ឯកឧត្តម អ៊ី ឈាន និងលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន អញ្ជើញប្រគល់ម៉ូតូ២គ្រឿង ជូនសិស្សនិទ្ទេស A និងថវិកាលើកទឹកចិត្តដល់សិស្សនិទ្ទេសB តាមការសន្យា

0

(ខេត្តប៉ៃលិន)៖ នៅរសៀលថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន និងលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញប្រគល់ម៉ូតូចំនួន២គ្រឿងដល់សិស្ស ដែលបានជាប់និទ្ទេស A ចំនួន២នាក់ និងថវិកាលើកទឹកចិត្តដល់សិស្ស ដែលបានជាប់និទ្ទេស B នៅក្នុងសម័យប្រឡងសញ្ញាបត្រទុតិយភូមិថ្ងៃទី៥-៦ ខែធ្នូ ឆ្នាំ២០២២ តាមការសន្យា។ពិធី​​ក៍មានការអញ្ជើញចូលរួមពីឯកឧត្តម សៅ សារ៉ាត់ តំណាងរាស្ត្រមណ្ទលប៉ៃលិន និងឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន លោក លោកស្រីប្រធានអង្គភាព ស្ថាប័នជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុសិស្ស អាណាព្យាបាលជាច្រើននាក់។

ឆ្លៀតក្នុងឪកាសនោះដែរឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តប៉ៃលិន បានមានប្រសាសន៍ថា៖ ការប្រគល់ម៉ូតូម្នាក់មួយគ្រឿងនេះ គឺជាការលើកទឹកចិត្ត ដល់ការខិតខំប្រឹងប្រែងរៀនសូត្រ របស់សិស្សានុសិស្ស។ មួយវិញទៀត នេះក៏ជាការបង្ហាញពីការគិតគូរ និងយកចិត្តទុកបន្ថែមទៀត ដល់មធ្យោបាយធ្វើដំណើរ ក្នុងការបន្តការសិក្សា នៅថ្នាក់ឧត្តមសិក្សាផងដែរ។ជាមួយគ្នានេះឯកឧត្តម ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តប៉ៃលិន ក៍បានកោតសរសើរចំពោះកូនក្មួយទាំងអស់ ដែលបានលើកកម្ពស់កិត្តិយសខ្លួនឯង គ្រួសារ និងសង្គមជាតិ ពិសេសខេត្តប៉ៃលិន។ មិនតែប៉ុណ្ណោះបានបង្ហាញឲ្យមហាជនដឹងថា កូនចៅអ្នកប៉ៃលិន គឺពិតជាមានឈាមជ័រជាអ្នកសិក្សារៀនសូត្រ និងឈាមជ័រជាអ្នកប្រាជ្ញពិតៗ។ ទន្ទឹមនឹងនេះ ក៏ទាមទារការចូលរួមចំណែកយ៉ាងសំខាន់ ពីលោកគ្រូ អ្នកគ្រូ គ្រប់កម្រិតសិក្សាដែលបានយកចិត្តទុកដាក់ក្នុងបង្រៀន ផ្តល់ចំណេះដឹងផងដែរ។ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តប៉ៃលិន មានប្រសាសន៍បញ្ជាក់ថា៖ លោកគ្រូ អ្នកគ្រូ ជាដើមចម ដែលធ្វើឲ្យកូនក្មួយមានថ្ងៃនេះ ដូច្នេះលោកគ្រូ អ្នកគ្រូ គឺជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការកសាងធនធានមនុស្ស។ជាមួយគ្នានេះឯកឧត្តម អ៊ី ឈាន ក៍បានក្រើនរំលឹក ដល់សិស្សានុសិស្សទាំងអស់ ត្រូវខិតខំរៀនសូត្រ នៅឲ្យឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនវាបំផ្លាញគ្រួសារយើង បំផ្លាញអនាគត់យើងផងដែរ។

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ផ្តាំផ្ញើរ ដល់សិស្សានុសិស្ស ដែលប្រឡាបឪងជាប់ សូមបន្តការរៀនសូត្រ ដើម្បីយកចំណេះដឹង មកអភិវឌ្ឍន៍ខេត្តប៉ៃលិនយើង កុំបណ្តោយខ្លូនឲ្យធ្លាក់ក្នុងឧបាយមុខ នាំឲ្យខូចអនាគត់ និងធ្វើឲ្យក្តីសង្ឃិមរបស់ឪពុកម្តាយ ត្រូវបាត់បង់ និងខូចខិត្តផងដែរ។

សូមបញ្ជាក់ថា៖ បើតាមរបាយការណ៍ របស់លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តប៉ៃលិន បានឲ្យដឹងថា៖ ខេត្តប៉ៃលិន សិស្សប្រឡងជាប់និទេ្ទសA ចំនួន២នាក់(ស្រី) ជាប់និទ្ទេសB ចំនួន២៩នាក់(ស្រី២៥នាក់) សិស្សនិទ្ទេសC ចំនួន៦៦នាក់ (ស្រី៤៣នាក់) សិស្សជាប់និទ្ទេសD ចំនួន១៣៦នាក់(ស្រី៨៧នាក់) និងសិស្សជាប់និទ្ទេសEចំនួន១៦៨នាក់ (ស្រី៩៤នាក់)ផងដែរ៕

អត្ថបទ ភ្នំខៀវ ប៉ៃលិន