កំពង់ចាម: ក្នុងពិធីសំណេះសំណាល ជាមួយមេការ និងអ្នកគ្រប់គ្រងនៅតាមសេវាកម្សាន្តទេសចរណ៍ មនុស្សពេញវ័យ សរុប ៥០៩នាក់ នៅសាលាខេត្តកំពង់ចាម នារសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់អង្គពិធីប្រកបដោយក្តីនឹករលឹក និងការគិតគូរយកចិត្តទុកដាក់គ្រប់បែបយ៉ាង ជាពិសេសបុគ្គលិកបម្រើការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធ ផ្នែកសេវាកម្សាន្តទេសចរណ៍ មនុស្សពេញវ័យ ។
ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវកិត្តិសង្គហបណ្ឌិត បានថ្លែងថា រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការខាងផ្នែករដ្ឋបាលសង្គម និងសេដ្ឋកិច្ច ជាបន្តបន្ទាប់ ដោយបានផ្តល់នូវអត្ថប្រយោជន៍ដោយផ្ទាល់ដល់ស្ត្រី និងក្រុមជនងាយរងគ្រោះ កម្មករ កម្មការិនី រួមទាំងក្មួយៗ បងប្អូនជនក្រីក្រ តាមរយៈ ការដាក់ចេញនូវគោល នយោបាយជាតិគាំពារសង្គម ដែលរួមមាន៖
ការដាក់ចេញនូវវិធានការអន្តរាគមន៍ជំនួយសង្គម ការបង្កើន មូលធនថវិកាសាច់ប្រាក់ពលកម្ម ដើម្បីជួយកម្មករ និយោជិតដែលបានព្យួរការងារ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងកំឡុងពេលកូវីដ ១៩ ការផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់បុគ្គលិក ក្នុងវិស័យកាត់ដេរ និងទេសចរណ៍ កម្មវិធីហិរញ្ញប្បទានពិសេសជួយស្ដារលទ្ធភាព និងការលើកកម្ពស់អាជីវកម្ម សហគ្រាសធុនតូច និងមធ្យម ជាដើម ។
ដោយឡែកការជួបសំណេះសំណាលនៅក្នុងថ្ងៃនេះ ក៏បានបង្ហាញអំពីការយកចិត្តទុក្ខដាក់បន្ថែមទៀតពីសំណាក់រាជរដ្ឋាភិបាល ចំពោះបុគ្គលិកដែលបម្រើការក្នុងសេវាកម្សាន្តទេសចរណ៍ មនុស្សពេញវ័យ នាពេលនេះ។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានឱ្យដឹងថា អ្នកដែលមកចូលរួមក្នុងពិធីសំណេះសំណាលនាថ្ងៃនេះ សរុបចំនួន ៥០៩នាក់ មកពីក្រុងកំពង់ចាម ១៧៧នាក់ ស្រុកកំពង់សៀម ១៣៥នាក់ ស្រុកព្រៃឈរ ៧៥នាក់ ស្រុកជើងព្រៃ ៧៧នាក់ ស្រុកបាធាយ ០២នាក់ ស្រុកកងមាស ០៣នាក់
ស្រុកស្រីសន្ធរ ០៧នាក់ ស្រុកស្ទឹងត្រង់ ១៥នាក់ និងស្រុកចំការលើចំនួន ១៨នាក់។ ចំពោះការរីកចំរើន នៃសេវាកម្សាន្តទេសចរណ៍មនុស្សពេញវ័យ គឺចាប់តាំងពីការបើកប្រទេសឡើងវិញហើយមានការអនុញ្ញតពីរាជរដ្ឋាភិបាល ឱ្យមណ្ឌលកម្សាន្តទេសចរណ៍បើកដំណើការឡើងវិញនៅក្រោយថ្ងៃទី៣១ ខែវិច្ឆិកា ឆ្នាំ២០២១ បានចំនួន ៧៧កន្លែង មានដូចជា ខារ៉ាអូខចំនួន ៤៦កន្លែង រង្គសាល-ឌីស្កូតែក ០៥កន្លែង បៀហ្គាឌិន ០២កន្លែង និងម៉ាស្សា-ស្ប៉ាសុខភាព ចំនួន២៤កន្លែង។
ក្នុងពិធីនេះដែរ លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បាននាំយកថវិការបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈ ឯកឧត្តម អ៊ុន ចាន់ដា និងលោកជំទាវ ជូនដល់បុគ្គលិកដែលបានចូលរួមចំនួន ៥០៩នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកា ៨ម៉ឺនរៀលផងដែរ ៕







































