ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវឧបត្ថម្ភស្បៀងអាហារ ជូនសមាជិកគណបក្សប្រជាជន ដែលមានជីវភាពក្រីក្រ នៅឃុំបន្ទាយស្ទោង

0

(កំពង់ធំ)÷ ក្រុមគ្រួសារសមាជិកគណបក្សប្រជាជនកម្ពុជា ដែលមានជីវភាពលំបាកខ្វះខាតចំនួន៣៥គ្រួសារ ដែលបានអញ្ជើញមកពីភូមិឈើទាល  ភូមិកុកគ្រួស  ភូមិស្លាករ និងភូមិគោកសណ្តែក ស្ថិតនៅក្នុងនៅឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ បានទទួលអំណោយស្បៀងអាហារ គ្រឿងឧបភោគបរិភោគ របស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី តាមរយៈឯកឧត្តម សោម ស៊ុន សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត ប្រធានក្រុមការងារចុះមូលដ្ឋានឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ  ដែលពិធីនេះប្រព្រឹត្តទៅនៅវត្តពោធិ៍រោង នាព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ ។

នៅក្នុងឱកាសសំណេះសំណាលនេះ ឯកឧត្តម សោម ស៊ុន បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ដែលលោកទាំងទ្វេតែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់បំផុតដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទូទៅ ពិសេសសមាជិកគណបក្សប្រជាជនកម្ពុជាយើង ។ ជាមួយនោះដែរសម្ដេចតេជោ លោកបានផ្តាំផ្ញើសូមឱ្យសមាជិកគណបក្សប្រជាជនយើងទាំងអស់គ្នា ខិតខំថែរក្សាសុខភាព និងជូនពរដល់សមាជិកគណបក្សយើងទាំងអស់គ្នា ទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើននិងជោគជ័យគ្រប់ភារកិច្ច ។

ឯកឧត្តម សោម ស៊ុន បានអំពាវនាវដល់ក្រុមគ្រួសារសមាជិកគណបក្សប្រជាជនទាំងអស់ ត្រូវរួមគ្នាថែរក្សាសុខសន្តិភាព ដែលយើងកំពុងមានសព្វថ្ងៃនេះ ឲ្យនៅគង់វង្សជារៀងរហូត ដើម្បីប្រទេសជាតិយើងបន្តការអភិវឌ្ឍន៍ ឱ្យមានការរីកចម្រើនបន្ថែមទៀត ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នៃយើង ហើយយើងទាំងអស់គ្នានិងក្រុមគ្រួសារត្រៀមខ្លួន ទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះឲ្យបានគ្រប់ៗគ្នា ។

ឯកឧត្តម សោម ស៊ុន បានបញ្ជាក់ជូនថា ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ដែលបានឧបត្ថម្ភជូនក្រុមគ្រួសារសមាជិកគណបក្សប្រជាជន ដែលមានជីវភាពលំបាកខ្វះខាតនៅពេលនេះ គឺជាអំណោយរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី  ដោយក្នុង១គ្រួសារទទួលបាននូវ អង្ករចំនួន២៥គីឡូក្រាម មីជាតិចំនួន១កេស ទឹកស៊ីអ៊ីវ ចំនួន១យួរ និងត្រីខកំប៉ុងចំនួន១យួរផងដែរ។

លោក សូត្រ អ៊ុល ប្រធានគណបក្សឃុំ តំណាងឲ្យក្រុមគ្រួសារសមាជិក គណបក្សនៅឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ សូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំងក្រុមការងាររបស់គណបក្សប្រជាជន ចុះមូលដ្ឋានឃុំបន្ទាយស្ទោង ដែលតែងតែយកចិត្តទុកដាក់គ្រប់បែបយ៉ាងជួយដោះស្រាយនូវរាល់ការលំបាក របស់ប្រជាពលរដ្ឋក៏ដូចជាសមាជិកគណបក្សប្រជាជន និងសូមគោរពជូនពរឯកឧត្តម លោក ជំទាវ លោក លោកស្រីទាំងអស់ សូមទទួលបាននូវពុទ្ធពរទាំង៤ប្រការកុំបីឃ្លៀងឃ្លាតឡើយ៕