លោក សាយ គឹមឡម បានលើកឡើងថា ទីណាមានទុក្ខលំបាក ទីនោះមានវត្តមានថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ជានិច្

0

(កំពង់ធំ)÷ នៅសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ លោក សាយ គឹមឡម អភិបាល​ស្រុកស្ទោង និងសហការី បានអញ្ជើញ ចែកអំណោយសម្រាលការលំបាក​របស់ប្រជាពលរដ្ឋ​ដែលបានមានជីវភាពក្រីក្រងាយរងហានិភ័យ ចំនួន១៦គ្រួសារ នៅឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ។

ថ្លែងទៅកាន់បងប្អូនប្រជាពលរដ្ឋរបស់ខ្លួននៅពេលនេះលោក សាយ គឹមឡម បានលើកឡើងថា” ទីណាមានទុក្ខលំបាក ទីនោះមានវត្តមានថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ជានិច្ច”។ ក្នុងឱកាសនេះដែរលោកអភិបាលស្រុកស្ទោងបានពាំនាំនូវការផ្តាំសួរសុខទុក្ខ របស់ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងលោកជំទាវ ដែលលោកទាំងពីរតែងតែយកចិត្តទុកដាក់ ចូលរួមចំណែកក្នុងកិច្ចការមនុដ្សធម៌ និងទុក្ខលំបាកវេទនារបស់ពលរដ្ឋក្នុងមូលដ្ឋាន។ លោកក៏បានបញ្ជាក់បន្ថែមថា ការចែកស្បៀងនៅពេលនេះជាការចូលរួមជួយគ្នាក្នុងគ្រាក្រលំបាក ជាកិច្ចការងារចាំបាច់បំផុត ដែលប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ក៏ដូចជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់ តែងតែណែនាំឲ្យអាជ្ញាធរមូលដ្ឋានត្រូវយកចិត្តទុកដាក់ដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ អត់ស្បៀងអាហារ ឬមិនមានការជួយជ្រោមជ្រែងយកចិត្តទុកដាក់ពីអាជ្ញាធរមូលដ្ឋាននោះឡើយ។

លើសពីនេះទៀតលោក សាយ គឹមឡម បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់មូលដ្ឋានត្រូវចេះរស់នៅតាមគន្លងប្រក្រតីភាពថ្មី នាំគ្នាទៅចាក់វ៉ាក់សាំងដូសជំរុញ បង្ការមេរោគកូវីដ-១៩ឲ្យបានគ្រប់ៗគ្នា ព្រោះពេលនេះស្ថានភាពកូវីដ១៩ នៅព្រះរាជាណាចក្រកម្ពុជាយើង និងនៅលើសនៅមានការរីករាលដាលនៅឡើយ ។

គួរបញ្ជាក់ផងដែរថា អំណោយដែលចែកជូនប្រជាពលរដ្ឋចំនួន១៦គ្រួសារនៅក្នុងឱកាសនេះ ក្នុង០១គ្រួសារៗទទួលបាននូវ អង្ករ០១បេ ត្រីខ០១យួរ ទឹកស៊ីអ៉ីវ០១យួរ និងមី០១កេសផងដែរ។