កំពង់ចាម: លោកស្រី ប៉ាង ដានី អភិបាលរងខេត្តកំពង់ចាម បានអំពាវនាវដល់ស្រ្តីមានផ្ទៃពោះទាំងអស់ សូមទៅពិនិត្យសុខភាពឱ្យបានទៀងទាត់ចំនួន ៤ដង តាមពេលវេលាកំណត់ ការជំរុញបែបនេះក្នុងពិធីអបអរសាទរខួបទី១៣ ទិវាជាតិ សុខភាពមាតា ទារក និងកុមារ ក្រោមប្រធានបទ «រួមគ្នាពង្រឹងសេវាសុខភាពបន្តពូជ សុខភាពមាតា ទារក កុមារ យុវវ័យ និងអាហារូបត្ថម្ភ ដើម្បីឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍ ប្រកបដោយ ចីរភាពនៅឆ្នាំ២០៣០ » ដែលបានធ្វេីឡេីងនៅសាលាស្រុកចំការលើ នាព្រឹកថ្ងៃទី២២ ខែកុម្ភះ ឆ្នាំ២០២៣ ។
ថ្លែងក្នុងឱកាសនោះ លោកស្រី ប៉ាង ដានី អភិបាលរងខេត្ត បានអំពាវនាវដល់ គ្រប់ថ្នាក់ គ្រប់ផ្នែក ត្រូវយកចិត្តទុកដាក់ អនុវត្តតាមអនុសាសន៍ ដ៏ខ្ពង់ខ្ពស់ទាំងឡាយ ៤ចំណុច ដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ បានអំពាវនាវក្នុងសារលិខិតនេះ ពិសេស ស្រ្តីមានផ្ទៃពោះទាំងអស់ ត្រូវទៅទទួលយកសេវាបង្ការ/ព្យាបាលទាំងអស់ នៅមណ្ឌលសុខភាព ឬ មន្ទីរពេទ្យ ពិសេស ការស្ម័គ្រចិត្តធ្វើតេស្តឈាម រកមេរោគអេដស៍ស្វាយ រលាកថ្លើមប្រភេទ បេ ដើម្បីទប់ស្កាត់ការចម្លងមេរោគពីម្ដាយទៅកូន។
ត្រូវសម្រាលកូន នៅមណ្ឌល សុខភាព មានគ្រូពេទ្យជំនាញ ដែលទទួលបានការបណ្ដុះបណ្ដាលត្រឹមត្រូវ។ ក្រោយពេលសម្រាល ត្រូវយកកូនទៅចាក់វ៉ាក់សាំងបង្ការជំងឺ ១១ មុខ តាមពេលវេលាកំណត់ ដោយយកចិត្តទុកដាក់ ពិនិត្យតាមដានសុខភាព និង ការលូតលាស់របស់កូន រហូតដល់កូនមានអាយុ ២ឆ្នាំ ។
ប្រការដែលសំខាន់ គឺ ត្រូវបំបៅកូនដោយទឹកដោះម្ដាយ តែមួយមុខគត់ ចាប់ពីពេលកើតភ្លាមរហូតដល់ទារក មានអាយុ ៦ខែ និងផ្ដល់អាហារបន្ថែមគ្រប់មុខ គ្រប់ជីវជាតិ (បបរខាប់គ្រប់គ្រឿង )រួមជាមួយការបន្តបំបៅទឹកដោះម្ដាយរហូតដល់ កុមារ មានអាយុ យ៉ាងតិច ២ឆ្នាំ ។ សូមជ្រើសរើសយកការពន្យារកំណើត ដើម្បីសុខភាព របស់ម្ដាយ និងទារក ផងដែរ ។
ជាមួយគ្នានោះ លោកស្រីអភិបាលរងខេត្ត ក៏បាននាំយក វត្ថុអនុស្សាវរីយ៍ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឥស្សរជនឆ្នើមថ្នាក់ជាតិ ផ្តល់ជូន ស្រ្តីដែលបានចូលរួម ៧៥នាក់ , ម្នាក់ៗ ទទួលបាន ៖ សារុង ១ ក្រម៉ា ១ កន្សែងពោះគោធំតូច ២ សាប៊ូដុសខ្លួន ១ដប ទឹក អនាម័យ ស្ត្រី ១ដប សាប៊ូលុច្ស ៤ដុំ ម៉ាស់ ១០បន្ទះ និងថវិកា ៥០,០០០រៀល ។
ឆ្លៀតក្នុងឱកាសនោះដែរ លោកស្រីអភិបាលរងខេត្តកំពង់ចាម និងក្រុមការងារ បានបន្ត ចុះសួរសុខទុក្ខ ស្ត្រីទើបសម្រាលកូន នៅតាមខ្នងផ្ទះ ចំនួន ៥នាក់ ក្នុងឃុំស្វាយទាប ដោយបានឧបត្ថម្ភជូន ក្នុងម្នាក់ៗ នូវ សារុង ១ ក្រម៉ា ១ កន្សែងពោះគោ ២ សាប៊ូដុសខ្លួន ១ដប ទឹកអនាម័យស្ត្រី ១ដប មី ១កេស ស្ករស ទឹកដោះគោ ខោអាវទារក និង ថវិកា៥០,០០០រៀល ផងដែរ ។







































