បន្ទាយមានជ័យ៖អគ្គីភ័យបាននឹងកំពុងឆាបឆេះយ៉ាងសន្ធោសន្ធៅលើផ្ទះពលរដ្ឋជាប់ៗគ្នានៅផ្លូវជាតិលេខ៥ ខាងត្បូង ឬម្ខាងផ្លូវទល់មុខធនាគារអេស៊ីលីដាក្រុងប៉ោយប៉ែតក្នុងភូមិអូរជ្រៅសង្កាត់/ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ នៅពីម៉ោងជិត៧ដល់ម៉ោងជិត៨ព្រឹកថ្ងៃទី១៣ខែកុម្ភ:ឆ្នាំ២០២៣ នេះ។
កងកម្លាំងនគរបាល កងរាជអាវុធហត្ថ ទាហាន មន្ត្រីអាជ្ញាធរ ក្រុមសង្គ្រោះនិងរថយន្តពន្លត់អគ្គីភ័យជាង១០គ្រឿងក៏បាននឹងកំពុងពន្លត់និងបញ្ជូនបន្ថែមពីខេត្តនិងស្រុកក្រុងនានាដើម្បីជួយអន្តរាគមន៍ ។
ប្រភពអ្នកឃើញហេតុការណ៍និងមន្ត្រីអាជ្ញាធរមានសមត្ថកិច្ចថា ភ្លើងបានចាប់ផ្តើមឆេះចេញពីផ្ទះតៀមរបស់ឈ្មោះលី តៀងសេង លក់គ្រឿងអគ្គីសនី អេឡិចត្រូនិក រាលទៅដល់ផ្ទះជិតខាងមួយចំនួនទៀត ដែលជាប្លុកលំនៅឋាននិងហាងអាជីវកម្មដ៏មមាញឹកមួយដែរក្នុងក្រុង ។
ទោះយ៉ាងណា មន្ត្រីថា ព័ត៌មានបឋមនេះនឹងត្រូវផ្ទៀងផ្ទាត់ក្នុងពេលបន្ទាប់ ។
ជាបន្ទាន់នេះ គេឃើញឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកគាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត និងមន្ត្រីកងកម្លាំងទាំង៣ប្រភេទ ក្រុមអ្នកជួយសង្គ្រោះ និងរថយន្តពន្លត់អគ្គីភ័យរបស់ផ្នែកឯកជន ក៏បានទៅដល់និងដឹកនាំប្រតិបត្តិការ ៕ដោយ៖ឃិន គន្ធា









































