បន្ទាយមានជ័យ៖នេះជាលើកទី២ហើយដែលក្រុមរថយន្តទេសចរណ៍ផ្លូវលំបាក (OFF ROAD) ខេត្តបន្ទាយមានជ័យ បាននាំគ្នាទៅបោះតង់ នៅតំបន់ការពារធម្មជាតិរហាលកេះ អាវៀន ក្នុងភូមិសាស្ត្រ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រ ដែលស្ថិតនៅខាងកើតទីប្រជុំជនខេត្ត ប្រមាណ២០ គ.ម ។
នារសៀល ដល់ព្រឹកថ្ងៃទី១០-១១ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងក្រុមការងារ មន្ត្រីថ្នាក់ដឹកនាំ លោក សិទ្ធិ ឡោះ ជាប្រធានរថយន្តទេសចរណ៍ផ្លូវលំបាកខេត្ត និងសហការី ជាមួយរថយន្តជាច្រើនគ្រឿង បានទៅដល់ និងបោះតង់ នៅតំបន់ការពារធម្មជាតិ រហាលកេះ អាវៀន។
ការបោះតង់លើនេះ មានបំណងជម្រុញ បង្កើនការអភិរក្សសត្វស្លាប រាប់ម៉ឺនសែនក្បាល និងការបំផុសចលនាទេសចរ ទៅទស្សនានៅតំបន់ការពារធម្មជាតិ រហាលកេះ អាវៀន ដែលសម្បូរសត្វស្លាបទឹក សត្វស្លាបគោក និងមច្ឆជាតិមួយនេះ ។
សូមរំលឹកថា រហាលកេះ អាវៀន ជាទីអភិរក្សអេកូទេសចរណ៍មច្ឆជាតិ និងសត្វស្លាប ដែលសហគមន៍ រៀបចំឡើង ដើម្បីកិច្ចការអភិរក្សសត្វស្លាបចម្រុះ រាប់ម៉ឺនសែនក្បាល និងមច្ឆជាតិ ព្រមទាំងក៏លើកស្ទួយជីវភាពប្រជាសហគមន៍ ។ វាជាទីប្រសព្វនៃស្ទឹងសិរីសោភ័ណ និងស្ទឹងមង្គលបូរី នាព្រំប្រទល់ស្រុកព្រះនេត្រព្រះ ក្រុងសិរីសោភ័ណនិងស្រុកមង្គលបូរី ស្ថិតក្នុងភូមិសាស្ត្រ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
ដើម្បីទៅដល់ទីនោះ ទី១ -ត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ ៦ ម ។ ទៅដល់ត្រង់មុខសាលាឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រ ព្រះ ត្រូវបត់ចុះទៅខាងត្បូង កាត់ភូមិរពាក់ ក្នុងចម្ងាយប្រមាណជាង ៧ គ.ម ។ ទី២ -ធ្វើដំណើរតាមផ្លូវខេត្តលេខ១៥៦ដេ មង្គលបុរី- ព្រះនេត្រព្រះ ដល់ត្រង់ស្ពាន និងវត្តស្រមោច ភូមិស្រមោច ឃុំ /ស្រុកព្រះនេត្រព្រះ ត្រូវចុះទៅខាងជើង ក្នុងចម្ងាយ ប្រមាណជាង ២ គ.ម ឬបើគិតពីក្រុងសិរីសោភ័ណ វាមានចម្ងាយជាង ២០ គ.ម ។
ប្រវត្តិតំបន់នេះ វាជាទំនប់ស្ទាក់បំបែក និងបង្វែរទឹកនៃប្រព័ន្ធធារាសាស្ត្រ ដែលកសាងឡើងក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ (ឆ្នាំ១៩៧៥-៧៩ ) ។ វាមានផ្ទៃដីទឹក និងព្រៃលិចទឹក ទំហំ ២៨ ហិកតា ។
សមាសភាពសត្វស្លាប នៅទីនោះ បានកើនចំនួន ដោយមានជិត ១០ ប្រភេទ។ សត្វស្លាប មានដូចជា ចង្គៀលខ្យង ក្អែកទឹក ស្មោញ ត្រយ៉ង ទាព្រៃ ទុងប្រផេះ ខ្វែកធំ ទោម ត្លុម មាន់ទឹក ជាដើម។ ក្រៅពីនោះ មានសត្វកុក យ៉ាងច្រើនដែរ៕ដោយ៖ឃិន គន្ធា