានភាពងាយស្រួលក្នុងការលក់ដូរនៅលើទីផ្សារជាពិសេសនៅតាមភោជនីយដ្ឋាន អាហារដ្ឋាននានាក្នុងក្រុងនៃខេត្ត ព្រះសីហនុ។
ចំពោះក្តាមដែលត្រូវលក់ចេញចាប់ពី ៣ក្បាលក្នុង១ គីឡូរហូតដល់៦ក្បាលក្នុង១ គីឡូទៅតាមតម្រូវការ ទីផ្សារដែលភ្ញៀវក៏ដូចជាហាងនីមួយៗត្រូវការចំពោះតម្លៃគឺមិនទៀងអាស្រ័យទៅលើតម្លៃប្រេងដែលប្រជានេសាទចេញទៅនេសាទ។ក្តាមដែលចិញ្ចឹមក្នុងកន្លែងបែបនេះគឺមានគុណភាពនិងអនាម័យហើយក្តាមទាំងនោះបើអតិថិជនត្រូវការក្តាមពងគឺបានក្តាមពងបើចង់បានក្តាមសាច់គឺបានបានក្តាមសាច់ព្រោះមានអ្នកបច្ចេកទេសមើលថែនិងញែកដាច់ដោយឡែកពីគ្នាច្បាស់លាស់។
លោកប៊ុនលីឡាយក៏បានបន្ថែមថាការចិញ្ចឹមតាមបែបទំនើបដូចនេះគឺចំណាយថវិកាច្រើនព្រោះសម្ភារៈនិងបច្ចេកទេសនាំចូលពីក្រៅប្រទេស។ជាមួយគ្នានេះដែរលោកក៏បានថ្លែងអំណរគុណចំពោះអាជ្ញាធរជាពិសេសដល់មន្ត្រីជំនាញរដ្ឋបាលជលផលដែលបានលើកទឹកចិត្តជំរុញដល់ការចិញ្ចឹមតាមបែបវារីវប្បកម្មដើម្បីបង្កើនផ្គត់ផ្គង់ផលសមុទ្រនៅលើទីផ្សារនិងផ្ដល់បច្ចេកទេសបន្ថែមដើម្បីឲ្យការចិញ្ចឹមរបស់លោកទទួលបានជោគជ័យមកដល់ពេលនេះ។
សូមបញ្ជាក់ថា កសិដ្ឋានចិញ្ចឹមក្តាមថ្មយកពងនិងយកសាច់តាមបែបលក្ខណៈទំនើបខាងលើ មានទីតាំង ស្ថិតក្នុងភូមិ១ឃុំកំពេញ ស្រុកស្ទឹងហាវខេត្តព្រះសីហនុ៕(ដោយនាគសមុទ្រ)