ខេត្តបាត់ដំបង ÷ ជនសង្ស័យចំនួន៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានជាបន្តបន្ទាប់ និង២នាក់ទៀតកំពុងគេចខ្លួន ក្រោយពីបានធ្វើសកម្មភាពគាស់ទម្លុះទម្លាយយកទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋរួចមក។
ដោយអនុវត្តតាមការណែនាំផ្ទាល់ពី ឯកឧត្ដម ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និង មានការឯកភាពពី ឯកឧត្ដម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង រួចមក នៅថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២២ វេលាម៉ោង ១៦:២០ នាទី លោក វរសេនីយ៍ឯក ឈឿង គឹមសុង នាយការរិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាត់ដំបងដែលដឹកនាំដោយ លោក វរសេនីយ៍ឯក ពេជ្រ សារ៉ែន ចុះប្រតិបត្តិការ ទៅកាន់ចំណុចភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ដើម្បីបង្ក្រាបករណី លួចមានស្ថានទម្ងន់ទោស ( គាស់ទ្វារផ្ទះលួចយកទ្រព្យសម្បត្តិ ) ១ ករណី និងបានធ្វេីការនាំខ្លួន ជនសង្ស័យ ១ នាក់ ឈ្មោះ មឿន ចាន់ថន ភេទប្រុស អាយុ ៣៤ ឆ្នាំ មានទីលំនៅភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ។ 
ក្រោយពីបានធ្វេីការសាកសួររួចកម្លាំងសមត្ថកិច្ចបានធ្វេីការស្រាវជ្រាវរហូតដល់ថ្ងៃទី ១ ខែ មករា ឆ្នាំ ២០២២ វេលាម៉ោង ១១:៤០ នាទី ទើប កម្លាំងបានធ្វេីការឃាត់ខ្លួន ជនសង្ស័យ បន្ថែម ចំនួន ២ នាក់ទៀត ១. ឈ្មោះ ភិន ថាវី ភេទប្រុស អាយុ ៣៦ ឆ្នាំ និង ២.ឈ្មោះ តូច សុភាសិត ហៅ ពៅ ភេទប្រុស អាយុ ៣៨ ឆ្នាំ ជនសង្ស័យទាំងពីរនាក់ មានទីលំនៅ ភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ។ 
គួរបញ្ជាក់ថា កាលពីថ្ងៃទី ៣០ ខែ ធ្នូ ឆ្នាំ ២០២២ វេលាម៉ោង ០០:០២ នាទី រំលងអាធ្រាត្រ នៅចំណុចភូមិដង្កោទាប សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជនសង្ស័យខាងលើ រួមជាមួយបក្សពួក ចំនួន ០២ នាក់ ទៀត ដែលកំពុងរត់គេចខ្លួន បានធ្វេីសកម្មភាព ផ្លោះរបងចូលគាស់ផ្ទះ លួចយកទ្រព្យសម្បត្តិរបស់ ជនរងគ្រោះឈ្មោះ ឆេង គឹមលាង ភេទស្រី អាយុ ៤៥ ឆ្នាំ មានទីលំនៅភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
សម្ភារៈបាត់បង់រួមមាន ៖ ទ្វារឈេី ចំនួន ០៥ សន្លឹក
គ្រែ ឈេី ចំនួន ០១ ឈេីធ្នង់ ចំនួន ០៨ ដុំ ទ្វារដែក ចំនួន ០៤ ផ្ទាំង ទ្រុងដែក ចំនួន ០១ ជេីងម៉ាស៊ីនដេរ ចំនួន ០១
និង គម្របម៉ាស៊ីន ត្រាក់ទ័រ ចំនួន ០១ សន្លឹក ។
ក្រោយការឃាត់ខ្លួន សមត្ថកិច្ចបានដកហូត វត្ថុតាងមួយចំនួន រួមមាន ៖ ទ្វារឈេី ចំនួន ០៥ សន្លឹក ក្តារឈេី ចំនួន ០២ សន្លឹក ឈេី គ្រែប្រអប់ ចំនួន ០២ សន្លឹក ឈេី ធ្នង់ ចំនួន ០៤ដុំ និង ម៉ូតូ ០១ គ្រឿង ម៉ាក ស៊ូស៊ូគី វីវ៉ា ពណ៌ ក្រហម ស៊េរីចាស់ ០១ គ្រឿង ( គ្មានស្លាកលេខ ) ដែលពួកគេជិះធ្វើសកម្មភាព ។ ដោយបច្ចុប្បន្នការិយាល័យជំនាញកំពុងធ្វេីការកសាងសំណុំរឿងដេីម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង និងចាត់ការបន្តតាមនីតិវិធី ៕ អត្ថបទ : ព្រាប.ស







































