ខេត្តស្វាយរៀង៖លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀងតំណាង ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត នៅព្រឹកថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីនៅក្នុងពិធីបើកវគ្គផ្សព្វផ្សាយ ស្ដីពីការងារគ្រប់គ្រងហត្ថពលកម្មបរទេសការអនុវត្តច្បាប់ស្តីពីការងារ និងច្បាប់ស្តីពីអន្តោប្រវេសន៍ ជូនសហគ្រាស/គ្រឹះស្ថាននានាក្នុងខេត្តស្វាយរៀង ដែលបានប្រព្រឹត្តទៅនៅតំបន់សេដ្ឋកិច្ចពិសេសហ្គីហ្គារីសត ស្ថិតក្នុងស្រុកស្វាយទាប។
ពិធីនេះក៏មានការចូលរួមពីសំណាក់លោកប្រធានមន្ទីរការងារបណ្តុះបណ្តាលនិងវិជ្ជាជីវ:ខេត្ត លោកស្នងការរងនគរបាលខេត្ត លោក-លោកស្រី មន្រ្តីរាជការ លោក.លោកស្រី នាយក និងតំណាងក្រុមហ៊ុន សហគ្រាស/គ្រឹះស្ថានានាជាច្រើនរូបទៀត។
លោក អ៊ូ សាខឿន ប្រធានមន្ទីរការងារបណ្តុះបណ្តាលនិងវិជ្ជាជីវ:ខេត្ត បានមានប្រសាសន៍ឲ្យដឹងថា: ការបើកវគ្គផ្សព្វផ្សាយនាពេលនេះគឺមានគោលបំណងដើម្បីពង្រឹងការគ្រប់គ្រងជនបរទេសដែលមកប្រកបរបរ និងបំរើការងារនៅក្នុងព្រះរាជាណាចក្រកម្ពុជា ពិសេសខេត្តស្វាយរៀង ឲ្យមានប្រសិទ្ធភាពខ្ពស់ ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តិជាធរមាន សំដៅកាត់បន្ថយជាអតិមរិមា និងឈានទៅរកការលុបបំបាត់នូវការប្រើប្រាស់ហត្ថពលកម្មបរទេស មិនស្របច្បាប់ នៅតាមគោលដៅ ឬទីតាំងអាជីវកម្មនានា និងដើម្បីរួមចំណែក ក្នុងការគាំទ្រដល់ផែនការ
ប្រតិបត្តិការ បង្កើនការ ប្រយុទ្ធប្រឆាំងគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស ជួញដូរកំលាំងពលកម្ម និងអាជិវកម្មផ្លូវភេទ បទល្មើសពាក់ពន្ធ័ល្បែងស៊ីសងខុសច្បាប់ ការឆបោកតាមប្រពន្ធ័អណឡាញ បទល្មើសគ្រឿងញៀន បទល្មើសសំអាតប្រាក់ ឫបទល្មើសផ្សងៗទៀតសំដៅចូលរួមចំណែកថែរក្សា សន្តិសុខ សណ្តាប់សង្គម។
លោក ម៉ែន អេង អភិបាលរងខេត្តបានមានប្រសាសន៍ថា: ក្នុងនាមរដ្ឋបាលខេត្តលោកសូមគាំទ្រដល់ផែនការសកម្មភាពក្នុងការចុះធ្វើអធិការកិច្ចហត្ថពលកម្មបរទេសដែលរៀបចំដោយគណៈកម្មការអន្តរក្រសួងនិងសូមជំរុញលើកទឹកចិត្តដល់ក្រសួងស្ថាប័នគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្តនិងអាជ្ញាធរពាក់ព័ន្ធទាំងអស់សហការរួមគ្នាអនុវត្តផែនការសកម្មភាពនេះប្រកបដោយការទទួលខុសត្រូវខ្ពស់និងសូមអំពាវនាវដល់កម្មករនិយោជិតបរទេសនិយោជកនៃរោងចក្រសហគ្រាសមូលដ្ឋានអាជីវកម្មនិងអ្នកពាក់ព័ន្ធទាំងអស់ផ្ដល់ការគាំទ្រនិងចូលរួមអនុវត្តឲ្យបានត្រឹមត្រូវ។
លោកបន្តថា: ជាមួយគ្នានេះក្នុងការចុះធ្វើអធិការកិច្ចហត្ថពលកម្មបរទេសមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត ស្នងការនគរបាលខេត្ត ត្រូវតាមដានដំណើរឲ្យបានត្រឹមត្រូវតាមប្រព័ន្ធគោលការណ៍និងនីតិវិធីកំណត់ប្រកបដោយតម្លាភាព គណនេយ្យភាពនិងត្រូវធានារក្សាឲ្យបាននូវសន្តិសុខសណ្ដាប់ធ្នាប់របៀបរៀបរយសាធារណៈនិងមិនត្រូវធ្វើឲ្យប៉ះពាល់ឬរំខានដល់ដំណើរការផលិតកម្មអាជីវកម្មស្របច្បាប់របស់រោងចក្រសហគ្រាសនិងមូលដ្ឋានអាជីវកម្មនានានោះឡើយ។
សូមបញ្ជាក់ផងដែរថា: ក្នុងឆ្នាំ២០២២កន្លងទៅនេះ មន្ទីរបានសហការជាមួយអគ្គនាយកដ្ឋានអន្តោប្រវេសន៍,ស្នងការដ្ឋាននគរបាលខេត្ត បានចុះធ្វើអធិការកិច្ចហត្ថពលកម្មបរទេសតាមបណ្តាសហគ្រាសគ្រឹះស្ថាននានាក្នុងខេត្ត សម្រេចបានលទ្ធផលបានចុះធ្វើអធិការកិច្ចតាមសហគ្រាសនានាក្នុងខេត្តស្វាយរៀង ចាប់ពីថ្ងៃទី១១ ខែកក្តដា ឆ្នាំ២០២២ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ លើសហគ្រាសគ្រឹះស្ថានសរុប១៩២កន្លែង ដែលមានកម្មករនិយោជិតខ្មែរ សរុប៨៨.៩៦៧នាក់ ស្រី៥៣.៩៩៥នាក់ និងមានជនបរទេសសរុប ចំនួន២៦៧០នាក់ ស្រី៦៤២នាក់ មាន១៧សញ្ជាតិ មានដូចជា៖ វៀតណាម ចិន កូរ៉េខាងត្បូង តៃវ៉ាន ហ្វីលីពីន ជប៉ុន ម៉ាឡេស៊ី សាំងហ្គាពួរ បង់ក្លាដេស ឥណ្ឌូនេស៊ី នេប៉ាល់ មីយ៉ាន់ម៉ា អាព្រិចខាងត្បូង អាឡឺម៉ង់ ប៉ាគីស្ថាន រុស្សី ឡាវ។
ក្នុងការចុះធ្វើអធិការកិច្ចមន្ទីរការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្វាយរៀងបានសម្រេច
ផាកពិន័យចំពោះសហគ្រាស ដែលមិនព្រមអនុវត្តតាមច្បាប់ស្តីពីការងារចំនួន០៣សហគ្រាស ដោយប្រមូលបានថវិកាសរុបចំនួន៣២.៧៦០.០០០រៀល(សាមសិបពីលាន ប្រាំពីរហុកពាន់រៀលគត់)។ ចំពោះថវិកានេះ បានបង់ចូលជាថវិការដ្ឋ តាមនីតិវិធីរួចរាល់ហើយ៕គឹមសេង








































