អាវុធហត្ថខេត្តបន្ទាយមានជ័យ​ បញ្ជូនជនសង្ស័យ​ម្នាក់​ ទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី​ ពាក់ព័ន្ធ​ករណី ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

0

បន្ទាយមានជ័យ​៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង​សិរីសោភ័ណ​ ​ដឹកនាំដោយ​លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង កាលវេលាម៉ោង១៤និង៤៥នាទី ថ្ងៃទី០៨​ ខែកុម្ភៈ​ ឆ្នាំ​២០២៣ បានបេីកប្រតិបត្តិការបង្ក្រាបករណី ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យម្នាក់ ព្រមទាំងដកហូតវត្ថុតាងមួយចំនួន​ នៅចំណុចភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ហើយបញ្ជូនមកមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ ដេីម្បីសួនាំតាមនីតិវិធី។

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ​ បានប្រាប់ឱ្យ​ដឹងថា​  ជនសង្ស័យឈ្មោះ ឆៃ រ៉ាឌីន ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ បច្ចុប្បន្នរស់នៅភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។ វត្ថុតាងចាប់បានរួមមាន​៖​ ម្សៅក្រាមពណ៌សថ្លាចំនួន០២កូនថង់កិប ទម្ងន់៣,៩៣ក្រាម,​ ថ្នាំគ្រាប់រាងមូលពណ៌ក្រហមក្បឿង ចំនួន០៥គ្រាប់ ទម្ងន់០៦០ក្រាម ,​ ម៉ូតូ ចំនួន ០១គ្រឿង (ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ស្លាកលេខ បន្ទាយមានជ័យ​ 1W-9663,​ ទូរស័ព្ទចំនួន ០៣គ្រឿង,​ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន ០១គ្រឿង រួមនឹងសម្ភារៈ​មួយចំនួនទៀត។

លោកមេបញ្ជាការមូលដ្ឋាន​កងរាជអាវុធហត្ថក្រុងបន្តថា​ កាលពីវេលាម៉ោងខាងលេីកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានទទួលពត៌មានពីប្រជាពលរដ្ឋថា មានករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន នៅចំណុចខ្នងអាង​ ស្ថិតក្នុងភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​ ។ ក្រោយពីទទួលបានព័ត៌មាន កម្លាំងបានចុះប្រតិបត្តិការដល់ចំណុចកើតហេតុខាងលើ និងធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឆៃ រ៉ាឌីន ព្រមទាំងវត្ថុតាង​ដូចខាងលើ។

ក្រោយឃាត់ខ្លួន​ និងសួរចម្លេីយ​ ជនសង្ស័យ​បានសារ​ភាពថា​ រូបខ្លួនពិតជាបានជួញដូរ​ និងប្រេីប្រាស់គ្រឿងញៀនពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាព​ និងវត្ថុតាង​ ជនសង្ស័យ​ត្រូវបានបញ្ជូនបន្តមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត​ចាត់ការបន្ត។

បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាង​ ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន​ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត​ហើយ នៅព្រឹកថ្ងៃសុក្រ ទី១០​ ខែកុម្ភៈ​​ ឆ្នាំ​២០២៣នេះ​ ៕ដោយ៖ឃិន គន្ធា