ខេត្តកំពង់ធំ.នៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានរៀបចំប្រារព្ធពិធីអបអរសាទរខួបលើកទី១១២ ទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ ស្ត្រីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល ។
ដែលពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងលោកជំទាវ នួន វិធាវី ។
លោកស្រីវរសេនីយ៍ត្រី អ៊ុត លក្ខិណា អនុប្រធានក្រុមការងារយេនឌ័រ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងអានជីវប្រវត្តិ នៃការកើតឡើងទិវានារីអន្តរជាតិ ៨មីនា ដោយបានបញ្ជាក់ថានៅថ្ងៃទី៨ ខែមីនា ឆ្នាំ១៨៩៩ កម្មការិនីផ្នែកតម្បាញកាត់ដេរនៅទីក្រុងស៊ីកាកូនិង ញូវយ៉ក សហរដ្ឋអាមេរិក បានសាមគ្គីឯកភាពគ្នាក្រោកឈរឡើងតស៊ូយ៉ាងប្ដូរផ្ដាច់ ដើម្បីទាមទារបន្ថយម៉ោងធ្វើការនិងដំឡើងប្រាក់បៀវត្ស និងទាមទារសិទ្ធិសេរីភាពសម្រាប់នារី។
លោកស្រីវរសេនីយ៍ទោ យូ មុន្នីរ័ត្ន នាយសេនាធិការរង និងជាប្រធានក្រុមការងារយ៉េនឌ័រ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងអានទាំងស្រុងនូវព្រះរាជសាររបស់សម្ដេចព្រះមហាក្សត្រីនរោត្តមមុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសអបអរសាទរខួបលើកទី១១២ទិវានារីអន្តរជាតិ ៨មីនាឆ្នាំ២០២៣ ។
បន្ទាប់ពីជូនបាច់ផ្កា និងវត្ថុអនុស្សាវរីយ៍ ជូនដល់ភរិយា និងយោធិននារីនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ រួចមក ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរចំពោះក្រុមការងារយេនឌ័រ និងយោធិននារីនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ រួមជាមួយនឹងភរិយា នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ដែលបានរួមចំណែកក្នុងការងារជួយដល់សង្គមជាតិ ជួយដោះស្រាយរាល់ទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាក្រុមគ្រួសារយោធិន ដែលមានជីវភាពលំបាកខ្វះខាតបានយ៉ាងល្អប្រសើរ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការអបអរសាទរចំពោះទិវានារីអន្តរជាតិ ៨មីនា ខួបលើកទី១១២ ឆ្នាំ២០២៣ នេះ ក្រោមប្រធានបទស្ត្រីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល នឹងបានអំពាវនាវដល់បុរសគ្រប់រូប ត្រូវចូលរួមគោរពសិទ្ធិនារីនៅគ្រប់ពេលវេលា និងត្រូវលើកដំកើនតម្លៃដល់នារីគ្រប់រូបៗ ក្នុងសមភាពយេនឌ័រ ។
នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោសោម ស៊ុនបានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាមគ្គទេសក៍ឯកក្នុងការដឹកនាំអនុវត្តនូវនយោបាយឈ្នះ ឈ្នះ ធ្វើឲ្យប្រទេសជាតិយើងមានសុខសន្តិភាព និងមានការឯកភាពជាតិពេញលេញ ហើយបច្ចុប្បន្ននេះព្រះរាជាណាចក្រកម្ពុជា កំពុងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យផងដែរ ៕










































