កំពង់ធំ)÷ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងជានាយិកាខុទ្ធកាល័យសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន អមដំណើរដោយឯកឧត្តម ញឹក បានខេង អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ឯកឧត្តម លោកជំទាវ លោកលោកស្រី ប្រធាន-អនុប្រធានមន្ទីរជុំវិញខេត្ត អភិបាលស្រុក និងសហការី បានអញ្ជើញចូលរួមក្នុង ពិធីបំពាក់កន្សែងយុវជនសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់កន្លែងលាងសម្អាតដៃ បង្គន់អនាម័យ និងចែកអំណោយមនុស្សធម៌ជូនគ្រួសារក្រីក្រ ចាស់ជរាគ្មានទីពឹងចំនួន៤២គ្រួសារ នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ ២០២២ ទីតាំងប្រារព្ធពិធីនីវិទ្យាល័យទួលក្បិល ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ឯកឧត្តម ញឹក បានខេង អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានមានប្រសាសន៍ថាប្រវត្តិរបស់ចលនាអន្តរជាតិ កាកបាទក្រហម អឌ្ឍចន្ទក្រហម ប្រវត្តិវិជ្ជាសង្គ្រោះបឋម ប្រវត្តិកាកបាទក្រហមកម្ពុជា តួនាទីភារកិច្ចរបស់យុវជនកាកបាទក្រហម រួមនិងខ្លឹមសារសំខាន់ៗ មួយចំនួនទៀត ដែលគ្រូបង្គោលបានធ្វើបទបង្ហាញជូន និងបានជាបុព្វបទ បង្កើនចំណេះដឹងដល់ក្មួយៗ។
ចូលរួមចំណែកលើកកម្ពស់ស្មារតីភ្ញាក់រលឹកការស្ម័គ្រចិត្ត ជាកម្លាំងចលករប្រកបដោយថាមពល ជាបញ្ញាជន និងជាសសរទ្រូងដ៏រឹងមាំរបស់សង្គមជាតិ ចូលរួមក្នុងចលនាយុវជនកាកបាទក្រហម ពោរពេញដោយ បេះដូងមនុស្សធម៌ ដោយក្តីអាណិតអាសូរស្រឡាញ់មនុស្សផងគ្នា រួមចំណែកបង្កើនឧត្តមផលប្រយោជន៍ ប្រទេសជាតិ សហគមន៍ និងគ្រួសារ។
ថ្លែងនៅក្នុងកម្មវិធីនេះលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងជានាយិកាខុទ្ធកាល័យសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន បានលើកឡើង ជាការពិតក្នុងគ្រប់សម័យកាល គ្រប់សង្គមដែលវិវឌ្ឍន៍កន្លងមក ក៏ដូចជាសម្រាប់អនាគត យុវជន ត្រូវបានចាត់ទុកជាកម្លាំងដ៏មុតស្រួច ប្រកបដោយកាយសម្បទារឹងមាំ ប្រាជ្ញា ស្មារតី ភ្លឺស្វាង និងមានទឹកចិត្ត ក្លាហានមោះមុត ពុះពាជំនះគ្រប់ឧបសគ្គទុក្ខលំបាកដោយមិនរារែក។ អាស្រ័យដោយលក្ខណៈពិសេស ខាងលើនេះ ធ្វើឱ្យយុវជនក្លាយជាធនធានដ៏មានតម្លៃមិនអាចខ្វះបាន នៅក្នុងចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម បំពេញបេសកកម្មក្នុងបុព្វហេតុមនុស្សធម៌ និងរក្សាបានចេរភាពនៃការងារ។
គួរបញ្ជាក់ផងដែរថា សម្រាប់យុវជនដែលត្រូវបំពាក់កន្សែងមានចំនួន៨០នាក់ស្រី៤០នាក់។
កសាងកន្លែងលាងសម្អាតដៃ និងបង្គន់អនាម័យ នៅតាមវិទ្យាល័យ គោលដៅចំនួន៤ និងសាលាបឋមសិក្សាចំនួន១ ដែលមានតម្រូវការ ដូចខាងក្រោម៖១-វិទ្យាល័យកំពង់ថ្ម សាងសង់កន្លែងលាងសម្អាតដៃ១បង្គន់អនាម័យ១ខ្នង មាន៣បន្ទប់។២-វិទ្យាល័យស្ទឹងសែន សាងសង់កន្លែងលាងសម្អាតដៃ២ បង្គន់អនាម័យ១ខ្នង មាន៣បន្ទប់។
៣-វិទ្យាល័យទួលក្បិលសាងសង់កន្លែងលាងសម្អាត១ បង្គន់អនាម័យ១ខ្នង មាន៣បន្ទប់។៤-វិទ្យាល័យចំណារលើ សាងសង់កន្លែងលាងសម្អាតដៃ១។ ៥-សាលាបឋមសិក្សាបាក់ស្រីសាងសង់កន្លែង លាងសម្អាតដៃ១។ ការចែកអំណោយមនុស្សធម៌ជូនគ្រួសារក្រីក្រ ចាស់ជរាគ្មានទីពឹងចំនួន៤២គ្រួសារ ក្នុង១គ្រួសារទទួលបាន÷ អង្ករ០១បេ មី០១កេស ត្រីខ០១យួរ ទឹកត្រី០១យួរ ទឹកស៊ីអ៊ីវ០១យួរ ឃីត០១កញ្ចប់ និងថវិកាមួយចំនួនទៀតផងដែរ។







































