ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះដណ្តើមពានរង្វាន់លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ

0

ខេត្តតាកែវ ចាប់ផ្តើមជាលើកទី២ ក្រោយឆ្នាំទី១ ទទួលបានការកោកសរសើពីសហព័ន្ធកីឡាបាល់ទះកម្ពុជាថាបានរៀបចំបានល្អ និងធ្វើមុនគេនៅតាមបណ្តាខេត្តផ្សេងៗ
តាកែវ៖ នៅព្រឹកថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ស្នងការដ្ឋាននគរបាលខេត្តតាកែវបើកកិច្ចប្រជុំគណៈកម្មការ រៀបចំការប្រកួតកីឡាបាល់ទះដណ្តើមពានរង្វាន់លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ លើកទី២ ដែលត្រូវប្រព្រឹត្តិធ្វើនៅថ្ងៃទី ០៣ ខែមិនា ឆ្នាំ២០២៣ ដល់ថ្ងៃទី ១១ ខែមិនា ឆ្នាំ២០២៣ នៅទីលានប្រកួតនៅតារ៉ាងបាល់ទះផ្ទះសំណាក់គ្រូបង្រៀន។
ថ្លែងក្នុងកិច្ចប្រជុំខាងលើនេះដែរ លោកឧត្តមសេនីយ៍ត្រី ឆឹង រតនៈ ស្នងការរងទទួលផែនការងារធនធានមនុស្ស និងជាអនុប្រធានគណៈកម្មការអចិន្ត្រៃយ៍ បានលើកឡើងថា ស្របពេលដែលវិស័យកីឡានៅក្នុងប្រទេសកម្ពុជាកំពុងមានការរីកចម្រើន ក៏ដូចជាការត្រៀមរៀបចំខ្លួនធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ នៅក្នុងឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ បានរៀបចំការប្រកួតកីឡាបាល់ទះដណ្តើមពានរង្វាន់ជ័យលាភីមួយ ក្នុងន័យជំរុញដល់វិស័យកីឡានៅក្នុងប្រទេស ក៏ដូចជានៅតាមបណ្តាខេត្តអោយកាន់តែមានការផុលផុសដល់ស្មារតីយុវជនជំនាន់ក្រោយ រួមគ្នាលេងកីឡាដើម្បីសុខភាពមិត្តភាព និងការសាម្គីភាព និងជៀសឆ្ងាយពីគ្រឿងញៀន ។ លោកបន្តថា ការរៀបចំការប្រកួតកីឡាបាល់ទះនេះ គឺជាការប្រកួតលក្ខណៈសមស្របទៅតាមបច្ចេកទេសរបស់សហព័ន្ធកីឡាបាល់ទះ និងមានការចូលរួមកាត់សេចក្តីដោយលោកអាជ្ញាកណ្តាលមានលក្ខណៈស្តង់ដារជាផ្លូវការ ហើយចំពោះប្រាក់រង្វាន់ជ័យលាភីក្នុងការប្រកួតសម្រាប់លើកទឹកចិត្តកីឡាករ ដែលចូលមកធ្វើការប្រកួតប្រជែង ដោយរង្វាន់ជ័យលីភីលេខ ១ ទទួលបានពានរង្វាន់មួយនិងមេដៃមាស រួមជាមួយប្រាក់រង្វាន់ ចំនួន ៤លានរៀន ចំណាក់ថ្នាក់លេខ ២ ទទួលបានមេដៃប្រាក់ រួមជាមួយនិងថវិការចំនួន ២,៥លានរៀល ចំណាក់ថ្នាក់លេខ ៣ ទទួលបានមេដៃសំរិទ្ធ រួមជាមួយថវិការចំនួន ១,៥លានរៀល និងចំណាក់ថ្នាក់លេខ ៤ ទទួលបានប្រាក់រង្វាន់លើកទឹកចិត្តផងដែរ។
សូមបញ្ជាក់ផងដែរថា មកដល់ពេលនេះ មានបណ្តាមន្ទីរអង្គរភាពផ្សេងៗ និងអធិការដ្ឋាននគរបាលស្រុកនានា ក្នុងខេត្តតាកែវ បានមកទទួលពាក្យសម្រាប់ចូលរួមប្រកួតចំនួន ១២ស្ថាប័នហើយ ចំពោះការមកទទួលពាក្យចូលរួមប្រកួត អង្គភាព និងស្ថាប័នផ្សេងៗអាចមកទទួលយកពាក្យចូលរួមប្រកួតបាននៅការិយាល័យបុគ្គលិក នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ។ តាកែវ