កម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតលើកទី១៦ ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកល

0

ខេត្តព្រះសីហនុ៖ពិធីបើកមហាសន្និបាតលើកទី១៦ របស់ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក ក្រោមប្រធានបទ «ឆ្នេរនៃសន្ដិភាព ឆ្នេរនៃក្ដីសង្ឃឹម» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនា បតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ដោយពិធីនេះប្រារព្ធធ្វើឡើងនៅសណ្ឋាគារឆ្នេរសុខា ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុនាព្រឹក ថ្ងៃទី១០ ខែ ធ្នូ ឆ្នាំ ២០២២។

ក្នុងឱកាសអញ្ជើញជាអធិបតី បើកមហាសន្និបាតលើកទី១៦ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងដោយរំពឹងថា ប្រទេសកម្ពុជា អាចទទួលបាន ភ្ញៀវទេសចរផ្ទៃក្នុងប្រមាណ ១១ លាននាក់ ក្នុងឆ្នាំ ២០២៣ តាមផែនការដែលបានដាក់ចេញ និងភ្ញៀវទេសចរអន្តរជាតិប្រមាណ ៧លាននាក់ រហូតដល់ ឆ្នាំ២០២៦ ឬឆ្នាំ២០២៧ ។ក្នុងរយៈពេលជិត ៣ ឆ្នាំកន្លងទៅ, យើងមានសេចក្តីរីករាយយ៉ាងក្រៃលែង ដែលពិភព លោក ទាំងមូលខិតខំប្រឹងប្រែង និង រួមគ្នាជាធ្លុងមួយ ក្នុងការឆ្លើយតបប្រកបដោយប្រសិទ្ធភាពខ្ពស់ចំពោះ ការរាត ត្បាតនៃជំងឺកូវីដ-១៩ ក្រោមស្មារតីយោគយល់ និង ចេះជួយគ្នាទៅវិញទៅមក ជាពិសេស បានយកជ័យ ជម្នះលើការប្រយុទ្ធប្រឆាំងនឹងជំងឺនេះ រហូតបានឈានទៅដល់ការបើកប្រទេស និង ចាប់ផ្តើមស្ដារសេដ្ឋកិច្ច រៀងៗ ខ្លួនឡើងវិញ ។

សម្ដេចបន្តថា ដើម្បីជំរុញការស្ដារ និង លើកស្ទួយវិស័យទេសចរណ៍, រាជរដ្ឋាភិបាលបានអនុម័តដាក់ឱ្យ ប្រើប្រាស់នូវ ផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និង លើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុង និង ក្រោយវិបត្តិជំងឺ កូវីដ-១៩ កាលពីថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០២១ ដោយក្នុងនោះ ទេសចរណ៍ឆ្នេរ គឺជាសសរស្តម្ភមួយក្នុង ចំណោម សសរស្តម្ភទាំង ៤ រួមមាន ទេសចរណ៍វប្បធម៌, ទេសចរណ៍ឆ្នេរ, អេកូទេសចរណ៍ និង ភាពជាខ្មែរ ។

សម្ដេចតេជោ ក៏បានយកឱកាសនេះ ថ្លែងអំណរគុណដល់ក្រុមប្រឹក្សាភិបាល និង សមាជិកក្លឹបទាំងអស់ ដែលបានគាំទ្រឆ្នេរសមុទ្រកម្ពុជា និង បានយល់ព្រមដាក់បញ្ចូលឆ្នេរសមុទ្រកម្ពុជាទាំងមូលជា សមាជិក និង បានបន្តគាំទ្រការអភិវឌ្ឍតំបន់ឆ្នេរសមុទ្ររបស់កម្ពុជាតាមរបៀបកម្ពុជា ពិសេសបាន បោះឆ្នោតគាំទ្រកម្ពុជា កាន់តំណែងជាអនុប្រធានក្លឹបទទួលបន្ទុកតំបន់អាស៊ីប៉ាស៊ីហ្វិក ២ អាណត្តិ ជាប់គ្នា និង បន្តជាអគ្គនាយករងក្លឹប រហូតមកដល់បច្ចុប្បន្ន ។ដើម្បីអបអរសាទរនៃការចូលជាសមាជិកក្លឹបនេះ, រាជរដ្ឋាភិបាលបានសម្រេច ឱ្យមាន ការរៀបចំពិធីបុណ្យសមុទ្រដោយឈរលើគោលការណ៍នៃការឆ្លាស់វេនគ្នានៅខេត្តតំបន់ឆ្នេរទាំង០៤ដែលយើងនឹងប្រារព្ធពិធីបើកផ្លូវការនាល្ងាចនេះ និង បានបង្កើតគណៈកម្មាធិការជាតិគ្រប់គ្រង និង អភិវឌ្ឍតំបន់ឆ្នេរ សមុទ្រ កម្ពុជា ដោយមានរដ្ឋមន្ត្រីដល់ទៅ ៣ ជាប្រធាន និង អនុប្រធាន រួមជាមួយ អភិបាលខេត្តតំបន់ឆ្នេរទាំង ៤ និង ក្រសួងស្ថាប័នពាក់ព័ន្ធជាសមាជិកដែលជាយន្តការស្ថាប័នដ៏សំខាន់សម្រាប់ជាការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ប្រកបដោយនិរន្តរភាព និង ការទទួល ខុសត្រូវ ។ក្នុងន័យនេះ, ការចូលជាសមាជិកក្លឹបនេះ ពិតជាបានស្តែងឱ្យ ឃើញពីរបត់ ថ្មីនៃការប្រែប្រួល មុខមាត់ជាបន្តបន្ទាប់របស់តំបន់សមុទ្រកម្ពុជា ទាំងលើទិដ្ឋភាពសង្គម-សេដ្ឋកិច្ច, ទេសចរណ៍, នគរូបនីយកម្ម និង បរិស្ថាន ដែលជាកត្តាកំណត់លើការទទួលស្គាល់ជាអន្តរជាតិនៃឆ្នេរសមុទ កម្ពុជា ។ កិច្ចការនេះ បានធ្វើឱ្យតំបន់ឆ្នេរកម្ពុជាអាចដើរតួនាទីយ៉ាងសំខាន់ ក្នុងការទាក់ទាញវិនិ- យោគសម្រាប់ ជំរុញកំណើនសេដ្ឋកិច្ចជាតិ និង ត្រូវបានចាត់ទុកថាជាគោលដៅទេសចរណ៍ធម្មជាតិ ដ៏មានភាពទាក់ទាញ និង ប្រកបដោយភាពប្រកួតប្រជែងខ្ពស់នៅកម្ពុជា និង ក្នុងតំបន់ ព្រមទាំង ជាគោលដៅទេសចរណ៍ដ៏ធំ បន្ទាប់ពី តំបន់ បេតិកភណ្ឌវប្បធម៌-ប្រវត្តិសាស្ត្រសៀមរាប-អង្គរ និង រាជធានីភ្នំពេញ។

សូមបញ្ជាក់ថាក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោកត្រូវបានបង្កើតនៅឆ្នាំ១៩៩៧នាទីក្រុងប៊ែកឡាំងប្រទេស អាល្លឺម៉ង់។ បច្ចុប្បន្នក្លឹបនេះ មានទីស្នាក់ការនៅទីក្រុងវ៉ាននីស ប្រទេសបារាំង និងមាន ឆ្នេរ សមាជិកចំនួន ៤៤ឆ្នេរ ស្នើនឹង ២៦ប្រទេស។ កម្ពុជា ត្រូវបានដាក់បញ្ចូលជាសមាជិកពេញសិទ្ធ ក្លឹបឆ្នេរ សមុទ្រ ស្អាត បំផុតលើ សាកលលោក ក្នុងមហាសន្និបាតលើកទី៧ របស់ក្លឹប កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១១ នៅទីក្រុងតួបាគួតា ប្រទេសសេណេហ្គាល់៕

(ដោយ នាគសមុទ្រ)