ខេត្តព្រះសីហនុ៖យុទ្ធនាការជុសជល់ទំនប់ទឹកស្អាតតំបន់ក្បាលឆាយទី០២ដែលបាក់ តាំងពីយប់ថ្ងៃទី០៧ខែ មករា ឆ្នាំ ២០២៣នោះ រហូត មកដល់ពេលនេះបានល្អប្រសើរនិងអាចគ្រប់គ្រងផ្គត់ផ្គង់ទឹកស្អាតគ្រប់គ្រាន់ ឡើងវិញត្រឹមថ្ងៃទី១២ ខែមករាឆ្នាំ២០២៣ នេះបើតាមការបញ្ជាក់ប្រាប់ ឲ្យដឹងពី សំណាក់ លោក ឡុង ឌីម៉ងអភិបាលរងខេត្តព្រះសីហនុ។
លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ ដែលទទួលការងារចុះអន្តរាគមន៍ការងារនេះ បាន បញ្ជាក់ ថា ក្រោមការខិតខំរួមគ្នារបស់រដ្ឋបាលខេត្ត និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ក្នុងរយៈពេល២ថ្ងៃ ៣យប់ មកនេះ យើងអាចគ្រប់គ្រងស្ថានភាពនៅទំនប់ទឹកក្បាលឆាយបានទាំងស្រុង ហើយការផ្គត់ ផ្គង់ទឹកស្អាត នឹងបានគ្រប់គ្រាន់ឡើងវិញដល់ប្រជាពលរដ្ឋ នៅក្រុងព្រះសីហនុ នៅត្រឹមថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣។
លោកឡុង ឌីម៉ង់បានបន្តថាក្រុមការងារបានដាក់វិធានការអនុវត្តបន្តក្នុង កិច្ចការងារ សង្គ្រោះ ទំនប់ទឹកក្បាលឆាយ និងការផ្គត់ផ្គង់ទឹកស្អាតជូនពលរដ្ឋក្នុងក្រុងព្រះសីហនុ រួមមាន៖ទី១៖ ក្រុមការ ងារ បានជួសជុលទំនប់ស្ទាក់ទឹកទី៣ ដែលបានខូចខាតប្រមាណ ៣០០ម៉ែត្រ រួចរាល់ស្ទើរតែទាំងស្រុង នៅត្រឹម យប់ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣។ទី២៖ ក្រុមការងារ បាននិងកំពុងជួសជុលទំនប់ស្ទាក់ទឹកទី២ (ដែលត្រូវ បាន ទឹកហូរច្រោះដាច់) ដោយគ្រោងបិទផ្ជិតឡើងវិញ នៅត្រឹមថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣។ទី៣៖ ក្រុមការ ងារ បាន និងកំពុងរៀបចំស្ថានីយបូមទឹកឆៅបណ្តោះអាសន្ន យកទឹកពីទំនប់ស្ទាក់ទឹកទី៣សម្រាប់ដំណើរការរោងចក្រ ប្រព្រឹត្តកម្មទឹកស្អាតទី៣ ឡើងវិញ ក្នុងនោះម៉ូទ័របូមទឹកទីមួយ សមត្ថភាពប្រមាណ ១៦ ៨០០ ម៉ែត្រគូបក្នុងមួយ ថ្ងៃ បាននិងកំពុងដំណើរការនៅម៉ោងប្រមាណ ២០:០០យប់ថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ ដែលអនុញ្ញាតឱ្យ រោង ចក្រប្រព្រឹត្តកម្មទឹកស្អាតទី៣ ចាប់ផ្តើមដំណើរការផលិត និងផ្គត់ផ្គង់ទឹកស្អាតឡើងវិញបណ្តើរៗ ហើយជាមួយ និង សមត្ថ ភាពផលិតនេះនឹងកើនឡើងទេ្វរដងដល់ ៣៣ ៦០០ ម៉ែត្រគូបក្នុងមួយថ្ងៃ នៅត្រឹមថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ ដែលនឹងធានាបាននូវបរិមាណទឹកស្អាតគ្រប់គ្រាន់សម្រាប់ការផ្គត់ផ្គង់ជូនប្រជាពលរដ្ឋប្រើប្រាស់។
ទី៤៖ ក្រុមការងារ បានរៀបចំប្រព័ន្ធបណ្តាញអគ្គិសនីដែលខូចខាតឡើងវិញ ដែលការងារនេះបានបញ្ចប់ជា ស្ថាពរ នៅត្រឹមថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣។ទី៥៖ ក្រុមការងារកំពុងធ្វើការជួសជុលស្ថានីយបូមទឹកឆៅ យក ទឹកពីទំនប់ស្ទាក់ទឹកទី២ ឡើងវិញ ដែលអាចនឹងបញ្ចប់ក្នុងរយៈពេលពី ០៣ ទៅ ០៤ សប្តាហ៍។ទី៦៖ បន្តរៀប ចំស្ថានីយបូមទឹកឆៅបំរុងបន្ថែម ដែលយកទឹកពីទំនប់ស្ទាក់ទឹកទី១ សម្រាប់ប្រើប្រាស់ ក្នុង ករណីចាំបាច់ ដើម្បី ធានានិរន្តរភាពនៃការផ្គត់ផ្គង់ទឹកស្អាតនាពេលអនាគត។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ ក៏បានបញ្ជាក់ងដែរថា ក្រុមការងារកំពុងបន្តយុទ្ធនាការតម្លើងម៉ាស៊ីនបូមទឹក ដើម្បីផ្គត់ផ្គង់ឲ្យបានគ្រប់គ្រាន់ដល់ប្រជាពលរដ្ឋ នៅក្រុង ព្រះសីហនុ ក្រោយការបាក់ទំនប់ទី២ នៃអាងស្តុកទឹករបស់ក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតអានកូ ស្ថិតនៅក្នុងសង្កាត់ លេខ១ ក្រុងព្រះសីហនុ (តំបន់ក្បាលឆាយ)។ការតម្លើងម៉ាស៊ីនបូមទឹក គឺដើម្បីយកទឹកទៅស្ថានីយ៍ទី០៣ ដើម្បីចម្រោះជាទឹកស្អាត។ ឥឡូវនេះ កំពុងដំណើរការម៉ាស៊ីនបូមទឹក បានចំនួន ១៦,០០០ម៉ែត្រគូប ហើយ អាជ្ញាធរខេត្តប្រឹងប្រែងតម្លើងម៉ាស៊ីនបូមទឹកឲ្យបាន ១៦,០០០ ម៉ែត្រគូបទៀត ឲ្យដល់គោលដៅ ខណៈការផ្គត់ ផ្គង់ទឹកប្រចាំថ្ងៃ៨០,០០០ម៉ែត្រគូប ហើយរាល់ថ្ងៃសម្រាប់ម៉ាស៊ីនដែលបានដំណើរស្រាប់ គឺបានផ្គត់ផ្គង់ទឹកចំនួ ន៦ម៉ឺនម៉ែត្រគូបស្រាប់។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនអានកូ វតធើ ស័បផ្លាយ គឺជាក្រុមហ៊ុនតែមួយគត់ក្នុងការ ផ្គត់ផ្គង់ ទឹកស្អាត នៅខេត្តព្រះសីហនុ និងមួយផ្នែកនៅស្រុកព្រៃនប់ និងស្រុកស្ទឹងហាវ ក្នុងបរិមាណពី៧៤០០០ទៅ៨០០០០ ម៉ែត្រ គូប។ហើយសំរាប់ ក្រុងព្រះសីហនុទាំងមួល ការផ្គត់ផ្គង់ទឹកស្អាតប្រើប្រាស់គឺពឹងផ្អែកទាំងស្រុងពីតំបន់ក្នុងក្បាល ឆាយស្ថិតក្នុងសង្កាត់លេខ០១ក្រុងព្រះសីហនុ៕(ដោយនាគសមុទ្រ)