លោក អួង សារឿន អញ្ជើញចូលរួមក្នងពិធីបើកការដ្ឋានកែលម្អផ្លូវកៅស៊ូ១ជាន់ប្រវែង២.៨៥០ម៉ែត្រ ស្ថិតនៅឃុំត្នោតជុំ ស្រុកបារាយណ៍

0

(កំពង់ធំ)÷ដោយឃើញពីទុក្ខលំបាកក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដើម្បីចរាចរណ៍ដឹកកសិផលផ្សេងៗប្រកបដោយសុវត្ថិភាព។ អាស្រ័យហេតុនេះហើយលោក អួង សារឿនអភិបាលស្រុកបារាយណ៍ និងក្រុមការងារថ្នាក់ស្រុកអញ្ជើញចូលរួមក្នងពិធីបើកការដ្ឋានកែលម្អផ្លូវកៅស៊ូ១ជាន់ប្រវែង២.៨៥០ម៉ែត្រ ស្ថិតនៅក្នុងភូមិត្នោតជុំទី១ ភូមិត្នោតជុំទី២ និងភូមិព្រែកក្រោល ឃុំត្នោតជុំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣។

ការលើកឡើងបែបនេះនៅក្នុងពិធីសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ លោក អួង សារឿន អភិបាលស្រុកបារាយណ៍ បានលើកឡើងថា សមិទ្ធផលថ្មីៗ និងហេដ្ឋារចនានា ដែលកើតមានឡើងសព្វថ្ងៃអាស្រ័យដោយសារប្រទេសជាតិយើងមានសុខសន្តិភាពពេញបរិបូរណ៍ក្រោមការដឹកនាំ ដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ សមិទ្ធផលថ្មី​នេះគឺពិតជាបានរួមចំណែកយ៉ាងសំខាន់​ក្នុងការកាត់បន្ថយភាពក្រីក្រក្នុងមូលដ្ឋាន និងបានលើកកម្ពស់សេដ្ឋកិច្ចប្រជាពលរដ្ឋឲ្យបានកាន់តែប្រសើរឡើងថែមទៀត ក្នុងការចរាចរណ៍ប្រកបដោយសុវត្ថិភាព។

លោកអភិបាលស្រុកបារាយណ៍ បានបន្តថា​ដេីម្បីឲ្យសមិទ្ធផលនេះសាងសង់ប្រកបដោយគុណភាព​ អាជ្ញាធរឃុំ អ្នកពាក់ព័ន្ធផ្សេងទៀត​ ត្រូវសហការគ្នាពិនិត្យមេីលដំណេីរការសាងសង់ឲ្យត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេស​ ដេីម្បីធនាបានគុណភាព​ ប្រើប្រាស់បានយូរអង្វែង ទុកឱ្យកូនចៅជំនាន់ក្រោយ។

ជាចុងក្រោយលោក អួង សារឿន អភិបាលស្រុកបារាយណ៍ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ត្រូវជួយថែរក្សាសមិទ្ធផលទាំងអស់នេះ ដែលរាជរដ្ឋាភិបាលសម្រេចបាន និងសហការជាមួយអាជ្ញាធរពាក់ព័ន្ធដើម្បីភូមិ/ឃុំ/ស្រុកឱ្យមានការរីកចម្រើន។ ជាពិសេសសូមកុំរំលោភយកដីចំណីផ្លូវ ហើយបើកផ្លូវឲ្យបានធំទូលាយតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ ដើម្បីសមិទ្ធផលផ្លូវ និងសំណង់ធានាបាននូវគុណភាព និងមានសោភ័ណភាពស្រស់ស្អាត នៅក្នុងមូលដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋ។