.. កំពង់ធំ)÷ បន្ទាប់ពីបានប្រកួតរយៈពេលពេញមួយថ្ងៃចាប់ពីម៉ោង៦:៣០នាទីព្រឹក រហូតដល់ម៉ោង១៦:០០ នាទីល្ងាចថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រុមកីឡាករប៉េតង់ (ប៊ូល) ទាំង១៣ក្លឹប ចំណុះឲ្យបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ត្រូវបានបិទបញ្ចប់ ក្រោមការផ្ដល់ពិន្ទុយ៉ាងសុក្រិតពីគណៈកម្មការឲ្យពិន្ទុរបស់មន្ទីរអប់រំយុវជនកីឡាខេត្តកំពង់ធំ ហើយដែលពិធីបិទការប្រកួតនេះស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសាច់រងកំពង់ធំ។
លោកវរសេនីយ៍ឯក សោម សុភាវុធ មេបញ្ជាការរងទទួលបន្ទុកការងារហ្វឹកហ្វឺននិងកីឡា បានឡើងធ្វើរបាយការណ៍ជូនគណៈអធិបតី និងអង្គពិធីទាំងមូល អំពីលទ្ធផលនៃការប្រកួតដណ្ដើមយកពានរង្វាន់ប្រចាំឆ្នាំ២០២៣ ដែលមានកីឡាករចំនួន១៣ក្លឹប ថ្មើរហ្នឹងចំនួនមនុស្ស៦៥នាក់ បានអញ្ជើញមកពីគ្រប់កងឯកភាពចំណុះនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។
លទ្ធផលនៃការប្រកួតចំណាត់ថ្នាក់លេខ ១បានទៅលើក្លឹបតំបន់ប្រតិបត្តិការសឹករង១។ ចំណាត់ថ្នាក់លេខ២បានទៅលើក្លឹបតំបន់ប្រតិបត្តិការសឹករង ២ ។ ចំណាត់ថ្នាក់លេខ៣ បានទៅលើក្លឹបកងវរសេនាតូចលេខ១.និងចំណាត់ថ្នាក់លេខ៤រង្វាន់លួងចិត្តត្រូវបានទៅលើក្លឹបផ្នែកសឹករងប្រាសាទបល្ល័ង្គ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងហ្វឹកហាត់និងទទួលខុសត្រូវខ្ពស់របស់មេបញ្ជាការកងឯកភាព និងក្រុមកីឡារបស់ក្លឹបនីមួយៗ ហើយនៅក្នុងពេលប្រកួតនេះបានបញ្ចេញអស់ពីកម្លាំងកាយចិត្តនិងសមត្ថភាពដើម្បីដណ្ដើមយកជ័យជំនះ និងកិត្តិយសសម្រាប់ក្លឹបនិងអង្គភាពនីមួយៗ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ការប្រកួតកីឡា ត្រូវតែមានកីឡាករឈ្នះ និងកីឡាករចាញ់ ដូច្នេះការឈ្នះនឹងចាញ់គឺជារឿងធម្មតានៃការប្រកួតកីឡា។ ហេតុនេះសំណូមពរដល់ក្រុមកីឡាយើង ដែលមិនទាន់បានទទួលជ័យជំនះត្រូវខិតខំប្រឹងប្រែងហ្វឹកហាត់បន្ថែមទៀត ដើម្បីទទួលបានជោគជ័យសម្រាប់ក្លឹបនិងអង្គភាពខ្លួននៅពេលប្រកួតនាឆ្នាំក្រោយ។
ក្នុងពិធីបិទការប្រកួតកីឡាប៉េតង់ប៊ូលនៅពេលនេះ ឧត្តមសេនីយ៍ទោសោមស៊ុន បានផ្ដល់កិត្តិយសជូនពានរង្វាន់ និងមេដៃមាស ព្រមទាំងថវិកាចំនួន៤០០.០០០រៀលសម្រាប់ក្លឹបតំបន់ប្រតិបត្តិការសឹករង ១.ដែលទទួលបានចំណាត់ថ្នាក់លេខ១ ដោយឡែកចំពោះ ចំណាត់ថ្នាក់លេខ២ ដែលជាកីឡាករមកពីក្លឹបតំបន់ប្រតិបត្តការសឹករង ២ទទួលបានមេដៃប្រាក់និងថវិកាមួយចំនួន៣០០.០០០រៀល និងកីឡាករលេខ៣របស់ក្លឹបកងវរសេនាតូចលេខ១ បានទទួលមេដៃសំរិទ្ធនិងថវិកាមួយចំនួន ២៥០.០០០រៀល ដោយឡែករង្វាន់ដួងចិត្តចំណាត់ថ្នាក់លេខ៤ ត្រូវបានប្រគល់ជូនកីឡាករមកពីក្លឹបផ្នែកសឹករងប្រសាទបល្ល័ង្គ បានទទួលថវិកា ចំនួន២០០.០០០ រៀល ។
ជាចុងក្រោយឧត្តមសេនីយ៍ទោ សោម ស៊ុន បានសំណូមពរដល់ក្រុមកីឡាករទាំងអស់ ត្រូវបន្តការហ្វឹកហាត់បន្ថែមទៀត ដើម្បីពង្រឹងកាយសម្បទានរឹងមាំ និងឈានទៅក្រកួតជាមួយបណ្តាក្លឹបកីឡាផ្សេងៗទៀតក៏ដូចជាថ្នាក់ជាតិផងដែរ។







































