ឯកឧត្តម សោម ស៊ុន ផ្សព្វផ្សាយខ្លឹមសារមហាសន្និបាតវិសាមញ្ញរបស់គណបក្សនិងពង្រឹងភារកិច្ចរបស់ប្រធានក្រុមបក្សនៅឃុំបន្ទាយស្ទោង

0

(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម សោម ស៊ុន សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត ប្រធានក្រុមការងាររបស់គណបក្សចុះមូលដ្ឋានឃុំបន្ទាយស្ទោង បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារមហាសន្និបាតវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា និងពង្រឹងភារកិច្ចប្រធានក្រុមបក្ស ចំនួន៥ភូមិ គឺភូមិរលួស ភូមិបវែង ភូមិតាម៉ើ ភូមិដូនប៉ុក និងភូមិចំបក់បញ្ញា ដែលពិធីនេះប្រព្រឹត្តទៅនៅវត្តចំបក់បញ្ញាស្ថិតនៅក្នុងឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ។

លោក តុង ទាវ ជំនួសមុខលោកប្រធានគណបក្សឃុំ បានឡើងរាយការណ៍អំពីសភាពការណ៍ទូទៅមួយចំនួន ដែលកើតមានឡើងនៅក្នុងឃុំ និងបញ្ជាក់ជូនអំពីបច្ចុប្បន្នភាពរបស់គណបក្ស ការគ្រប់គ្រង និងការកសាងពង្រីកសមាជិកបក្សថ្មី និងការរៀបចំក្រុមបក្សនៅទូទាំងឃុំ ក្នុងចំណោម១៥ភូមិ ដែលមានចំនួន៣៥៤ក្រុមបក្ស ហើយនៅពេលនេះយើងបានដំណើរការជួបជុំប្រធានក្រុមបក្សចំនួន១០០ក្រុមជាថ្មីទៀត បន្ទាប់ ពីបានជួបប្រគល់ភារកិច្ចជូនប្រធានក្រុមបក្ស ចំនួន ១៧៣នាក់ នៅភូមិចំនួន៦រួចមកហើយនៅពេលថ្មីៗកន្លងមកនេះ ដើម្បីពង្រឹងភារកិច្ចរបស់ប្រធានក្រុមបក្សនីមួយៗ ។

ឯកឧត្តម សោម ស៊ុន បានផ្សព្វផ្សាយសេចក្តីសម្រេចចិត្ត និងខ្លឹមសារសំខាន់ៗមួយចំនួន របស់មហា សន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា និងផែនការណែនាំឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភាដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។

ជាមួយនេះផងដែរ ឯកឧត្តម សោម ស៊ុន ក៏បានណែនាំអំពីតួនាទីភារកិច្ច ដល់មេក្រុមបក្សទាំងចំនួន១០០ក្រុម ដែលបានចូលរួមក្នុងពិធីនេះ ដោយត្រូវអនុវត្តតាមតួនាទីភារកិច្ចរបស់ខ្លួន ក្នុងការគ្រប់គ្រងសមាជិកបក្ស ទាំងបរិមាណ និងគុណភាព ហើយត្រូវមានឯកសារគ្រប់គ្រាន់ និងជាពិសេសប្រធានក្រុមបក្សនីមួយៗត្រូវមានភារកិច្ចដឹកនាំសមាជិករបស់ខ្លួនបានទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឲ្យបានគ្រប់ៗគ្នា ដោយអនវត្តន៍ទិសស្លោក សមាជិកម្នាក់ សន្លឹកឆ្នោត មួយសន្លឹក ។

លោកប្រធាន ក្រុមបក្សទាំង១០០ក្រុម ដែលបានអញ្ជើញមកពីភូមិរលួស បវែង ដូនប៉ុក តាម៉ើ និងភូមិចំបក់បញ្ញា បានប្តេជ្ញាចិត្តគោរពអនុវត្តន៍ តាមការណែនាំរបស់ឯកឧត្ដមប្រធាន ក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជាចុះ មូលដ្ឋានឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ដើម្បីបន្តដណ្ដើមយកជ័យជម្នះជាថ្មី ទៀតក្នុងការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្តនៅពេលខាងមុខ ។

នៅក្នុងឱកាសនេះផងដែរ ឯកឧត្ដម សោម ស៊ុន រួមជាមួយ ក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំបន្ទាយ ស្ទោង បានឧបត្ថម្ភជូនប្រធានក្រុមបក្សទាំង ១០០ក្រុម ដែលបានអញ្ជើញមកចូលរួមក្នុងពិធីនេះ ដោយក្នុងម្នាក់ៗទទួលបាននូវសារុងចំនួន១ និងថវិកាមួយចំនួនផងដែរ៕