ឯកឧត្តម សោម ស៊ុន ផ្សព្វផ្សាយខ្លឹមសារមហាសន្និបាតវិសាមញ្ញរបស់គណបក្ស និងពង្រឹងភារកិច្ចរបស់ប្រធានក្រុមបក្សនៅឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្ដកំពង់ធំ

0

ខេត្ដកំពង់ធំ  នៅព្រឹកថ្ងៃទី២៦  ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម សោម ស៊ុន សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត ប្រធានក្រុមការងាររបស់គណបក្សចុះមូលដ្ឋានឃុំបន្ទាយស្ទោង បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារមហាសន្និបាតវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា និងពង្រឹងភារកិច្ចប្រធានក្រុមបក្ស ចំនួន៤ភូមិ គឺភូមិឈើទាល ភូមិគោកសណ្តែក ភូមិស្លាករនិងភូមិកុកគ្រួស ស្ថិតនៅក្នុងឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ  ដែលពិធីនេះប្រព្រឹត្តទៅនៅវត្តពោធិរោង ស្ថិតនៅក្នុងឃុំបន្ទាយស្ទោង ។

លោក សូត្រ អ៊ុល ប្រធានគណបក្សឃុំ បានឡើងរាយការណ៍អំពីសភាពការណ៍ទូទៅមួយចំនួន ដែលកើតមានឡើងនៅក្នុងឃុំ និងបញ្ជាក់ជូនអំពីបច្ចុប្បន្នភាពរបស់គណបក្ស ការគ្រប់គ្រង និងការកសាងពង្រីកសមាជិកបក្សថ្មី និងការរៀបចំក្រុមបក្សនៅទូទាំងឃុំ ក្នុងចំណោម១៥ភូមិ ដែលមានចំនួន៣៨៣ក្រុមបក្ស ហើយនៅពេលនេះយើងបានដំណើរការជួបជុំប្រធានក្រុមបក្សចំនួន៩៣ក្រុមទៀត ជាលើកទី៤ និងការបញ្ចប់នៃការជួបជុំប្រធានក្រុមបក្សទាំង១៥ភូមិឃុំបន្ទាយស្ទោងតាមការគ្រោងទុក  បន្ទាប់​ពី​បាន​ជួប​និងប្រគល់​ភារកិច្ច  ជូន​ប្រធាន​ក្រុម​បក្ស​ចំនួន​២៩០នាក់ នៅ​ភូមិ​ចំនួន​១១ រួចហេីយ​នៅពេល​ថ្មី​ៗ​កន្លង​មក​នេះ​ ដើម្បីពង្រឹងភារកិច្ចរបស់ប្រធានក្រុមបក្សនីមួយៗ ។

ឯកឧត្តម សោម ស៊ុន បានមានប្រសាសន៍ថា ថ្ងៃនេះជាថ្ងៃទី៤នៃការជួបជុំប្រធានក្រុមបក្សទាំង១៥ភូមិដែលមានចំនួន​ ៣៨៣ ក្រុមបក្សនៅឃុំបន្ទាយស្ទោង និងបានផ្សព្វផ្សាយសេចក្តីសម្រេចចិត្ត និងខ្លឹមសារសំខាន់ៗមួយចំនួនរបស់មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា និងផែនការណែនាំឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភាដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣​ ខាងមុខនេះ។

ជាមួយនេះផងដែរ ឯកឧត្តម សោម ស៊ុន ក៏បានណែនាំអំពីតួនាទីភារកិច្ច ដល់មេក្រុមបក្សទាំងចំនួន៩៣ក្រុមដែលបានចូលរួមក្នុងពិធីនេះ ដោយត្រូវអនុវត្តតាមតួនាទីភារកិច្ចរបស់ខ្លួន ក្នុងការគ្រប់គ្រងសមាជិកបក្ស ទាំងបរិមាណ និងគុណភាព  ហើយត្រូវមានឯកសារគ្រប់គ្រាន់ និងជាពិសេសប្រធានក្រុមបក្សនីមួយៗ​ ត្រូវមានភារកិច្ចដឹកនាំសមាជិករបស់ខ្លួនបានទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជនឲ្យបានគ្រប់ៗគ្នា​ ដោយ​អនវត្តន៍​ទិសស្លោក​សមាជិក​បក្សម្នាក់​ គឺសន្លឹក​ឆ្នោត​មួយ​សន្លឹក​  ។

លោក​ប្រធាន​ក្រុម​បក្ស​ទាំង​៩៣ក្រុម​ ដែល​បាន​អញ្ជើញ​មក​ពី​ភូមិគោកសណ្តែក កុកគ្រួស ស្លាករ និងភូមិឈើទាល បាន​ប្តេជ្ញា​ចិត្ត​គោរព​អនុវត្ត​ន៍​តាម​ការ​ណែនាំ​របស់​ឯកឧត្ដម​ប្រធាន​ក្រុម​ការងារ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ចុះ​មូលដ្ឋាន​ឃុំ​បន្ទាយ​ស្ទោង​ ស្រុក​ស្ទោង​ ខេត្ត​កំពង់ធំ​  ដេីម្បី​បន្ត​ដណ្ដើម​យក​ជ័យជម្នះ​ជា​ថ្មី​ទៀត​ក្នុង​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​នៅ​ពេល​ខាងមុខ​  ។

នៅក្នុងឱកាសនេះផងដែរ ក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំបន្ទាយ ស្ទោង បានឧបត្ថម្ភជូនប្រធានក្រុមបក្សទាំង ៩៣ក្រុម ប្រធាននិងអនុប្រធានសាខាបក្សភូមិទាំងបួនភូមិដែលបានអញ្ជើញមកចូលរួមក្នុងពិធីនេះ ដោយក្នុងម្នាក់ៗទទួលបាននូវសារុងចំនួន១ និងថវិកាមួយចំនួនផងដែរ៕